Thursday, February 12, 2015

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង ជម្រុញឱ្យយកចិត្តទុកដាក់លើបញ្ហាអគ្គីភ័យ ខណ:តំបន់ខ្លះមានការប្រឈម


ភ្នំពេញ ៖ នៅក្នុងរយ:ពេលដ៏ខ្លីខាងមុខនេះ ពិធីបុណ្យចូលឆ្នាំចិន និងឈានចូលមកដល់ ជាមួយគ្នានោះ ឧបនាយករដ្ឋ មន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃឯកឧត្តម ស ខេង ក៏បានលើកឡើងពីបញ្ហាសណ្តាប់ធ្នាប់ជាប្រធានបទផងដែរ ។
បញ្ហាអគ្គីភ័យត្រូវបាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង លើកឡើងថា មកពីកត្តាជាច្រើនដែលជាដើមចម ជាពិសេសបញ្ហាសណ្តាប់ ធ្នាប់និងបញ្ហាសំណង់ ។ ទន្ទឹមនិងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បានទាមទារឱ្យមន្រ្តីជំនាញនិងអាជា្ញធរគិតគូរឡើងវិញ ក្នុងការអនុវត្តឱ្យ មានការសាងសង់សំណង់មកលើចំណីផ្លូវសាធារណ: ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សំណង់ខ្លះ មិនមានច្បាប់អនុញាតិ សំណង់ខ្លះទៀតសង់មកលើចំណីផ្លូវសាធារណៈ ។ បញ្ហានេះហើយទើបលោករដ្ឋមន្រ្តី ជម្រុញ ឱ្យមន្រ្តីមានវិធានការចំពោះសំណង់អត់ ច្បាប់ឬបញ្ហាសណ្តាប់ធ្នាប់អត់មានរបៀបរៀបរយ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្តីបន្ទោស ឱ្យសាលារាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធ រឿងអនុញ្ញាត ឱ្យមានការសាងសង់លំនៅដ្ឋាន លើចិញ្ចើមផ្លូវ ធ្វើឱ្យដងផ្លូវរាជធានីភ្នំពេញ កាន់តែមានការកកស្ទះចរាចរណ៍ខ្លាំងឡើង នៅសព្វថ្ងៃនេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា «វាជាកំហុសមួយធំណាស់ចំពោះ រឿងហ្នឹង នៃអ្នកសម្រេចឱ្យសាងសង់លើចិញ្ចើមផ្លូវ..ចិញ្ចើមផ្លូវរបស់យើងតូចស្រាប់ រួចនាំគ្នាទៅសាងសង់លើចិញ្ចើមផ្លូវទៀត បានន័យថា បិទផ្លូវគេដើរ អាហ្នឹងជាកំហុស» ។
ការលើកឡើងដោយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃប្រមា ជាង១ម៉ោងបែបនេះគ្រាដែល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៤និងទិសដៅអនុវត្តការងារឆ្នាំ២០១៥ របស់រដ្ឋបាលរាជធានីភ្នំពេញព្រឹកថ្ងៃ១២កុម្ភះ ២០១៥ ដែលមានការចូលរួមពីអភិបាលរាជធានីភ្នំពេញ ឯកឧត្តម បា៉ សុជាតិវង្ស ប្រធានតុលាការក្រុង មេបញ្ជាការអាវុធហត្ថក្រុង ស្នងការនគរបាលក្រុង រួមមន្រ្តីសមត្ថកិច្ចពាក់ព័ន្ធ និងអាជា្ញធទូទាំងរាជធានីភ្នំពេញ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីស ខេង បាននិយាយថា ក្រៅពីបញ្ហាសណ្តាប់ធ្នាប់តាមទីសាធារណ:ជាកត្តាប្រឈមបញ្ហាសណ្តាប់ធ្នាប់នៅ តាមទីផ្សារក៍ជាកត្តាប្រឈមស្រដៀងគ្នាផងដែរ ពីព្រោះតែផ្សារខ្លះមិនមានច្រកចេញចូលងាយប្រឈម និងគ្រោះអគ្គីភ័យ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីស ខេង បានថ្លែងរិះគន់ចំៗដល់ស្ថាប័នតុលាការ ដែលឧស្សាហ៍ដោះលែងអ្នកទោស ទាំងមានភស្តុតាងគ្រប់គ្រាន់។
ឧបនាយករដ្ឋមន្ត្រី ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «ចាប់ទៅលែងៗ ពេលមានបទល្មើសអីមួយ បញ្ជាចាប់ឲ្យបានគ្នា (សមត្ថកិច្ច) ដុតដៃដុតជើង អីចឹងចាប់បាន ចុងក្រោយទៅនៅក្រៅឃុំបាត់ ដល់ចឹងទៅប្រើគេធ្វើម៉េច...សូមយល់បញ្ហាហ្នឹងផង ពិបាកណាស់ៗ ទម្រំាចាប់បាន បានហើយលែង ទេបើថាមិនមានភស្តុតាងអាហ្នឹងមិនថាទេ...»។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង បានលើកឡើង អំពីបញ្ហា ចោរកម្ម កើតមានជាហូរហែរ ពេញរាជធានីភ្នំពេញ បង្ករឲ្យមានភាព អសន្តិសុខ ដូចជាការលួចឆក់កាបូបជនបរទេស ជាដើម ករណីនេះត្រូវបានឧបនាយករដ្ឋមន្រ្តី ស ខេង លើកប្រៀបធៀបថា កាលពីមុនទីក្រុងហាណូយរបស់ ប្រទេស វៀតណាម ពោពេញទៅ ដោយចោរកម្ម គ្រាន់តែដាក់ប៊ិចនៅក្នុង ហោប៉ៅ ក៏ត្រូវបានចោរលួចដែរ ប៉ុន្តែពេលនេះទីក្រុង របស់គេអស់ហើយ តែឥឡូវនេះដល់វេននៅភ្នំពេញយើងវិញម្តង។ ពាក់ព័ន្ធនឹងករណីនេះត្រូវបាន ឧបនាយករដ្ឋមន្រ្តី ស ខេង ស្នើឲ្យរៀបចំសណ្តាប់ធ្នាប់ និងបង្រ្កាបបញ្ហានេះឲ្យបានល្អ ៕