Wednesday, February 25, 2015

ក្រសួង​កំណត់​ចំនួន​ស្ត្រី​មាន​ផ្ទៃពោះ និង​មានកូន​ដែល​ត្រូវ​ដោះលែង​

​ភ្នំពេញៈ ក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ បាន​បើ​កិច្ចប្រជុំ​មួយ​ដើម្បី​កំណត់​ចំនួន​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​មានកូន ដែល​ត្រូវ​ដោះលែង​តាម​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​។ តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ស្ត្រី​ដែលមាន​ផ្ទៃពោះ អាច​នឹងត្រូវ​ដោះលែង​មុន​ថ្ងៃ​សិទ្ធិនារី ៨​មីនា​ខាងមុខនេះ​។
​មន្ត្រី​ក្រសួងយុត្តិធម៌ បាន​ឲ្យ​ដឹងថា ចំនួន​ស្ដ្រី​មាន​ផ្ទៃពោះ និង​មានកូន​នៅក្នុង​ពន្ធ​ធនាគារ​ទូទាំងប្រទេស​ក​ម្ពុ​ជា អាចមាន​លើសពី​៤០​នាក់ តែ​ចំពោះ​ស្ដ្រី​មាន​ផ្ទៃពោះ និង​មានកូន ដែល​ត្រូវ​ដោះលែង​តាម​ការស្នើសុំ​ពីស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន គឺ​មិនទាន់​ដឹង​ពី​ចំនួន​នៅឡើយ​ទេ​ ការដោះលែង​នេះ អាចធ្វើ​ឡើង​ឲ្យ​បាន​មុន​ចូលឆ្នាំ​ខ្មែរ ក្នុង​ខែមេសា ប៉ុន្តែ​សម្រាប់​ស្ត្រី ដែលមាន​ផ្ទៃពោះ​អាច​ត្រូវធ្វើឡើង​នៅមុន​ទិវា​សិទ្ធិនារី​៨​មីនា​។ ​លោក គឹម សន្ដិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​២៥ ខែកុម្ភៈ​នេះ​ថា ក្រសួង​នឹង​បើក​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​កំណត់​ចំនួន​ស្ត្រី​ដែល​ត្រូវ​ដោះលែង​នេះ​ឲ្យ​ច្បាស់​។ លោក​បន្តថា ចំនួន​ស្ត្រី​មាន​ផ្ទៃពោះ និង​មានកូន​ជាប់ពន្ធនាគា​រអា​ចនឹង​លើសពី​៤០​នាក់​។ លោក​បាន​បន្ថែមថា លក្ខខណ្ឌ​ក្នុងការ​ដោះលែង​នេះ គឺអាច​ធ្វើទៅ​បានតែ​លើ​ទណ្ឌិត​ស្ដ្រី​ណា ដែលមាន​តុលាការ​បានសម្រេច​ថា ពួកគេ​មានទោស​រយៈពេល​ប៉ុន្មាន​ឆ្នាំៗ​រួចរាល់​ហើយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ចំពោះ​ស្ដ្រី​មាន​ផ្ទៃពោះ និង​ស្ដ្រី​មានកូន​ណា​មិនទាន់​ទទួលបាន​ការសម្រេច​ពី​តុលាការ​ថា ជាប់ទោស នឹងមិន​ត្រូវ​ដោះលែង​នោះទេ​។
​ដោយឡែក របាយការណ៍​របស់​អង្គការ​លីកាដូ បាន​បង្ហាញថា ក្នុង​ឆ្នាំ​២០១៤ ពន្ធនាគារ​ចំនួន​១៨ ក្នុងចំណោម​ពន្ធនាគារ​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា ស្ត្រី​មាន​ផ្ទៃពោះ ឬ​ស្ត្រី​កំពុង​ពពោះ មាន​ចំនួន​៥៥​នាក់ កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ទាំងនោះ​។
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង សម្តេចនាយក​រដ្ឋមន្ត្រី បានស្នើ​ឲ្យ​មានការ​ដោះលែង​ស្ត្រី​មាន​ផ្ទៃពោះ និង​មានកូន​ដែលមាន​ប្រមាណ​៤០​នាក់ នៅ​ទូទាំងប្រទេស ដើម្បី​ធានាថា កូនៗ​របស់គេ​មិនកើត​ក្នុង​ពន្ធនាគារ​។ សម្ដេច​បញ្ជាក់ថា ការស្នើសុំ​ព្រះរាជទាន​ទោស​របស់លោក មិនមែន​បំពាន​ច្បាប់​នោះទេ តែដោយសារ​សម្ដេច​មាន​អំណាច​ក្នុង​ការសុំ​ព្រះរាជទាន​ទោស​នេះ​៕