ខេត្តកណ្តាលៈ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅវេលាម៉ោង ១៨ និង ២៥នាទី សមត្ថកិច្ចនគរបាលស្រុកស្អាង សហការជាមួយនគរបាលប៉ុស្តិ៍ រដ្ឋបាលស្អាងភ្នំ និងព្រែកគយ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ រួមជាមួយវត្ថុតាង ត្រង់ចំណុច ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់ បន្ទាប់ពីជនសង្ស័យរូបនេះ ប្រើល្បិចឆបោកយកម៉ូតូ ១គ្រឿង របស់ជាងជួសជុលម៉ូតូម្នាក់ នៅ ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង កាលពីវេលាម៉ោង ១៩ និង៣០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ ។
លោកវរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ អំ ស៊ីថា ភេទ ប្រុស អាយុ ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ ទីលំនៅក្នុង ភូមិព្រែថ្មី ឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្នដើរស្នាក់នៅ មិនពិតប្រាដក ។ ជនសង្ស័យរូបនេះ បានធ្វើសកម្មភាព ឆបោកយកម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ូគី វីវ៉ា ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០០៨ ពាក់ស្លាក លេខ កណ្តាល 1G-8091 ពីជនរងគ្រោះ ឈ្មោះ ហេង ផល្លា ភេទ ប្រុស អាយុ ៤១ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ មានទីលំនៅក្នុង ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ។
លោកអធិការបានបញ្ជាក់ថា នៅវេលាម៉ោង ៧យប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ ជនសង្ស័យបានដើរចូល ទៅកាន់កន្លែងជួសជុលម៉ូតូ ជនរងគ្រោះបាននិយាយតថ្លៃទិញម៉ូតូ ។ ពេលតថ្លៃម៉ូតូត្រូវរ៉ូវគ្នា ក្នុងតម្លៃ១៣១២រៀល ហើយនោះជនសង្ស័យបាននិយាយ សុំជិះម៉ូតូសាកហើយជនរងគ្រោះ ក៏បានយល់ព្រមប្រគល់សោរម៉ូតូ ឲ្យជនសង្ស័យជិះសាក ។
លោកវរសេនីយ៍ទោ សេង សុជាតិ បានបន្តថា ក្រោយមកជនសង្ស័យបានជិះ ទៅបាត់រហូតមិនឃើញត្រលប់មកវិញ ទើបជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលស្អាងភ្នំ ឲ្យជួយអន្តរាគមន៏រហូតឈានដល់ធ្វើការ ឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងដើម្បីចាត់ការបន្តតាមច្បាប់ ៕