Saturday, February 14, 2015

បញ្ញាវន្ត​ដែល​រៀន​ចប់​នៅ​ក្រៅប្រទេស មិន​ប្រាកដ​ថា ខ្លាំង​ជាង​បញ្ញាវន្ត ដែល​រៀន​ចប់​នៅ​កម្ពុជា​នោះ​ទេ​

រាជធានី​ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ក្នុង​សន្និបាត GAC (Global Alumni Convention) កាលពី​ព្រឹក ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​សូហ្វីតែ​ល បាន​មានប្រសាសន៍ថា បញ្ញាវន្ត​ដែល​ទៅ​សិក្សា​នៅ​ក្រៅប្រទេស អាច​យក​ចំណេះវិជ្ជា ដែល​បាន​សិក្សា​នៅ​ខាងក្រៅ យក​មក​ជួយ​កសាង​ក្រុមហ៊ុន ដឹកនាំ​ក្រុមហ៊ុន និង​បង្កើត​ការងារ ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​សម្រាប់​ធ្វើការ​។ ដូច្នេះ​បញ្ញាវន្ត​ដែល​រៀន​ចប់​នៅ​បរទេស ត្រូវតែ​វិលត្រឡប់​មក​ជួយ​ធ្វើ​ការងារ នៅ​ប្រទេស​ខ្លួន​វិញ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍​ទៀតថា “​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ អតីត​បញ្ញាវន្ត​ដែល​រៀន​ចប់​នៅក្រៅ មិន​អាច​ពើងទ្រូង​ថា ខ្លួនឯង​ចេះ​ជាងបញ្ញាវន្ត​ដែល​រៀន​នៅ​កម្ពុជា​ទេ អីចឹង​ត្រូវតែ​គោរព​បញ្ញាវន្ត​ដែល​រៀន​នៅ​កម្ពុជា ព្រោះ​ម្នាក់ៗ មាន​ការចេះដឹង និង​បទពិសោធន៍ ខុសៗ​គ្នា​ទាំងអស់ ទាំង​នៅ​ក្រៅប្រទេស ទាំង​នៅក្នុង​ប្រទេស​”​។​
​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងបន្តថា “​ប្រសិនបើ​យើង​រួមគ្នា ទាំង​និស្សិត​នៅ​ក្រៅប្រទេស និង​បញ្ញាវន្ត​នៅ​កម្ពុជា ខ្ញុំ​ជឿជាក់​ថា យើង​អាច​កសាង​ប្រទេសជាតិ​បាន ហើយ​ឲ្យ​ប្រទេស​ជាតិ​យើង​មាន​ភាពរុងរឿង​ថែម​ទៀត ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​”​។
​ជាមួយគ្នា នោះដែរ លោក ម៉ៅ ស្រេង ស្ថានិក​សន្និបាត GAC និង​ជា​អគ្គនាយក​ប្រចាំ​ប្រទេស​របស់ IDP Education មានប្រសាសន៍ថា “ GAC រីករាយ​យ៉ាងខ្លាំង ដែល​បាន​ដើរតួ​ជា​អ្នក​ប្រមូល និង​ដឹកនាំ​ក្រុម​បញ្ញាវ័ន្ត បណ្តា​សមាគម​អតី​និស្សិត​ទាំងឡាយ សភាពាណិជ្ជកម្ម និង​បណ្តា​ស្ថានទូត​នានា ដើម្បី​លើកកម្ពស់​ឱកាស​ទំនាក់​ទ​នង​គ្នា និង​ជម្រុញ​លើកទឹកចិត្ត​អោយមាន​វប្បធម៌​ចែករំលែក ហើយ​ជាមួយគ្នានេះដែរ ក៏​ជា​ការបង្ហាញ​នូវ​គុណភាព​អប់រំ កម្រិត​ពិភពលោក របស់​ប្រទេស​ទាំង​ប្រាំ​នេះ​”​។​
