ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាស បើកប្រតិបត្តិការលុបបំបាត់ ការដាក់ប៉ុស្តិ៍ជញ្ជីងថ្លឹង បែបអនាធិបតេយ្យតាមដងផ្លូវថ្នល់ និងពង្រឹងការអនុវត្តច្បាប់ ស្តីពីការដឹកជញ្ជូន ដើម្បីធានាឲ្យបានការគ្រប់គ្រងការដឹកជញ្ជូន លើសទម្ងន់កំណត់ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ បានបញ្ជាក់ថា ក្នុងមួយរយៈពេលកន្លងមកនេះ មានជនខិលខូចបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ បែបអនាធិបតេយ្យក្រោមរូបភាពត្រួតពិនិត្យ ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ តាមដងផ្លូវមួយចំនួន ដោយនៅពេលយប់ មានដាក់ភ្លើងសញ្ញាបំភ្លឺ ឬសញ្ញាសម្គាល់ ឲ្យរថយន្តដឹកជញ្ជូនឈប់ដើម្បីត្រួតពិនិត្យ និងបង្ខំឲ្យបង់ប្រាក់ ដែលប្រការនេះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចការងារអាជីវកម្ម របស់ប្រតិបត្តិករដឹកជញ្ជូនផងដែរ ។ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ក្រសួងសាធារណការ បានអំពាវនាវដល់ក្រុមជន ដែលបាននិងកំពុងដាក់ប៉ុស្តិ៍ ក្រោមរូបភាពត្រួតពិនិត្យការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់នោះ ត្រូវបញ្ឈប់ជាបន្ទាន់ ។ ក្រសួងសាធារណការ ក៏បានស្នើសុំកិច្ចសហការ ពីអាជ្ញាធរមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចូលរួមចំណែកលុបបំបាត់ប៉ុស្តិ៍អនាធិបតេយ្យនេះផងដែរ ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ស្ថានីយថ្លឹងអចិន្ត្រៃយ៍ ដែលស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួង និងតម្រូវអាជីវករចូលថ្លឹងនាពេលបច្ចុប្បន្នមានចំនួន ៩ទីតាំង រួមមាន ស្ថានីយថ្លឹងកូនដំរី ឃ្លាំងមឿង លង្វែក (ស្ថិតតាមផ្លូវជាតិលេខ៥) ស្ថានីយថ្លែងពួក (ផ្លូវជាតិលេខ៦) ស្ថានីយថ្លឹងព្រែកឯង កំពង់ភ្នំបាវិត (ផ្លូវជាតិលេខ១) និងស្ថានីយថ្លឹងថ្នល់ទទឹង ស្ថិតនៅផ្លូវជាតិលេខ៧ ។
ក្រសួងសាធារណការ ក៏បានទទូចឲ្យប្រជាពលរដ្ឋ ប្រតិបត្តិការដឹកជញ្ជូន រាយការណ៍ជូនសមត្ថកិច្ច ប្រសិនជួយបញ្ហាមិនប្រក្រតីដូចខាងលើ ដើម្បីចៀសវាងការចូលរួមក្នុងសកម្មភាពខុសច្បាប់ទាំងឡាយ ដែលនាំឲ្យប៉ះពាល់អវិជ្ជមាន ដល់អាជីវកម្ម ក៏ដូចជាសង្គមជាតិ ៕