ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រិះគន់ស្ថាប័នតុលាការថា ឧស្សាហ៍ដោះលែងអ្នកទោសទាំងមានភស្តុតាងគ្រប់គ្រាន់។ ការរិះគន់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៥ របស់រដ្ឋបាលសាលារាជធានីភ្នំពេញ។
ការលើកឡើងរបស់ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើឡើងជាសាធារណៈក្រោយពេលដែលតុលាការ ទើបដោះលែងជនល្មើសច្បាប់ចរាចរណ៍ ព្រមទាំងឪពុក-ម្ដាយរបស់ជនជាប់ចោទ ថោង សារ៉ាត់ ជាដើម។
ឯកឧត្តម ស ខេង បានថ្លែងរិះគន់ចំៗដល់ស្ថាប័នតុលាការថា ស្ថាប័ននេះឧស្សាហ៍ដោះលែងអ្នកទោស ទាំងមានភស្តុតាងគ្រប់គ្រាន់។ ឯកឧត្តម មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ចាប់ទៅលែងៗ ពេលមានបទល្មើសអីមួយ បញ្ជាចាប់ឲ្យបានគ្នា(សមត្ថកិច្ច) ដុតដៃដុតជើង អីចឹងចាប់បាន ចុងក្រោយទៅនៅក្រៅឃុំបាត់ ដល់ចឹងទៅប្រើគេធ្វើម៉េច...សូមយល់បញ្ហាហ្នឹងផង ពិបាកណាស់ៗ ទម្រាំចាប់បាន បានហើយលែង ទេបើថាមិនមានភស្តុតាងអាហ្នឹងមិនថាទេ...»។
គួរបញ្ចាក់ថា ការរិះគន់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង បានកើតឡើងក្រោយពេលដែលតុលាការ ទើបសម្រេចដោះលែងជនជាប់ចោទ ថោង ចំរើន ជាឪពុក និងជនជាប់ចោទ កែវ សារី ជាម្ដាយ របស់ជនជាប់ចោទ ថោង សារ៉ាត់ និងថ្មីៗនេះ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ក៏ទើបរិះគន់ផងដែរ ចំពោះស្ថាប័នតុលាការថា បានដោះលែងជនល្មើសមួយចំនួនក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នាអំឡុងឆ្នាំ ២០១៤កន្លងទៅ។ ករណីនេះធ្វើឲ្យមតិអ្នកច្បាប់មួយចំនួនលើកឡើងថា ការដោះលែងករណីបទល្មើសមួយចំនួនដែលពុំមានអំណះអំណាងគ្រប់គ្រាន់ និងធ្វើឲ្យស្ថាប័នច្បាប់មានការធ្លាក់ចុះ៕