Monday, February 16, 2015

នាយកដ្ឋាន​គ្រប់គ្រង​អាវុធជាតិផ្ទុះ និង​អគ្គិភ័យ ​របស់​ក្រសួងមហាផ្ទៃ ត្រៀមកម្លាំង​ទប់ស្កាត់​អគ្គីភ័យ​ នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម​

រាជធានីភ្នំពេញ៖ នាយកដ្ឋាន​គ្រប់គ្រង​អាវុធជាតិផ្ទុះ និង​អគ្គិភ័យ​របស់​ក្រសួងមហាផ្ទៃ បានដាក់​ត្រៀមកម្លាំង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​នៅតាម​បណ្តា​ខណ្ឌ​ទាំង​១២ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​-​ វៀតណាម ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១៨ ដល់​២០ ខែកុម្ភៈ ឆ្នាំ​២០១៥​ខាងមុខនេះ​។
​ឯកឧត្តម ធន សាម៉ន ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អាវុធជាតិផ្ទុះ និង​អគ្គិភ័យ នៃ​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ បាន​ឲ្យ​ថា ក្រៅពី​ដាក់​រថយន្ត​ពន្លត់​អគ្គិ​ភ័​នៅតាម​ខណ្ឌ​រាជធានី នាយកដ្ឋាន​ក៏បាន​បញ្ជា​ឲ្យ​មន្ត្រី​ក្រោយ​ឱវាទ ត្រូវ​ត្រួតពិនិត្យ​សម្ភារៈ​អន្តរាគមន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​ ទាំង​នៅតាម​បណ្តា​ខេត្ត​ទាំងអស់​ផងដែរ ដើម្បី​ត្រៀមលក្ខណៈ​ទប់ស្កាត់​ចំពោះ​គ្រោះអាសន្ន ដែល​អាច​នឹង​កើតឡើង​ជាយ​កថា​ហេតុ​។ ​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៤​កន្លងទៅនេះ គ្រោះ​អគ្គិភ័យ​បានកើត​ឡើង​សរុប​ទាំងអស់​ចំនួន​៥១៤​លើក បើ​ធៀប​ជាមួយ​ឆ្នាំ​២០១៣ មានការ​ថយចុះ​២១​លើក ក្នុងនោះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​១៩​នាក់ របួស​៥១​នាក់ ខូច​ខាត់​ផ្ទះសម្បែង​អស់​ចំនួន​៥៧២​ខ្នង ក្នុងនោះ​ក៏មាន​ករណី​ឆេះ​ផ្សារ​ចំនួន​៤​លើក​ផងដែរ​។
​ឆ្លើយតប​ទៅនឹង​វិធានការ​ខាងលើនេះ ឯកឧត្តម ធន សាម៉ន ក៏បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន និង​យល់ដឹង​អំពី​របៀប​បង្ការ​អគ្គិភ័យ ដោយ​ត្រូវមាន​សម្ភារៈ​ការពារ​អគ្គិភ័យ​ក្នុង​មូលដ្ឋាន ក៏ដូចជា​ចេះ​ប្រើប្រាស់​សម្ភារៈ​ទាំងនោះ​ដើម្បី​ពន្លត់​អគ្គិភ័យ​។ ជាពិសេស គឺ​ត្រូវ​រាយការណ៍​ដល់​ការិយាល័យ​ពន្លត់​អគ្គិភ័យ​ឲ្យ​បាន​ទាន់ពេលវេលា​ នៅពេល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​៕