​លោក ម៉ៅ ស្រេង បាន​ថ្លែងបន្តថា IDP Education គឺជា​ស្ថាប័ន​មួយ​ដែល​ធ្វើការ​នៅ​ក្នុង​វិស័យ​អប់រំ ក្នុង​លក្ខណៈ​អន្តរជាតិ​ជាង ២០ ឆ្នាំ នៅ​ប្រទេស​កម្ពុជា ក្នុង​ការបញ្ជូន​សិស្ស និស្សិត ទៅ​សិក្សា​នៅ​បរទេស ហើយ​យើង​ឃើញថា ចំនួន​អ្នក​ដែល​ទៅ​សិក្សា​នៅ​បរទេស ចង់​បាន​គុណភាព នៃ​ការអប់រំ គឺ​កាន់តែ​កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​ពួកគាត់ បាន​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​។​
​លោក​បាន​បន្តថា “​ការបង្កើត​ឲ្យមាន​កម្ម​វិធី GAC (Global Alumni Convention) ក្នុង​បរិបទ​មួយ ប្រម៉ែប្រមូល​និស្សិ​តដែល​រៀន​ចប់​ពី​បរទេស ក៏ដូជា បញ្ញាវ័ន្ត​នៅក្នុង​ស្រុក ហើយ​និង​ស្ថាប័ន​ជំនួញ នៅក្នុង​ប្រទេស​កម្ពុជា ឲ្យមក​ជួបគ្នា ដើម្បី​ប្រាស្រ័យ​ទាក់ទង​គ្នា បង្កើត​ជា​សម្ព័ន្ធ​មួយ ក្នុង​ការអភិវឌ្ឍន៍​ខ្លួនឯង ក្នុង​ការអភិវឌ្ឍន៍​ដៃគូ​ពាណិជ្ជកម្ម ទៅ​អនាគត​ផងដែរ​”​។
​លោក​បាន​បន្តថា ក្នុងឱកាស​ដែល​ចូល​សម​ហ​រណកម្ម​អាស៊ាន នៅក្នុង​ចុងឆ្នាំ​២០១៥​នេះ GAC មាន​គោលបំណង ជំរុញ​ឲ្យមាន​ឲ្យមាន​អភិវឌ្ឍន៍​ខ្លួនឯង​នេះ ឲ្យ​កាន់តែ​ប្រសើរ​ឡើង ដើម្បីឲ្យ​យើង​ទទួល​បាន​ប្រយោជន៍​កា​ន់តែ​ច្រើន ពី​ការចូលរួម​ក្នុង​សេដ្ឋកិច្ច​អាស៊ាន​នេះ​។ មិន​ត្រឹមតែ​បញ្ញាវន្ត​ដែល​ចូលរួម​ពី ប្រទេស​អូស្រា្តលី ណូវេល​ហ្សេ​ឡង់ កាណាដា ចក្រភព​អង់គ្លេស និង​ប្រទេស​សហរដ្ឋអាមេរិក នេះ​ទេ ក៏​មាន​និស្សិត​ដែល​ប្រទេស​ផ្សេងៗ​ទៀត​នៅក្នុង​តំបន់​អាស៊ី និង​តំបន់​សហគមន៍​អឺរ៉ុប​ផង​ដែរ​។ នេះ​ជា​មោទនភាព​មួយ ដែល​យើង​អាច​បង្កើត​កម្មវិធី​ខ្នាត​ពិភពលោក​ជា​លើក​ទី​១ នៅ​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១៥ ហើយ​បន្ទាប់​ពី​ឆ្នាំ​នេះ​ទៅ IDP Education នឹង​រៀបចំ​កម្មវិធី​នេះ បន្ត​ទៀត​ជា​រៀងរាល់ឆ្នាំ ដែល​មាន​ការចូលរួម​ពី​បណ្តា​ប្រទេស ជាច្រើន​ទៀត​ផង​ដែរ​។ 
​សូមបញ្ជាក់​ថា សន្និបាត Global Alumni Convention (GAC) ឆ្នាំ​២០១៥​នេះ គឺជា​សន្និបាត​ដំបូង​បំផុត នៃ​សន្និបាត ដែល​នឹង​ត្រូវ​រៀបចំឡើង​ជា​បន្តបន្ទាប់​នា​ឆ្នាំក្រោយៗ​ទៀត ដោយ IDP Education ដែល​ជា​ស្ថាប័ន​ផ្តល់​សេវា​បញ្ជូន​សិស្ស និស្សិត អោយ​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក​។ កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​នោះ គឺ​សន្និបាត​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង ជា​ចំបង​ដើម្បី​ផ្សាភ្ជាប់​ឡើង​វិញ​ទៅ​នឹង​ការសិក្សា ការចែករំលែក​ចំណេះដឹង និង​ការ​ជម្រុញ​លើកទឹកចិត្ត​ដល់​អតីត​បញ្ញាវន្តទាំងឡាយ អោយ​យក​អស់​សមត្ថភាព​ក្នុង​ការឈាន​ទៅ​សម្រេច​ជោគជ័យ​ធំៗ​ទាំងឡាយ​៕