Saturday, February 14, 2015
នគរបាលឃាត់រថយន្ត ដឹកទំនិញសំពីងសំពោងមកអប់រំ
ខេត្តបន្ទាយមានជ័យៈ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ពេលយប់ ភាគច្រើនបណ្តាលមកពី ការដឹកអីវ៉ាន់សំពីសំពោង បាំងភ្នែកអ្នកធ្វើដំណើរ ដោយបើកតាមម៉ូតូ ឬក៏រថយន្ត ដែលរថយន្តបែបនេះ គឺគេមិនសូវឃើញធ្វើដំណើរ ពេលថ្ងៃនោះទេ ។ ជាក់ស្តែងដូចរថយន្ត មួយគ្រឿងនេះ ជាដើមដែលម្ចាស់របស់គេ ផ្ទុកទំនិញជាប៊ីដុង និងធុងស្ពិចត្រូយកមកពីប្រទេសថៃ ដឹកសំពីងសំពោងប្រណាំងជាមួយ នឹងរថយន្តយីឌុបទៅហើយ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ ខេត្តបន្ទាយមានជ័យ ធ្វើការចាប់ឃាត់ដើម្បីអប់រំ ម្ចាស់រថយន្តក៏ដូចម្ចាស់អីវ៉ាន់ដែរ ។ ការចាប់ឃាត់ធ្វើការអប់រំ បានធ្វើឡើង នៅវេលាម៉ោង ១២យប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិ លេខ៥ ក្នុងភូមិសាស្ត្រ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ សន គឹមសួគ៌ នាយការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ដើម្បីទប់ស្កាត់នូវគ្រោះថ្នាក់ចរាចរណ៍ ដែលផ្តើមចេញពីការដឹក សំពីងសំពោងគ្មានសណ្តាប់ធ្នាប់ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានឲ្យកម្លាំងនគរបាលចរាចរណ៍ខេត្ត ត្រូវតែចាត់វិធានការចំពោះ រថយន្តដែលដឹកសំពីងសំពោងទាំងនោះ កំពុងធ្វើចរាចរណ៍លើដងផ្លូវជាតិលេខ៥ និងលេខ៦ គឺត្រូវចាប់បង្ខំឲ្យម្ចាស់រថយន្តគោរពច្បាប់ចរាចរណ៍ ។ ចំពោះម្ចាស់រថយន្តក៏ដូចជាម្ចាស់អីវ៉ាន់ ដែលត្រូវបានចាប់ឃាត់នេះ ឈ្មោះ ថោង ធំ ភេទ ប្រុស អាយុ៣៤ឆ្នាំ នៅ ភូមិគោកទម្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រថយន្ត ម៉ាក កាមរី ស៊េរីឆ្នាំ ១៩៨៨ ពណ៌ព្រីងទុំ ។
តាមការឲ្យដឹងពីបុរសជា ម្ចាស់រថយន្តបាននិយាយប្រាប់ថា បើគាត់មិនដឹកដូច្នេះ ទេនោះគាត់មិនអាចរួចដើមបានទេ ព្រោះនៅតាមផ្លូវត្រូវបង់ ឲ្យគយដល់ទៅ៣កន្លែង ចេញពីច្រកទ្វារអន្តរជាតិមក សរុបជាទឹកប្រាក់អស់ប្រហែល ៤០ម៉ឺនរៀល ឯណោះ និងនគរបាលសេដ្ឋកិច្ច២ ទៅ៣កន្លែងផងដែរ តែគេយកបន្តិចបន្តួចទេ ។ លោកនាយការិយាល័យនគរបាលចរាចរណ៍ បានបញ្ជាក់ថា ថ្វីត្បិតតែអីវ៉ាន់នេះ ស្រាលក៏ពិតមែន តែការដឹកសំពីងសំពោងបែបនេះ គឺវាប៉ះពាល់សណ្តាប់ធ្នាប់ ម្យ៉ាងវានឹងអាចបង្កឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរ រួមផ្លូវដូចជាបាំងភ្នែកមើលមិនឃើញ ឧបសគ្គខាងពេលដែលគេ មានបំណងវ៉ា ជែងដូច្នេះវាបង្កនូវហានីភ័យដល់បញ្ហា គ្រោះថ្នាក់ចរាចរណ៍ ។
លោកបញ្ជាក់ទៀតថា ចំពោះអ្នកបើកបររថយន្តនេះ គឺសមត្ថកិច្ចគ្រាន់តែធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យគាត់ ដឹកបែបនេះតទៅទៀត ប្រសិនបើមិនរាងចាល នឹងអនុវត្តតាមនីតិវិធី ច្បាប់ចរាចរណ៍ផ្លូវគោក ៕
Labels:
សណ្តាប់ធ្នាប់