រាជធានីភ្នំពេញៈ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសចាត់វិធានការទៅលើក្រុមមន្ត្រីកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល ដែលមានឋានៈ និងតួនាទីស្មើនឹងប្រធាននាយកដ្ឋានឡើងទៅ ក្នុងករណីមិនគោរពតាមលក្ខខណ្ឌឲ្យបានត្រឹមត្រូវ ក្នុងការចូលខ្លួនមកប្រកាសទ្រព្យសម្បត្តិនោះ។ ការប្រកាសចាត់វិធានការនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានរកឃើញនូវករណីមិនប្រក្រតីមួយចំនួន ដែលកំពុងកើតឡើងទៅលើក្រុមមន្ត្រី ដែលនៅសេសសល់ប្រមាណពី២ ទៅ៣%ទៀត ដែលមិនទាន់បានគោរពទៅតាមលក្ខខណ្ឌឲ្យបានត្រឹមត្រូវ ក្នុងការប្រកាសទ្រព្យសម្បត្តិរបស់ខ្លួន ដែលកំណត់ឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងប្រាប់សារព័ត៌មាននគរបាលជាតិ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ថា ចំពោះដំណើរការប្រកាសទ្រព្យសម្បត្តិ គឺត្រូវបានបញ្ចប់កាលពីខែមករា ឆ្នាំ២០១៥នេះ ហើយមន្ត្រីដែលនៅសេសសល់មានត្រឹមតែ២ ទៅ៣%ប៉ុណ្ណោះ ហើយ ACU កំពុងតែធ្វើការត្រួតពិនិត្យទៅលើករណីនេះ។ ឯកឧត្តមបានបន្តថា ភាពមិនប្រក្រតីមួយចំនួន ដែលកំពុងកើតមានទៅលើក្រុមមន្ត្រីប្រមាណ២ ទៅ៣% គឺមានដូចជាអ្នកខ្លះមានឈ្មោះជាន់គ្នា អ្នកខ្លះទៀតត្រូវស្លាប់ អ្នកខ្លះទៀត ត្រូវបានតែងតាំងថ្មី និងអ្នកមួយចំនួននៅមិនទាន់រៀបចំបែបបទឯកសារឲ្យបានត្រឹមត្រូវ តាមការកំណត់របស់អង្គភាពប្រឆាំងអំពើពុករលួយនៅឡើយទេ។ ឯកឧត្តម បានបញ្ជាក់ថា «យើងកំពុងតែធ្វើការផ្ទៀងផ្ទាត់ទៅលើឈ្មោះជាន់គ្នា និងកែសម្រួលឈ្មោះអ្នកស្លាប់ និងធ្វើការណែនាំទៅកាន់អ្នកដែលមានករណីមិនប្រក្រតីផ្សេងទៀត»។
ឆ្លើយតបទៅនឹងករណីក្រុមមន្ត្រីដែលនៅសេសសល់ប្រមាណពីរ២ទៅ៣%នេះ ឯកឧត្តម ឱម យ៉ិនទៀង បានបញ្ជាក់ថា គិតមកដល់ពេលនេះ មន្ត្រីដែលបានចូលខ្លួនមកប្រកាសព្រទ្យសម្បត្តិ មានប្រមាណជិត៣ម៉ឺននាក់ ដែលចំនួននេះ នៅមិនទាន់រាប់បញ្ជូលទាំងអ្នកដែលទើបតែងតាំងថ្មីនៅឡើយទេ។ រីឯមន្ត្រីដែលនៅសេសសល់ប្រមាណ២ ទៅ៣%នេះ មានចំនួនពី៧០ ទៅ៨០នាក់។ ឯកឧត្តម បានសង្កត់ធ្ងន់ថា «ច្បាប់បានចែង រួចហើយថា អ្នកដែលប្រកាសទ្រព្យសម្បត្តិដែលមិនត្រឹមត្រូវមានពីរករណី គឺករណីទី១ នៅពេលគាត់ត្រូវប្រកាសទ្រព្យសម្បត្តិហើយ ប៉ុន្តែគាត់មិនចូលខ្លួនមកប្រកាសក៏ហៅថាភាពមិនត្រឹមត្រូវដែរ។ ករណីទី២ បើគាត់សរសេរខុសត្រង់ចំណុចណាមួយ ក៏ចាត់ទុកថា មិនត្រឹមត្រូវដែរ»។
សូមបញ្ជាក់ថា កន្លងមកនេះ មានករណីអនុរដ្ឋលេខាធិការម្នាក់ បានចូលខ្លួនមកប្រកាសទ្រព្យសម្បត្តិ ខណៈដែលACU ហែកមើលសំបុត្រប្រកាសទ្រព្យសម្បត្តិរបស់គាត់ឃើញថា គ្មានភាពត្រឹមត្រូវតាមលក្ខខណ្ឌរបស់ACUឡើយ ដូច្នេះគាត់ត្រូវមានទោសថែមមួយទៀត ទៅលើទោសរបស់គាត់ ព្រោះច្បាប់បានសរសេរថា ការប្រកាសទ្រព្យសម្បត្តិមិនត្រឹមត្រូវ គឺត្រូវតែផ្តន្ទាទោសចាប់ពី១ខែឡើង ហើយបង្ខំឲ្យគាត់ប្រកាសជាលើកទី២ទៀត ហើយបើគាត់មិនព្រមចូលខ្លួន គឺត្រូវមានទោសទ្វេដង។
គួររំឭកថា កាលពីឆ្នាំ២០១១ កន្លងមកនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសទ្រព្យសម្បតិ្តនៅអង្គភាពប្រឆាំងអំពើពុករលួយជាលើកទី១ ក្នុងប្រវត្តិសាស្ត្រ ដើម្បីដឹកនាំផ្លូវក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងប្រទេស កម្ពុជា៕