រាជធានីភ្នំពេញ៖ ឈើប្រណីត រួមមាន ប្រភេទឈើធ្នង់ និងបេង ជាច្រើនកំណាត់ ដែលឈ្មួញលួចលាក់ ដឹកយកមកធ្វើការកែច្នៃ នៅទីតាំងអត់ច្បាប់អនុញ្ញាត ០១កន្លែង ស្ថិតនៅក្នុងទឹកដីខណ្ឌសែនសុខ ត្រូវបានកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើភ្នំពេញ ចុះបង្ក្រាប ហើយដឹកជញ្ជូនយកទៅរក្សាទុកនៅនៅទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើ កណ្តាល ដើម្បីដោះស្រាយសំណុំរឿងតាមច្បាប់ព្រៃឈើ ។
ហេតុការណ៌ចុះបង្ក្រាបឈើប្រណីតខុសច្បាប់នេះ ធ្វើឡើងកាលពីវេលាម៉ោង ១២និង២០នាទី ខែកុម្ភះ ឆ្នាំ២០១៥ នៅចំណុចដីឡូត៍គ្មានលេខ ក្រុមទី៧ តាមបណ្តោយផ្លូវលេខ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលម្ចាស់ទីតាំងឈ្មោះ ផាត់ បុត្រ ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិក្បាលដំរី ឃុំគោក ព្រិច ស្រុកគីរីវង្ស ខេត្តតាកែវ ។
ប្រតិបត្តិការចុះបង្ក្រាបទីតាំងកែច្នៃឈើប្រណីត អត់ច្បាប់អនុញ្ញាតិនេះ ធ្វើឡើងដោយមានការចូលរួមពីមន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋាន ផ្នែករដ្ឋបាលព្រៃឈើកណ្តាល និងសង្កាត់រដ្ឋបាលព្រៃឈើភ្នំពេញ ដឹកនាំផ្ទាល់ដោយលោក អ៊ុន វណ្ណារិទ្ធ នាយរងសង្កាត់រដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន សម្របសម្រួលដោយលោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
លោក អ៊ុន វណ្ណារិទ្ធ ប្រាប់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំង លួចលាក់កែច្នៃឈើប្រណីតអត់ច្បាប់អនុញ្ញាតនេះ ជាលទ្ធិផលដកហូតបានឈើប្រណីតចំនួន ០២ប្រភេទ គឺប្រភេទឈើធ្នង់ និងឈើបេង សរុបទាំងអស់ចំនួន ១៣៤កំណាត់ ស្មើរនិង ៦,២១៧ម៉ែត្រគូប និងវត្ថុតាងមួយចំនួនទៀត ។
លោក អ៊ុន វណ្ណារិទ្ធ ប្រាប់បញ្ជាក់ឲ្យដឹងថា ឈើប្រណីតខុសច្បាប់ទាំង ០២ប្រភេទ ត្រូវបានដឹកជញ្ជូនយកទៅថែរក្សាទុក នៅទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើ កណ្តាល ដែលមានទីតាំងស្ថិតនៅតាមបណ្តោយជាតិលេខ៥ ភូមិឡកំបោរ សង្កាត់ស្វាយ ខណ្ឌប្ញស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីភ្នំពេញ ដោះស្រាយទៅតាមច្បាប់ព្រៃឈើ ៕