មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា មុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដែលត្រូវបានឃាត់ខ្លួននោះ មានឈ្មោះ ឆិល ផានិត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករសំណង់ និងម្នាក់ទៀតឈ្មោះ លី គឹមសួគ៌ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កសិករ ។ ជនសង្ស័យទាំង២នាក់ មានទីលំនៅក្នុងភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលស្រុកកណ្តាលស្ទឹង បានចេញល្បាតនៅក្នុងមូលដ្ឋាន ខណៈល្បាតដល់ចំណុចខាងលើ ក៏បានប្រទះឃើញបុរស២នាក់ ជិះម៉ូតូម៉ាកហុងដាSL កាត់តាមបណ្តោយផ្លូវជាតិលេខ២ ដោយមានការសង្ស័យ កម្លាំងនគរបាលល្បាត បានស្ទាក់ម៉ូតូម៉ាកហុងដាSL ឲ្យឈប់សុំធ្វើការឆែកឆេរ រកឃើញមានថ្នាំញៀនមេតំហ្វេតាមីន ចំនួន១កញ្ចប់ ដែលជនសង្ស័យទាំង២នាក់ លាក់ទុកជាប់ខ្លួន ដើម្បីយកទៅប្រើប្រាស់ ។
ក្រោយពីរកឃើញមានវត្ថុតាងជាក់ស្តែង រួចមកសមត្ថកិច្ចនគរបាល បានធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន១កញ្ចប់តូច ម៉ូតូ១គ្រឿង ម៉ាកហុងដាSL ពណ៌សលាយខៀវ លេខតួ១១០១៤៧៥ លេខម៉ាស៊ីន១១០១៤៦ ពាក់ផ្លាកលេខ កោះកុង 2A-0386, ទូរស័ព្ទដៃចំនួន ៤គ្រឿង និងកាបូបដាក់លុយចំនួន២, លុយខ្មែរ២២,៧០០រៀល និងលុយដុល្លារចំនួន៤ដុល្លារ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ស្រុកកណ្តាលស្ទឹង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមច្បាប់ ៕