ភ្នំពេញៈ មន្ត្រីទទួលបន្ទុកផ្នែកពន្ធលើផលិតផលថ្នាំជក់នៅប្រទេសកម្ពុជា នៃនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអះអាងឲ្យដឹងកាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ថា ខ្លួនកំពុងធ្វើការសិក្សាយ៉ាងស៊ីជម្រៅលើគុណប្រយោជន៍ និងគុណវិបត្តិនៅក្នុងការដំឡើងថ្លៃពន្ធផលិតផលថ្នាំជក់ពីប្រទេស ផ្សេងៗ ដើម្បីជៀសវាងនូវផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច។
ថ្លែងនៅក្នុងសិក្ខាលាលាថ្នាក់ជាតិ ស្តីពីកាវិវឌ្ឍនៃការអនុវត្តអនុសញ្ញាស្តីពីការត្រួតពិនិត្យ ថ្នាំជក់ នៅឯសាលសន្និសីទវិមានព្រឹទ្ធសភាជាតិ កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ លោក ជូរ សែ ប្រធានការិយាល័យសវនកម្មសហគ្រាស នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា រដ្ឋាភិបាលមានវិធានការដំឡើងពន្ធថ្នាំជក់ជាបណ្តើរៗ តាមគំរូរបស់ប្រទេសជិតខាង ខណៈដែលពន្ធបារីនាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុងតែស្ថិតនៅក្នុងកម្រិតទាបជាងគេ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋអាចមានលទ្ធភាពទិញបារីជក់ច្រើនលើសលុប ផងដែរ។ លោក ជូរ សែ បានបន្តថា រដ្ឋាភិបាលមានវិធានការដំឡើងពន្ធបារីជាមូលដ្ឋានឲ្យបានពី៦៥ ទៅ៩០%ទៀត ខណៈដែលឆ្នាំ២០១៤នេះ អត្រាពន្ធបារីមានត្រឹមតែ១០ ទៅ១៥%ប៉ុណ្ណោះ ដែលនេះមានន័យថា ការដំឡើងពន្ធបារីនៅប្រទេសកម្ពុជា មានកម្រិតត្រឹមតែ៥០%ប៉ុណ្ណោះ។
ពាក់ព័ន្ធទៅនឹងសំណួរដែលបានលើកឡើងថា ការដំឡើងពន្ធបារីហាក់មិនទាន់មានប្រសិទ្ធភាពនៅឡើយទេ បើប្រៀបធៀបជាមួយនឹងពន្ធបារី នៃប្រទេសផ្សេងៗទៀត ដោយហេតុថា ពន្ធបារីនៅប្រទេសកម្ពុជា ហាក់នៅមានកម្រិតទាបជាងគេ សូប្បីតែប្រទេសឡាវក៏ដោយ ដែលករណីនេះ គេនៅមិនទាន់រកឃើញពីមូលហេតុដែលធ្វើឲ្យអត្រាពន្ធបារីនៅប្រទេស កម្ពុជា ស្ថិតនៅក្នុងកម្រិតទាបបំផុតនៅឡើយនោះ ប៉ុន្តែប្រការនេះ វាអាចជាប់ពាក់ព័ន្ធទៅលើកិច្ចសន្យា ពិសេសរវាងម្ចាស់ក្រុមហ៊ុនជាមួយនឹងភាគីណាមួយនោះ តើហេតុអ្វីបានជាគ្រប់អ្នកពាក់ព័ន្ធមិនអនុវត្តទៅលើគោលនយោបាយដំឡើង ពន្ធបារីនេះឲ្យបានខ្ពស់ដូចប្រទេសគេ។
ត្រង់ចំណុចនេះ លោក ជូរ សែ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាពន្ធបារីនេះ រដ្ឋាភិបាលមានវិធានការដំឡើងពន្ធបារីរួចហើយ កាលពីខែកក្តដា ឆ្នាំ២០១៤ គឺឡើងពី១០ ទៅ១៥% វិធានការដំឡើង1ពន្ធបារីនៅកម្ពុជា មិនអាចធ្វើការតម្លើងពី១០ ទៅ៨០% ស្ទុះឡើងដូចប្រទេសថៃភ្លាមៗបានទេ ព្រោះការដំឡើងបែបនេះ វាហាក់ដូចជាគំហុកពេក ហើយទិសដៅរដ្ឋាភិបាលកន្លងមកនេះ គឺចង់ធ្វើដូចប្រទេសគេដែរ ប៉ុន្តែគឺមិនអាចឡើងជាគំហុគបែបនេះភ្លាមៗទេ គឺការដំឡើងពន្ធបារីត្រូវធ្វើឡើងដោយជំហ៊ានៗ ដោយការធ្វើបែបនេះ វាមិនខុសអ្វីទៅហ្នឹងប្រទេសដទៃទៀតនោះទេ។
ប្រទេសថៃ អត្រាដំឡើងពន្ធពីឆ្នាំ១៩៩១ រហូតដល់ឆ្នាំ២០១២ គឺអាចឡើងដល់៨៧% ដោយសារពួកគេត្រូវការពេលវេលាដើម្បីដំឡើងថ្លៃដែរ ដូច្នេះមូលដ្ឋានរបស់ប្រទេសកម្ពុជា ឥឡូវនេះមាន១០ ទៅ១៥% ដូច្នេះពន្ធដែលបានដំឡើង១៥%នេះ មានន័យថា កម្ពុជាដំឡើងពន្ធបានពាក់កណ្តាលហើយ។ ជាមួយនឹងការដំឡើងពន្ធផងដែរ មន្ត្រីផ្នែកពន្ធដារក៏ត្រូវការពេលវេលាដើម្បីសិក្សាទៅលើផលប៉ះពាល់ នឹងគុណប្រយោជន៍ និងគុណសម្បត្តិនឹងផលប៉ះពាល់ជាប្រព័ន្ធនៃការយកពន្ធ ដើម្បីធ្វើការអនុវត្តដូចប្រទេសមួយចំនួនផងដែរ។ ការអនុវត្តដំឡើងពន្ធជាមូលដ្ឋាន គឺសុទ្ធតែមានគុណវិបត្តទាំងអស់ ដោយសារតែនៅកម្ពុជា តម្លៃលក់ផលិតផលបារីមានការប្រែប្រួលជាលំដាប់ ដូច្នេះបើការប្រកាសថ្លៃពន្ធបារីថោក មានន័យថា ពន្ធបារីក៏ទទួលបានតិចទៅតាមនោះដែរ។
យោងតាមឯកសារបង្ហាញស្តីពីពន្ធលើផលិតផលថ្នាំជក់នៅកម្ពុជា បានឲ្យដឹងថា សម្រាប់ទំនិញ និងសេវាដែលជាប់អាករពិសេសមាន យានយន្ត និងគ្រឿងបន្លាស់ ក្នុងនោះរថយន្តអត្រាពន្ធចាប់ពី២០ ទៅ៣០% ម៉ូតូ២០% ប្រេងឥន្ធនៈ និងប្រេងរំអិល២០% បារី១៥% បារីស៊ីហ្គា២៥% ស្រា២០% ភេសជ្ជគ្មានជាតិសុរា១០% សេវាទូរស័ព្ទ៣% សំបុត្រយន្តហោះ១០% សណ្ឋាគារ១០% លំហែកម្សាន្ត១០% រួមទាំងផលិតផលផ្លាលស្ទីក អេឡិចត្រូនិច១០%៕