Friday, February 13, 2015

Unicef ជួយ អ្នកសិល្បៈ​ពិការ​របស់ Epic Arts Cambodia

រាជធានី​ភ្នំពេញ​៖ អង្គការ Unicef បាន​ចំណាយ​លុយ​ឲ្យ​ក្រុមសិល្បៈ Epic Arts Cambodia ថត​កាយវិការ​សំដែង របស់​សិល្បៈ​ជនពិការ នៅក្នុង​បទ​ចម្រៀង​អាមេរិកកាំង ដែល​មាន​ចំណងជើង​ថា Up Town Funk ឬ ហៅ​ថា​បទ​ទីក្រុង​ទានសម័យ ។​
​លោក​អ៊ូ ប៊ុនថេង​ដែល​ជា​ប្រធាន​ផ្នែក​ប្រតិបត្តិ​របស់​អង្គការ​នេះ​កន្លងមក​អង្គការ របស់​លោក​បាន​យក​បទ​របស់​អាមេរិក​កាំ​ង​គឺ​បទ​ដែល​មាន​ចំណងជើង​ថា Happy(​សប្បាយ​)​មក​ដាក់​ឲ្យ​ក្រុម​សិល្បៈ​របស់​លោក​សំ​ដែង​ត្រាប់​តាម​អ្នក សំដែង​របស់​គេ​ហើយ​ដាក់​បញ្ជូលទៅ​ក្នុង Youtube ។​បទ​នេះ​ជា​សំនៀង​របស់​លោក Bruno Mars គ្រាន់តែ​រយៈពេល ៦ ខែ​ប៉ុណ្ណោះ​មាន​គេ​គាំទ្រ​ជាង​១០​ម៉ឺន​នាក់ ។ ចំពោះ​បទ​ដើម​របស់​គេ​មាន​អ្នកគាំទ្រ​ចំនួន​ជាង​២១១​លាន​នាក់ ។​

