ខេត្តសៀមរាបៈ សមត្ថកិច្ចចម្រុះខេត្តសៀមរាប
កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥
បានបើកប្រតិបត្តិការចុះរុះរើសំណង់អាណាធិបតេយ្យខុសច្បាប់មួយចំនួន
ក្នុងតំបន់អង្គរឃ្យុងយូ ស្ថិតក្នុងសង្កាត់នគរធំ និងសង្កាត់អំពិល
ក្រុងសៀមរាប។ មកទល់ល្ងាចថ្ងៃដដែល
សមត្ថកិច្ចចម្រុះបានរុះរើលំនៅដ្ឋានខុសច្បាប់បានសរុបចំនួន២៤ផ្ទះ។លោកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា
មានប្រសាសន៍ដោយចាត់ទុកលំនៅដ្ឋានចំនួន២៤ខ្នងផ្ទះខាងលើថា
បានសាងសង់ដោយខុសច្បាប់លើតំបន់របស់អាជ្ញាធរអប្សារា។
យ៉ាងណាក៏ដោយលោកស្រីបានអះអាងថា អាជ្ញាធរ
នឹងជួយសម្របសម្រួលផ្នែកខ្លះដល់ប្រជាពលរដ្ឋដែលត្រូវរុះរើលំនៅដ្ឋាន
។
លោក ខូយ គឹមទួរ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា
និងជាប្រធានក្រុមការងារគណៈកម្មការអន្តរក្រសួងដោះស្រាយគោលនយបាយ
ដីធ្លី បានមានប្រសាសន៍ថា
អាជ្ញាធរបានសម្របសម្រួលជាមួយប្រជាពលរដ្ឋជាច្រើនលើករួចមកហើយ
ក៏ប៉ុន្តែពុំទទួលបានលទ្ឋនោះទេ។ ជាមួយគ្នានេះ លោកបានថ្លែងថា
ចំណាត់ការរបស់អាជ្ញាធរបានធ្វើឡើងដោយគោរពសិទ្ធិពលរដ្ឋ
គឺមិនឲ្យមានការប៉ះពាល់ដល់ពលរដ្ឋនោះទេ ព្រោះអាជ្ញាធររុះរើ
តែសំណង់ខុសច្បាប់ប៉ុណ្ណោះ។
ពាក់ព័ន្ឋនិងករណីនេះ លោក ខូយ គឹមទួរ បានឲ្យដឹងដែរថា
អាជ្ញាធរនឹងប្រគល់សម្ភារៈសំណង់ ដែលរុះរើបានឲ្យទៅប្រជាពលរដ្ឋវិញ
ប្រសិនបើពួកគាត់ចង់បាន ក៏ប៉ុន្តែលោកថា
ប្រជាពលរដ្ឋពុំត្រូវសាសង់លើដីចាស់ដែលបានហាមឃាត់នោះទេ។
គួរជម្រាបជូនថា
ក្នុងប្រតិបត្តិការរបស់សមត្ថកិច្ចចម្រុះបានធ្វើឡើងដោយពុំមាន
ការប៉ះទង្គិចធ្ងន់ធ្ងរនោះទេ ក៏ប៉ុន្តែមានប្រជាពលរដ្ឋខ្លះ
បានស្រែកទាមទារឲ្យអាជ្ញាធរទទួលខុសត្រូវក្នុងការផ្ដល់សំណងដល់
ពួកគាត់ ដោយអះអាងថា ពួកគាត់បានទិញដីតពីគេ
និងមានការទទួលស្គាល់ពីអាជ្ញាធរ ហើយក៏មានប្រជាពលរដ្ឋមួយចំនួនទៀត
បានយល់ព្រមរុះរើដោយខ្លួនឯងផងដែរ៕