Tuesday, February 24, 2015

សមត្ថកិច្ចខេត្តស្ទឹងត្រែង បង្ក្រាបគ្រឿងញៀនជិត២គីឡូក្រាម


ខេត្តស្ទឹងត្រែងៈ ជនជាតិ​ឡាវ​ម្នាក់ ក្នុងចំណោម​៥​នាក់ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្តស្ទឹងត្រែង ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ​រហូត​មានការ​ ផ្ទុះអាវុធ​ដាក់គ្នា​។ ប្រតិបត្តិការ​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៥ ជាប់​ព្រំប្រទល់​ខេត្តព្រះវិហារ ក្នុងភូមិ​សាស្ត្រ​ចំណុច​ក្បាលដំរី ស្រុក​ជាំ​ក្សាន្ត​។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​មានឈ្មោះ ថៃ ស៊ី សាំង​វ៉ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជនជាតិ​ឡាវ មាន​មុខរបរ​ធ្វើស្រែ រស់នៅ​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ ជននេះ​ជា​អ្នក​កាន់​គ្រឿងញៀន​។ ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ដកហូត​គ្រឿងញៀន​បាន​ចំនួន​២​កញ្ចប់​ធំ ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម្សៅ​ពណ៌​ស​(ICE) ហៅថា ទឹកកក មាន​ទម្ងន់​សរុប​១.៦៧៨,២​ក្រាម​។ ក្នុង​កញ្ចប់​ទី​១.​មាន​ទម្ងន់​៨៧៦,៩​ក្រាម​។ កញ្ចប់​ទី​២.​មាន​ទម្ងន់​៨០១,៣​ក្រាម​។
ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​របស់​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​បង្ក​ឲ្យ​មានការ​ផ្ទុះអាវុធ​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​ដែលមាន​គ្នា​ យ៉ាងតិច​ចំនួន​៥​នាក់ ក៏ប៉ុន្តែ​ពុំ​បណ្ដាល​ឲ្យ​មាន​អ្នក​បាត់​អាយុជីវិត​នោះទេ ហើយ​ក្រុម​ឧក្រិដ្ឋជន​បាន​គេចខ្លួនបាត់​។
យ៉ាងណាក៏ដោយ សមត្ថកិច្ច​កំពុង​សាកសួ​ជនសង្ស័យ​ម្នាក់ ដែល​បាន​ខ្លួន​ឃាត់ ដើម្បី​ឈានដល់​ការស្រាវជ្រាវ​រក​មេក្លោង​ជួញដូ​គ្រឿងញៀន​ចាត់ការ​តាម​ នីតិវិធី​ផងដែរ​៕​