ខេត្តបន្ទាយមានជ័យៈ កម្លាំងនគរបាលស្រុកភ្នំស្រុកចំនួន ១២នាក់ បានចុះបង្ក្រាបករណី អ្នកនេសាទដោយប្រើឧបករណ៍ ដែលច្បាប់ហាមឃាត់ចំនួន ៣នាក់ នៅវេលាម៉ោង ១០និង៣០នាទី ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅ ចំណុច អូរក្រោល ខាងលិចចម្ងាយ២.០០០ម៉ែត្រ ពីភូមិរោគ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ស្ថិតក្នុង ភូមិសាស្ត្រ ភូមិគោកទៀម ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
តាមប្រភពព័ត៌មានពី លោកវរសេនីយ៍ត្រី ភឹម ភឿង អធិការស្តីទី បានឲ្យដឹងថា បន្ទាបពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកបានចាត់ឲ្យលោក អនុសេនីយ៍ឯក ឡុង ដឿម អធិការរង ដឹកនាំកម្លាំងនគរបាលស្រុក សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍ស្ពានស្រែង សរុបចំនួន ១២នាក់ បានចុះទៅធ្វើការបង្ក្រាបជនសង្ស័យបានចំនួន ៣នាក់ ។ទី១មាន ឈ្មោះ យ៉ាន់ យ៉ន ភេទ ប្រុស អាយុ ៦៨ឆ្នាំ ,ទី២មាន ឈ្មោះ ពេញ ពន់ ភេទ ប្រុស អាយុ ៥៥ឆ្នាំ ,ទី៣មាន ឈ្មោះ ហម ហាត ភេទ ប្រុស អាយុ ៣៥ឆ្នាំ អ្នកទាំង៣នាក់ រស់នៅ ភូមិគោកទៀម ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលប្រើប្រាស់នូវឧបករណ៍ នេសាទខុសច្បាប់ ដូចជាអួនក្រឡាញឹក នៅក្នុងនោះមាន អូរក្រោល ខាងលិចចម្ងាយ ២.០០០ម៉ែត្រ ពីភូមិរោគ ឃុំស្ពានស្រែង ក្នុងភូមិសាស្ត្រ ភូមិគោកទៀម ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ។ ក្នុងការចុះបង្ក្រាបនេះ កម្លាំងនគរបាលយើងបានធ្វើការ ដកហូតអួនក្រឡាញឹក ដែលមានប្រវែង៧០ ម៉ែត្រ រួមទាំងគោយន្តកន្ត្រៃ ១គ្រឿង។ ចំពោះជនសង្ស័យទាំង៣នាក់ រួមទាំងគោយន្តន្ត្រៃ យើងបានធ្វើការប្រគល់ជូន កម្លាំងនគរបាលប៉ុស្តិ៍ទឹកជោរ ព្រោះអូរនោះនៅក្នុង ភូមិសាស្ត្រឃុំទឹកជោរ ដោយឡែកចំពោះអួនគឺនគរបាលស្រុកភ្នំស្រុក ដកហូតយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក។
បច្ចុប្បន្ននេះ លោកវរសេនីយ៍ត្រី មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ថា៖ ជនសង្ស័យទាំង៣នាក់ ត្រូវលោកបានចាត់ឲ្យកម្លាំង នគរបាលប៉ុស្តិ៍ទឹកជោរ ធ្វើការអប់រំណែនាំ និងធ្វកិច្ចសន្យាបញ្ឈប់ មិនឲ្យប្រព្រឹត្តជាលើកក្រោយទៀតទេ ចំពោះការឧបករណ៍នេសាទ ដែលច្បាប់ហាមឃាត់ រួចឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕

