Thursday, February 12, 2015

មនុស្ស​ពីរ​នាក់​ស្លាប់ ដោយសារ​ខ្យល់គរ និង​ចងក​សម្លាប់ខ្លួន នៅ​ស្រុក​ក្រគរ

ខេត្ត​ពោធិ៍សាត់ៈ មាន​មនុស្ស​ស្លាប់​ពីរ​នាក់ ក្នុង​ករណី​ពីរ​ផ្សេងគ្នា គឺ​ម្នាក់​ស្លាប់​ដោយ​ខ្យល់គរ និង​ម្នាក់​ទៀត​ស្លាប់ ដោយ​ធ្វើ​អត្តឃាត​ចងក​សម្លាប់ខ្លួន ប្រភព​ព័ត៌មាន​ពី​លោក ឯម រុន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ បាន​បញ្ជាក់​ឲ្យដឹងថា ករណី​មនុស្ស​ស្លាប់​ដោយ​ខ្យល់គរ ជនរងគ្រោះ​មានឈ្មោះ កេ​ន កុសល ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ទួល​ម្កាក់ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​ស្លាប់​ក្រោយពេល​បញ្ជូន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ស្រុក មូលហេតុ​ដោយសារ​ខ្យល់គរ វេលា​ម៉ោង ០៩​និង​៣៥​នាទី​យប់ ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ។
​ចំណែក​ករណី ចងក​ធ្វើអត្តឃាត​វិញ​ជនរងគ្រោះ ឈ្មោះ ចាន់ យី ភេទ​ស្រី អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​អង្គុញ​ខ្សាច់​ល្អិត ឃុំ​អន្សា​រ​ចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​ធ្វើ​អត្តឃាត​ចងក​នៅ​ដើម​ស្វាយ​ក្បែរ​ផ្ទះ ករណី​នេះ​កើតឡើង​នៅវេលា​ម៉ោង ១០​និង​១៥​នាទី​យប់ មូលហេតុ​ផឹក​ស្រវឹង ត្រូវ​ប្តី​ស្តីបន្ទោស តូចចិត្ត​ខ្លួនឯង ។ លោក​អធិការ​បាន​បន្តថា សព​សាក​ជនរងគ្រោះ​ទាំង​ពីរ​នាក់ ត្រូវ​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ធ្វើបុណ្យ​តាម​ប្រពៃណី ៕