Monday, February 23, 2015

ករណី​លោក អាំង មាលតី មិន​ឆ្លុះបញ្ចាំង​អំពើពុករលួយ​ជា​ប្រព័ន្ធ​ទេ​

​ភ្នំពេញៈ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនបាន​ចាត់ទុក​ករ​ណី​លោក អាំង មាលតី ថា​ជា​រឿង​ពុករលួយ​ជា​ប្រព័ន្ធ​ឡើយ បើទោះបីជា​អតីត​ប្រធាន​សាលាដំបូង​រាជធានី​រូបនេះ ត្រូវបាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​សម្រេច​ដកចេញ​ពី​តំណែង បន្ទាប់ពី​មានការ​ដាក់បន្ទុក​សង្ស័យ​ទៅលើ​លោក អាំង មាលតី និង​មន្ត្រី​ជំនិត​ម្នាក់ទៀត គឺ​លោក ពេជ្រ ព្រហ្ម​មុន្នី ថា​អាចមាន​ជាប់​ពាក់ព័ន្ធ​នៅក្នុង​សំណុំរឿង​ស៊ីសំណូកសូកប៉ាន់​ក្នុងការ​ ដោះលែង​ឪពុកម្តាយ​របស់​ជនជាប់ចោទ ថោង សារ៉ាត់ ឲ្យ​រស់នៅ​ក្រៅ​ឃុំ​ក៏ដោយ​។​រហូត​ម​ដល់​ថ្ងៃនេះ មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) នៅតែ​បន្ត​ការស៊ើបអង្កេត​របស់ខ្លួន​ជុំវិញ​សំណុំរឿង​មួយ​នេះ ខណៈដែល ACU កំពុង​ដាក់បន្ទុក​សង្ស័យ​យ៉ាងខ្លាំង​ទៅលើ​រឿង​ពុករលួយ ចំពោះ​លោក អាំង មាលតី និង​លោក ពេជ្រ ព្រហ្ម​មុន្នី បន្ថែម​ទៅលើ​ជនសង្ស័យ​សំខាន់ៗ​ចំនួន​៤​នាក់​ទៀត ដែលមាន​អ្នកស្រី កែវ សារី ជា​ម្តាយ​លោក ថោង សារ៉ាត់ លោកស្រី ទាវ ធីតា ដែលជា​ប្រពន្ធ​ទី​២ ប្អូនថ្លៃ​ស្រី​លោក ថោង សារ៉ាត់ ដែលជា​អ្នក​កាន់​លុយ និង​ទី​៤ គឺ​លោក​មេធាវី រស់ ផល្លា​។
​ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ពិធី​ចុះហត្ថលេខា​ជាមួយនឹង​ក្រុមហ៊ុន ​ឯកជន​ចំនួន​៨ នៅ​កម្ពុជា​ថា ACU កំពុងតែ​ដំណើរការ​រឿងក្តី​ពាក់ព័ន្ធ​នឹង​ការដោះលែង​ឪពុកម្តាយ ថោង សារ៉ាត់ ហើយ​រឿងក្តី​មួយ​នេះ បាន​កើតឡើង​តាំងពី​ខែវិច្ឆិកា ដូច្នេះ​រហូតមកដល់​ល្ងាច​មិញ​នេះ ACU បានទទួល​ចម្លើយ​ពី​មនុស្ស​សំខាន់ៗ​ចំនួន​៤​នាក់​នេះ​រួចហើយ​។ ឯកឧត្តម បាន​បញ្ជាក់ថា «​យើងខ្ញុំ ត្រូវ​ការជួប​មនុស្ស​ពីរ​ទៅ​បីនាក់​ទៀត ដើម្បី​ធ្វើការ​សាកសួរ ដែល​ជំ​ហ៊ាន​បន្ទាប់​នោះ គឺ​លោក ពេជ្រ ព្រហ្ម​មុន្នី និង​លោក អាំង មាលតី ដើម្បី​ស្តាប់​ចម្លើយ​អ្នក​ទាំងពីរ​នាក់​»​
​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រូបនេះ​បញ្ជាក់ថា ករណី​លោក អាំង មាលតី នៅ​មិនទាន់​អាចធ្វើ​ការសន្និដ្ឋាន​បែបណា​នៅឡើយ​ទេ ព្រោះ​វា​លឿន​ពេក​នៅក្នុង​ពេលនេះ ហើយ​បើតាម​វត្ថុតាង​ដែល​ប្រមូលបាន គឺ​បង្ហាញថា ករណី​លោក ពេជ្រ ព្រហ្ម​មុន្នី វា​មិនទាន់​ចូលទៅក្នុង​បញ្ហា​ទី​សូក ឬ​ចូល​វេ​ទិ​ក្រម និង​ជំនួញ​ឥទ្ធិពល​អ្វី​នៅឡើយ​ទេ ដូច្នេះ​ឯកឧត្តម​គ្រាន់តែ​ហ៊ាន​បញ្ជាក់ថា «​បើ​និយាយថា វា​ជា​ប្រព័ន្ធ​វិញ គឺ​ខ្ញុំ​គិតថា វា​ខុស​ច្រើនជាង​ត្រូវ​»​
​សូមបញ្ជាក់ថា ក្នុងករណីនេះ​ផងដែរ ACU គ្រោង​ចុះ​ត្រួតពិនិត្យ​លើ​ក្រុមហ៊ុន ថោង សារ៉ាត់ នៅ​ល្ងាច​ថ្ងៃទី​២៣ ខែកុម្ភៈ​នេះ ដើម្បី​ចាត់វិធានការ​ចែក​មើល​បញ្ជីស្នាម​លុយកាក់​ទាំងអស់​នៅក្នុង​«​ ក្រុមហ៊ុន​មានជ័យ អ៊ិន​ធើ​ណេ​សិ​នណល​» របស់លោក ថោង សារ៉ាត់ ដែរ ដើម្បី​ឲ្យ​ឃើញ​ពី​ការចំណាយ​ការគ្រប់គ្រង​លុយកាក់​នៅ​ទីនោះ​។
​គួររំឭកថា កាលពីដើម​សប្តាហ៍​មុន សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​មិន​សុខចិត្ត​ទៅនឹង​ចៅក្រម​ដែល​កាន់​សំណុំ​រឿងក្តី​ឪពុកម្តាយ​ ជនជាប់ចោទ ថោង សារ៉ាត់ ហើយ​បាន​ដោះលែង​អ្នក​ទាំងពីរ​នោះ កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ​។ ក្រោយពី​មានការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​រួចមក ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៥ ដើម្បី​ពិភាក្សា​លើ​ចំណាត់​ការមិន​ប្រក្រតី​ក្នុង​សំណុំរឿង​ដោះលែង​ ឪពុកម្តាយ ថោង សារ៉ាត់ និង​ករណី​ឃាតកម្ម​បាញ់សម្លាប់​លោក​ឧក​ញ៉ា អ៊ឹង ម៉េង​ជឺ​។
​ក្រោយពី​កិច្ចប្រជុំ​ដែល​បានធ្វើ​អស់​រយៈពេល​ប៉ុន្មាន​ម៉ោង​រួចមក ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម បានសម្រេច​ជា​ឯក​ច្ឆ័​ន​តែងតាំង​លោក តាំង ស៊ុន​ឡាយ ដែលជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​មកជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ជំនួស​លោក អាំង មាលតី​៕