​បន្ទាប់ពី​បាន​ទទួល​ការគាំទ្រ​ខ្លាំង​នូវ​បទ​ទី ១ នេះ​អង្គការ Unicef បាន​សម្រច​ផ្ដល់​ការឧបត្ថម្ភ​ដល់​អង្គការលោក​ឲ្យ​យក​បទ​មួយទៀត​របស់ អាមេរិកកាំង​ដែរ​គឺ​បទ​ទីក្រុង​ទាន់សម័យ​(Up Town Funk)​ដើម្បីឲ្យ​អ្នកសិល្បៈ​របស់លោក​ធ្វើ​កាយវិការ​ត្រាប់​តាម ។ បទ Up Town Funk នេះ​ច្រៀង​ដោយ​លោក Pharrel William ។​
​ក្រុម Epic Arts របស់​លោក​បាន​ចំណាយ​ពេល​ហាត់​ត្រាប់​តាម​នេះ​ជិត​មួយ​សប្ដាហ៍​ហើយ​ពេលនេះ ការថត​បានចាប់ផ្ដើម​ហើយ​បទ​នេះ​មាន​រយៈពេល​៤​នាទី​៣០​វិនាទី ។​អង្គការ​នេះ​ត្រូវបាន​អង្គការ​Unicef ផ្ដល់​ការឧបត្ថម្ភ​ក្នុង​ការផលិត​ចម្រៀង​ដោយ​យក​ចម្រៀង​របស់​អាមេរិក​មកឲ្យ សិល្បៈករ​-​ការិនី​របស់​ខ្លួន​ធ្វើ​ត្រាប់​តាម​ហើយ​ចម្រៀង​នេះ​បន្ទាប់ពី ធ្វើ​ហើយ​ត្រូវ​ដាក់​បញ្ចូល​ទៅក្នុង Youtube ដោយ​មិន​មាន​លក់ដូរ​ឡើយ ។​
​លោក​អ៊ូ ប៊ុនថេង មាន​ជំនឿ​ចិត្ត​ថា​បទ​ថ្មី​នេះ​នឹង​មាន​អ្នកគាំទ្រ​កាន់តែច្រើន ។ Unicef គាំទ្រ​ដោយសារ​តែ​អ្នក​ពិការ​មានឱកាស​បង្ហាញ​ពី​សមត្ថភាព​សំដែង​របស់​ពួកគេ ។​
​ក្នុង​សន្និសីទកាសែត​នា​ព្រឹក​ថ្ងៃទី​១៣​កុម្ភៈ​អ្នកស្រី​អុន សុខ​នី​ដែល​ជា​តំណាង​អង្គការ Epic Arts នៅ​កម្ពុជា​បញ្ជាក់ថា​អង្គការ​របស់​អ្នកស្រី​អនុវត្តន៍​នូវ​កម្មវិធី​ចំនួន ៣ គឺ​ការអប់រំ​បញ្ចូល​គ្នា​ដោយ​ផ្ដល់​នូវ​សេកម្ម​អប់រំ​ដល់​សិស្ស​ពិ្ការ និង មិន​ពិការ​នៅ​ខេត្ត​កំពត ។
​សម្រាប់​អ្នក​ពិការ​ដែល​ទទួលយក​មក បណ្ដុះបណ្ដាល​នេះ​មិនមែន​យកតែ​អ្នក​ពិការ​រាងកាយ​ប៉ុណ្ណោះ​ទេ​ទោះបី​ខ្សោយ បញ្ញា ពិការ​សម្លេង ត្រចៀក ឬ ភ្នែក​ក៏​ទទួលយក​មក​បណ្ដុះបណ្ដាល​ដែរ ។ កម្ម​វិធី​ទី​២ គឺ​រក​ប្រាក់​ចំណូល​សង្គម​ដោយ​បើកហាង​កាហ្វេ កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍ បង្កើត​ក្រុម​សំដែង​សិល្បៈ​ដែល​ពួក គេ​សំដែង​ជាមួយ​គ្នា​រវាង​អ្នក​ពិការ​គ្រប់​ប្រភេទ ជាមួយ​នឹង​អ្នក​មិន​ពិការ ។​ដែល​ការសំដែង​នេះ​គឺ​ដើម្បី​រក​ចំណូល ។​
​កម្ម​វិធី​ទី ៣ គឺ​សិល្បៈ​សហគមន៍ គឺ​ពួកគេ​ចេញ​សំដែង​តាម​សហគមន៍​នានា​នូវ​សិល្បៈ​បែប​អប់រំ និង ធ្វើ​សកម្មភាព​សិល្បៈ​ជាមួយ​ក្មេងៗ​តាម​សាលារៀន ។​
​ពេល​ដែល​សួរថា​តើ​វា​អាច​ប៉ះពាល់​ដល់​កម្មសិទ្ធិបញ្ញា ឬ អត់​នោះ​អ្នកស្រី​អុន សុខ​នី​បញ្ជាក់ថា​នេះ​ជា​បទ​ដែល​គេ​បើក​ទូលាយ​ឲ្យ​នរណាៗ​ក៏​អាច​យកមក ធ្វើ​បែប​នេះ​បាន​ដែរ ។​
​អ្នក​សំដែង​ដែលជា​អ្នក​ពិការ​ទាំងនោះ​សុទ្ធតែ​បាន​ហាត់រៀន​ផ្នែក​សិល្បៈ យ៉ាង​ត្រឹមត្រូវ​ទោះបី​ពួកគេ​ខ្លះ គ ឬ​ថ្លង់​ក៏ដោយ ។​ពួកគេ​មាន​ទេពកោសល្យ​ក្នុង​ការសំដែង​ទោះជា​ពិការ​ជើង​អង្គុយ​លើ​រទេះ ដើម្បី​សំដែង​ក៏ដោយ ៕