Tuesday, February 24, 2015

អាជីវករពីរគ្រួសារ នៅតែបន្តយកចិញ្ចើមផ្លូវលក់ដូរ ទោះបីអាជ្ញាធរណែនាំក៏ដោយ

ខេត្តកំពង់ឆ្នាំងៈ ប្រសិនបើ​គេ​ធ្វើដំណើរ​មកដល់​ចំណុច​មុខ​ការិយាល័យ​បច្ចេកទេស នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង គេ​នឹង​ឃើញ​ផ្ទះ​ចំនួន​៣​ល្វែង​ដែល​ដាក់តាំង​លក់​អិ​វ៉ាន់​លៀន​លយ​មកលើ​ ចិញ្ចើមផ្លូវ ដែល​មួយ​ល្វែង​ជា​ផ្ទះ​របស់​ឈ្មោះ ស៊ឹម គឹម​សាន្ត និង​២​ល្វែង​ទៀត ជា​របស់​ឈ្មោះ រិ​ទ្ធ ម៉េង ទោះបី​កន្លងមក​អាជ្ញាធរ​ក្រុង និង​សមត្ថកិច្ច​ជំនាញ​រៀបចំ​សណ្តាប់ធ្នាប់ បាន​ចុះមក​ពន្យល់​ណែនាំ​ជាច្រើនលើក​ច្រើនសារ​ពី​ផលប៉ះពាល់​អនាម័យ សោភ័ណភាព សណ្តាប់ធ្នាប់​ក៏ដោយ ក៏​ពួកគេ​នៅតែ​លក់បាន​យ៉ាង​រំភើយ គ្មាន​អើពើ និង​ខ្លាច​ច្បាប់ទម្លាប់​បន្តិច​ណា​ឡើយ​។ ផ្ទះ​ទាំង​៣​ល្វែង​ខាងលើនេះ ស្ថិតនៅ​ចំណុច​ទល់មុខ​ការិយាល័យ​បច្ចេកទេស នៃ​មន្ទីរ​សុខាភិបាល និង​មណ្ឌល​សុខភាព​ក្រុង ស្ថិតក្នុង​ភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​ខេត្តកំពង់ឆ្នាំង​។

លោក ហៃ មនោ​រម្យ អភិបាលក្រុង​កំពង់ឆ្នាំង បាន​ថ្លែង​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៣​ខែ គឺ​គិត​ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៤ រហូតមកដល់​ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ គណៈកម្មការ​ខេត្ត និង​ក្រុមការងារ​រៀបចំ​សណ្តាប់ធ្នាប់ អនាម័យ សោភ័ណភាព​ក្រុង បាន​ជំរុញ​សកម្មភាព​ការងារ​របស់ខ្លួន​តាម​តួនាទី​ភារកិច្ច​ដែល​គណៈ​ អភិបាលខេត្ត​ប្រគល់​ឲ្យ​នូវ​ការគ្រប់គ្រង​សំណល់​រឹង​រាវ​សេវាកម្ម​ផ្នែក​ ទេសចរណ៍ និង​ការងារ​អភិវឌ្ឍន៍​ក្រុង​ជាដើម ហើយ​យើង​ទទួលបាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​៣​ខែ​នេះ​។
លោក​បាន​បន្តថា នៅក្នុង​ការ​ខំប្រឹងប្រែង​របស់​ក្រុមការងារ និង​គណៈកម្មការ​ខេត្ត ក៏​នៅតែមាន​បញ្ហា​ប្រឈម​ជាច្រើន​ទៀត នៅក្នុង​ការរៀបចំ​អនាម័យ សោភ័ណភាព និង​សណ្តាប់ធ្នាប់ ព្រោះ​ប្រជាពលរដ្ឋ​មួយចំនួន​នៅតែ​មិន​ព្រម​ចូលរួម​ក្នុងការ​អនុវត្តតាម​ ផែនការ​របស់​អាជ្ញាធរ​ខេត្ត ដោយ​ពួកគាត់​បាន​សង់​សំ​យ៉ាប​មុខផ្ទះ​លៀន​លយ​មក​គ្រប​លើ​ចិញ្ចើម​ផ្លូវខុស​ បច្ចេកទេស ការតាំង​លក់ទំនិញ​លើ​ចិញ្ចើមផ្លូវ​សាធារណៈ ការ​ទុកចោល​នូវ​សំរាម​គ្មាន​សណ្តាប់ធ្នាប់​ជាដើម​។ ទោះបី​មាន​ភាព​ប្រឈម​យ៉ាងណាក៏ដោយ ក្រុមការងារ​នៅតែ​បន្ត​ពន្យល់​ណែនាំ ក្នុងករណី​គាត់​មិន​ព្រម​ធ្វើតាម​ផែនការ​ណែនាំ គឺ​ត្រូវតែ​អនុវត្ត​ទៅតាម​នីតិវិធី​រដ្ឋបាល​។
ក្រុមគ្រូពេទ្យ​នៅក្នុង​មណ្ឌល​សុខភាព​ក្រុង​កំពង់ឆ្នាំង ដែលមាន​ទីតាំង​ទល់មុខ​ផ្ទះ​ទាំង​៣​ល្វែង​នោះ បាន​និយាយថា ការយក​ចិញ្ចើមផ្លូវ​សាធារណៈ​មក​ដាក់តាំង​លក់ដូរ​ទំនិញ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះ គឺ​ខុស​នឹង​ច្បាប់​ទៅហើយ តែ​បញ្ហា​ដែល​គួរ​ឲ្យ​បារម្ភ​ថែមទៀត​នោះ គឺ​ការឈប់​សំចត​នៃ​រថយន្ត​ធំៗ ដើម្បី​ទិញ​អីវ៉ាន់ ដែល​កន្លងមក​មាន​កើត​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទីនោះ​ពេលយប់​ជា​ញឹកញាប់ ម្យ៉ាងវិញទៀត ពេល​អ្នកបើក​បររថ​យន្ត​ធំៗ​មក​ឈប់​នៅ​ទីនោះ ពួកគេ​តែងតែ​មក​នោម​ដាក់​របង​មណ្ឌល​សុខភាព​ក្រុង ដែល​នាំ​ឲ្យ​មាន​ក្លិន​អាក្រក់​ចូលមកក្នុង​មណ្ឌល​សុខភាព​ក្រុង ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខមាលភាពរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកជំងឺ​ដែល​ចូលមក​សម្រាក​ព្យាបាល​នៅ​ទីនោះ​ផងដែរ​៕