កំពង់ឆ្នាំង៖ សន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ២០១៤ និងទិសដៅឆ្នាំ២០១៥បានធ្វើឡើងនៅថ្ងៃទី១១និង១២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅក្នុងសាលានយោបាយខេត្តដោយមានមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរឃុំស្រុកខេត្តគ្រប់លំដាប់ថ្នាក់ចំនួន៣៦៩នាក់ចូលរួម ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានចូលរួមបិទអង្គសន្និបាត។
ក្រោយពីអង្គសន្និបាតបានដំណើរការរយៈពេល១ថ្ងៃកន្លងមកតាមរបៀបវីរៈ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានធ្វើការបូកសរុបលទ្ធផលនៃអង្គសន្និបាតថា៖អង្គសន្និបាតបានពិភាក្សា ផ្តោតលើចំណុចខ្លាំង និងបញ្ហាប្រឈម និងវិធានការណ៍ជាក់ស្តែងសំខាន់ៗរួមមាន ពង្រឹងប្រសិទ្ធិភាពនៃការគ្រប់គ្រងដែនដីរដ្ឋបាលគ្រប់ថ្នាក់ អនុវត្តច្បាប់អោយមានប្រសិទ្ធិភាព ម្ចាស់ការថែររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព និងការអភិវឌ្ឍន៍ដែលមាននិរន្តរភាពគ្រប់ ជ្រុងជ្រោយ។ ពង្រឹងការផ្តល់សេវាសាធារណៈ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួង និងរាជរដ្ឋាភិបាល។ ពង្រឹងការអនុវត្តទួនាទីភារកិច្ច និងការទទួលខុសត្រូវទាំងក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ស្របតាមកំណត់ច្បាប់ប្រកបដោយប្រសិទ្ធិភាព ជំរុញការអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់រដ្ឋបាលឃុំសង្កាត់។យកចិត្តទុកដាក់គ្រប់គ្រងអោយបានគ្រោះមហន្តរាយ និងដោះស្រាយបញ្ហាជូនជនរងគ្រោះអោយបានទាន់ពេលវេលា។ការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្រុកក្រុង អង្គសន្និបាតផ្តោតលើបញ្ហាសំខាន់ៗរួមមាន៖ការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន លើការពង្រឹងសន្តិសុខជាតិ សន្តិសុខនយោបាយ និងអនុវត្ត គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព វិធានការណ៍កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ទប់ស្កាត់បង្ក្រាបល្បែងស៊ីសង គ្រឿងញៀន ជួញដូរផ្លូវភេទ បង្ការអគ្គីភ័យ បង្ការនិងទប់ស្កាត់ការញុះញង់ភូតកុហកបោក ប្រាស់បំផ្លើសការពិតរបស់ជនអគតិ ដែលមានគំនិតប្រឆាំងនឹងរាជរដ្ឋាភិបាល។
រដ្ឋបាលខេត្តបានប្តេជ្ញាបន្តជំរុញការអភិវឌ្ឍន៍ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ នៅក្នុងខេត្ត កាត់បន្ថយនូវ កង្វះខាត និងចំណុចអសកម្មនានា ប្រែក្លាយបញ្ហាប្រឈមអោយទៅជាឱកាសខិតខំដោះស្រាយអោយបាន ដោយយកបទពិសោធន៍ល្អៗ ដែលអង្គសន្និបាតទទួលបាន ក៍ដូចជាទិសដៅភារកិច្ចក្រសួងដែលមហាផ្ទៃបានដាក់ អោយអនុវត្ត។ជំរុញថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកំលាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សកម្មចូលរួមអនុវត្តដោយប្រសិទ្ធភាព ឈរលើស្មារតីប្តេជ្ញា សាមគ្គីឯកភាព ដើម្បីសំរេចជោគជ័យថ្មីៗថែមទៀតក្នុងឆ្នាំ២០១៥នេះ។
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានអញ្ជើញចូលរួមបិតសន្និបាតនៅព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៥ បានផ្តាំផ្ញើដល់អង្គសន្និបាតថា នៅក្នុងទិសដៅអនុវត្ត រដ្ឋបាលខេត្តត្រូវដាក់បញ្ចូលនូវទិសដៅអភិវឌ្ឍធនធានមនុស្សនៅតាមមន្ទីរអង្គភាពនានា ដើម្បីបន្តវេនពីមន្ត្រីដែលត្រូវចូលនិវត្តន៍ នេះគឺជាបញ្ហា គន្លឹះយ៉ាងសំខាន់ដែលត្រូវបណ្តុះបណ្តាលពីពេលនេះតទៅ ដើម្បីអោយមន្ទីរអង្គភាពជុំវិញខេត្ត មានធនធានមនុស្សធ្វើការងារគ្រប់គ្រាន់ សំរេចបានតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។
ក្នុងនោះដែរលោកជំទាវ ក៍បានណែនាំដល់អង្គសន្និបាតយកចិត្តទុកដាក់ ក្នុងការអនុវត្តន៍គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ទប់ស្កាត់ និងបង្ក្រាបអោយបានរាល់បទល្មើសដែលកើតមានឡើង។ លើកទឹកចិត្ត និងជំរុញ ចលនាប្រជាការពារមូលដ្ឋាន ចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់ជាមួយសមត្ថកិច្ច។ យកចិត្តទុកដាក់ដល់ការងារយេនឌ័រទាំងស្ត្រី និងកុមារ កាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់អោយពួកគាត់មានការងារធ្វើនៅក្នុងមូលដ្ឋាន។ ទន្ទឹមនោះដែររដ្ឋបាលស្រុកខេត្ត ត្រូវហ៊ានទទួលខុសនិងទទួលត្រូវចំពោះ មន្ត្រីអសកម្មទាំងឡាយដែលប្រព្រឹត្តខុសច្បាប់ ដោយហ៊ានដាក់ទោសទ័ណ្ឌ និងហ៊ានលើកសសើរចំពោះមន្ត្រីសកម្មការងារដើម្បីមន្ត្រីទាំងឡាយ យកគំរូតាម។ លោកជំទាវក៏បានឯកភាពផងដែរនៅរបាយការណ៍បូកសរុបនិងលើកទិសដៅបន្តរបស់អង្គសន្និបាតរបស់រដ្ឋបាលខេត្ត៕