Friday, February 13, 2015

សន្និសីទកាសែត​រឿង​ធ្វើ​ម្ចាស់ផ្ទះ​ប្រកួត​ប៉េតង់​ជើងឯក​អាស៊ីអាគ្នេយ៍​

​រាជធានី​ភ្នំពេញ​៖ សហព័ន្ធ​កីឡា​ប៉េតង់​កម្ពុជា​បាន​ប្រកាស​ពី​ការទទួល​ធ្វើជា ម្ចាស់ផ្ទះ​នៃ​ការប្រកួត​ប៉េតង់​ជើងឯក​អាស៊ីអាគ្នេយ៍​ដែល​នឹង​ធ្វើ​ពី ថ្ងៃទី​0២-0៥ ខែ​មេសា ឆ្នាំ​២០១៥ នៅ​រាជធានី​ភ្នំពេញ ។​
​តាម​ការរំពឹង​ទុក​នឹងមាន​ប្រទេស​ចំនួន ៩ ចូលរួម​ហើយ​នេះ​ជា​ការប្រកួត​លើក​ទី ២ ដែល​លើក​ទី ១ ធ្វើ​នៅ​សុវណ្ណ​ខេត្ត​ប្រទេស​ឡាវ ។ សម្រាប់​កម្ពុជា​ប៉េតង់​ជា​ប្រភេទ​កីឡា​ដែល​មាន​សក្ដានុពល​បំផុត​ដែល​អត្ត​ព លិ​ក​របស់​កម្ពុជា​ធ្លាប់​ដណ្ដើម​បាន​មេដាយមាស​ពិភពលោក​ឯណោះ ។​
​ក្នុង​សន្និសីទកាសែត​នា​ព្រឹក​ថ្ងៃទី​១២​កុម្ភៈ​លោក​មាស សារិន​ដែល​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីលា​ប៉េតង់​កម្ពុជា​បានប្រកាសឲ្យ ដឹង​ថា​ការប្រកួត​ថ្នាក់​តំបន់​បែប​នេះ​មាន​ចំនួន ៦ វិញ្ញាសា​គឺ​វិញ្ញាសា​វាយ​យក​ពិន្ទុ​បុរស​-​វិញ្ញាសា​វាយ​យក​ពិន្ទុ​នារី​- វិញ្ញាសា​វាយ​យក​ពិន្ទុ​យុវជន​(​មិន​កំណត់​ភេទ​)-​វិញ្ញាសា​៣​នាក់​ទល់​៣ នាក់​បុស​-​វិញ្ញាសា​វាយ ៣ នាក់​ទល់ ៣ នាក់​នារី និង ៣​នាក ទល់ ៣ នាក់​យុវជន​(​មិន​កំណត់​ភេទ​) ។​

​លោក​បន្ត​ថា​មកទល់ពេលនេះ​កីឡា ប៉េ តង់ កម្ពុជា​ដណ្ដើមបាន​មេដាយ​សរុប​ចំនួន​ជាង ១៦០​មេដាយ ហើយ​ដោយ​គិត​ទាំង​មាស​- ប្រាក់ និង សំរិទ្ធ និង គិត​ទាំង​ការប្រកួត​ជើងឯក​ពិភពលោក ជើងឯក​ទ្វីបអាស៊ី និង ជើងឯក​ក្នុង​តំបន់ ។​
​សម្រាប់​ប្រទេស​ដែល​ចូល​រួមមួយ​វិញ្ញាសា​មាន​សិទ្ធិ​ដាក់​តែ​មួយ​ក្រុម ប៉ុណ្ណោះឲ្យ​ចូលរួម​ប្រកួត ដោយឡែក​សម្រាប់​ប្រទេស​ជា​ម្ចាស់ផ្ទះ​មាន​សិទ្ធិ​ដាក់​លេង ២ ក្រុម​ក្នុង ១ វិញ្ញាសា និង ក្រុម​ជើងឯក​លើក​ទី ១ អាចដាក់ ២​ក្រុម​ចូលរួម​ប្រកួត​ដើម្បី​ការពារ​តំណែង​របស់​ខ្លួន ។​
​ការប្រកួត SEA Games ប៉េតង់​កម្ពុជា​តែងតែ​ដណ្ដើម​បាន​មេដាយមាស​ជានិច្ច ។ នេះ​ព្រឹត្តិការណ៍​នេះ​គឺជា​ការប្រកួត​កំដៅ​សាច់ដុំ​ដ៏​សំខាន់​មួយ​មុន SEA Games លើក​ទី​២៨​នៅ​សឹង្ហ​បូរី​ឈាន​មកដល់ ។ គេ​ជឿ​ថា​ប្រទេស សឹង្ហ​បូរី​នឹង​មក​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដើម្បី​វាស់​ស្ទង់​ពី សមត្ថភាព​របស់​ខ្លួន​ក្នុង​ថា​នៈ​ជា​ម្ចាស់ផ្ទះ SEA Games​លើក​ទី ២៨​នេះ ។​
​គួរ​បញ្ជាក់ដែរថា កាល​ប្រកួត​ជើងឯក​អាស៊ី​លើក​ទី ១ នៅ​សុវណ្ណ​ខេត្ត​ប្រទេស​ឡាវ​នោះ​កម្ពុជា​ដណ្ដើមបាន​មេដាយមាស ៣ គ្រឿង មេដាយប្រាក់ ៦ គ្រឿង និង មេដាយសំរិទ្ធ ១ គ្រឿង ។​
​លោក​សុខ ម៉ុង​ដែលជា​គ្រូបង្វឹក​បង្ហាញ​នូវ​ជំនឿ​ចិត្ត​ថា​ការប្រកួត​លើក​ទី ២ នេះ​ក្នុង​ថា​នៈ​ជា​ម្ចាស់ផ្ទះ​កម្ពុជា​នឹង​ដណ្ដើម​បាន​លទ្ធផល​ល្អ​ជាមិនខាន ។
​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំបិក​កម្ពុជា​ដែល​ចូលរួម ក្នុង​សន្និសីទ​កា​សែ​នេះ​ដែរ​នោះ​មាន​ប្រសាសន៍ថា​នេះ​ជា​មោទនភាព​មួយ​របស់​ជាតិ និង ជា​ការបង្ហាញ​នូវ​សក្ដានុពល​នៃ​កីឡា​ប៉េតង់​របស់​កម្ពុជា​ក្នុង​ចំណោម​បណ្ដា ប្រទេស​អាស៊ាន ៕