អូស្ត្រាលី៖ នៅថ្ងៃច័ន្ទទី១៦ កុម្ភៈ នាយករដ្ឋមន្ត្រីអូស្ត្រាលី Tony Abbott បាននិយាយថា ប្រទេសអូស្ត្រាលីនឹងបន្តប្រើនូវជំរើសផ្នែកច្បាប់ទាំងអស់ ដើម្បីការពារជីវិតពលរដ្ឋរបស់ខ្លួនពីទោសប្រហារជីវិតក្នុងប្រទេស ឥណ្ឌូនេស៊ី។
លោកនាយករដ្ឋមន្ត្រីTony Abbott បានប្តេជ្ញា ខណៈពេលមានសេចក្ដីរាយការណ៍ មួយចំនួនថា ក្រុមចៅក្រមដែលបានដាក់ទោសប្រហារជីវិតចំពោះឧក្រិដ្ឋជនជនជាតិ អូស្ត្រាលីទាំងពីរនាក់នោះបានទារលុយសំណូក ។
លោក Abbott និយាយទៀតថា ខ្ញុំបានធ្វើការបកស្រាយបន្ថែមទៀតចំពោះលោកប្រធានាធិបតី Widodo នៅពេលពួកយើងកំពុងត្រូវការ រាល់កិច្ចខិតខំប្រឹងប្រែងដែលអាចធ្វើទៅបាន ប៉ុន្តែលោកបាននិយាយទៀតថា ខ្ញុំមិនចង់ឲ្យធ្លាក់ក្នុងវិបត្តិសង្គ្រាមជាមួយទីក្រុងJakarta ឡើយ ពីព្រោះ ប្រសិនបើយើងប្រើវិធីខ្លាំងក្លាជាងនេះ ខ្ញុំគិតថា យើងហាក់បីដូចជាជំរុញឲ្យប្រទេសឥណ្ឌូនេស៊ីធ្លាក់ក្នុងភាពទាល់ច្រក ជាជាងទទួលបានលទ្ធផលដែលពួកយើងចង់បាន ៕