Monday, February 23, 2015

សេចក្តីព្រាងច្បាប់​ ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន ចាប់ផ្តើម​ពិភាក្សា​ទៅលើ​មាត្រា​នៃ​ច្បាប់​

​ភ្នំពេញៈ សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​បានចេញ​ជា​រូបរាង តាម​ការកំណត់​ឲ្យ​មាន​៨​ជំពូក និង​២១​មាត្រា ដែល​បានកើត​ចេញពី​ការឯកភាព​គ្នា រវាង​ក្រុម​អ្នកបច្ចេកទេស​ជំនាញ​មកពី​ស្ថាប​ន័​ពាក់ព័ន្ធ ដែលជា​អ្នករៀបចំ​តាក់តែង​បង្កើត​ឲ្យ​មាន​សេចក្តីព្រាងច្បាប់​នេះ​ឡើង​។
​ក្រុមការងារ​បច្ចេកទេស កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ បានចាប់ផ្តើម​បើក​កិច្ចពិភាក្សា​ត្រួតពិនិត្យ​ជា​លើក​ទី​២ លើ​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​នេះ ក្នុងការ​កែសម្រួល​ឲ្យ​ប្រសើរឡើង​នៃ​មាត្រា​ក្នុង​ច្បាប់​នេះ ដើម្បី​ឲ្យ​ត្រូវ​តាម​ស្តង់ដារ​ការពារ​ផលប្រយោជន៍ នៃ​ការទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ពី​គ្រប់​មជ្ឈដ្ឋាន​ទូទៅ​។​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ធ្វើឡើង​ក្នុង​គោលបំណង គឺ​ដើម្បី​ចង់​ឲ្យ​ប្រទេស​កម្ពុជា មានច្បាប់​មួយ​កាន់​តែមាន​អភិបាលកិច្ច​ល្អ និង​មាន​តម្លាភាព និង​សម្រាប់​លម្អិត​ទៅលើ​តួនាទី​របស់​មន្ត្រី​ព័ត៌មាន​ឲ្យ​កាន់តែខ្លាំង​ឡើង ​ថែមទៀត ក្នុងការ​ទទួលបាន​ព័ត៌មាន​ពី​គ្រប់​ស្ថាប័ន​លើ​ហេតុផល​សមរម្យ​។
​នៅក្នុង​កិច្ចពិភាក្សា​នៃ​សេចក្តីព្រាងច្បាប់ ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន ឯកឧត្តម ខៀវ កញា​រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍ថា ក្រសួង​ព័ត៌មាន​បានចាប់ផ្តើម​ប្រជុំ​ក្រុមការងារ​បច្ចេកទេស​លើក​ទី​១ ពិនិត្យ និង​ពិភាក្សា​ខ្លឹមសារ​លើ​មាត្រា​ច្បាប់​នីមួយៗ​ទាំង​៨​ជំពូក ដើម្បី​រៀបចំតាក់តែង​សេចក្តីព្រាង​ច្បាប់​នេះ​ឲ្យ​ចេញ​ជា​រូបរាង​នៅពេល​ឆាប់ ​ខាងមុខនេះ​។ ឯកឧត្តម បាន​បន្តថា «​ដើម្បី​រៀបចំ​ច្បាប់​នេះ​ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ក្រុមការងារ​ត្រូវ​ទាមទារ​បើក​កិច្ចប្រជុំ​ពិភាក្សា​ជា​រៀងរាល់​ពីរ​ខែម្តង ដើម្បី​ឆ្លង​ដំណាក់កាល​នីមួយៗ​ក្នុង​កិច្ចពិភាក្សា​ឲ្យ​មាន​ស៊ីជម្រៅ មុននឹង​បញ្ជូនទៅ​គណរដ្ឋមន្ត្រី រួច​បញ្ជូន​នឹង​សភា​»​។ ឯកឧត្តម បាន​បញ្ជាក់ថា ក្រុមការងារ​បច្ចេកទេស​ដែលមាន​គ្រប់​ស្ថាប​ន័ អង្គការ​សង្គម​ស៊ីវិល តំណាង​អង្គការ​យូ​នី​ស្កូ សុទ្ធតែ​មានបំណង​ចង់​ឲ្យ​ច្បាប់​នេះ​បានចេញ​រហ័ស ហើយ​មាន​អត្ថន័យ​គ្រប់គ្រាន់​។
​ការរៀបចំ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ទទួលបាន​ព័ត៌មាន គឺ​បាន​យក​គំរូរ​ច្បាប់​នៃ​ប្រទេស​ជាង​១០០​ប្រទេស ដូចជា​អាមេរិក ស៊ុយអែត បារាំង ជប៉ុន​រួមផ្សំ​នឹង​ការ​ប្រមូលយក​ច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​រាប់រយ​នេះ​មក​ដា​ក់ប​ញ្ជូ​ល​គ្នា ដោយ​ក្រុម​អ្នក​គណៈកម្មការ​រៀបចំ​តាក់តែង​ច្បាប់​នេះ កំពុង​ចាប់ផ្តើម​នាំគ្នា​ពិចារណា​ទៅលើ​ឯកសារ​ដែលមាន​គ្រប់គ្រាន់​ហើយ​នោះ​។
​សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​បង្កើតឡើង និង​មានការ​លើកទឹកចិត្ត​ពីស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា ដោយ​សម្តេច​បានធ្វើការ​ជំរុញ​ទៅលើ​ការងារ​នេះ​ឲ្យ​ក្រសួង​យកចិត្តទុកដាក់​ ទៅលើ​ច្បាប់​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នេះ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ប្រទេស​កម្ពុជា​មានច្បាប់​មួយ​អាចឆ្លើយតប​ការពិត​បាន ​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​សារព័ត៌មាន ដែលមាន​ការចង់​ដឹង​នូវ​សកម្មភាព​អ្វីមួយ​។
​សូម​រំឭកថា ការរៀបចំ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់ ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន ក្រសួង​ត្រូវ​ចំណាយ​អស់​រយៈពេល​៣​ឆ្នាំ ប៉ុន្តែ​ឥឡូវ​ការអនុវត្ត​បានចាប់ផ្តើម​អស់​រយៈពេល​១​ឆ្នាំ​ហើយ ដែល​នេះ​សបញ្ជាក់​អំពី​ការធ្វើ​ដំណើរការ​លឿន​ក្នុងការ​រៀបចំ​ច្បាប់​នេះ​៕