រាជធានីភ្នំពេញ៖ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា អ្នកដែលកេងប្រវ័ញ្ចផ្លូវភេទលើកុមារកម្ពុជាច្រើនជាងគេ គឺជាជនបរទេស ខណៈការរំលោភសេពសន្ថវៈលើស្ត្រីគឺមានច្រើន គឺជាជនជាតិខ្មែរ។
ថ្លែងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីអំពីការលុបបំបាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងការអនុវត្តទោសបន្ថែម ដែលបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ឯកឧត្តម ស ខេង មានប្រសាសន៍ថា «បើយើងពិនិត្យអំពីមុខសញ្ញាជនល្មើសអ្នកដែលបានប្រព្រឹត្តកេងប្រវ័ញ្ចផ្លូវភេទលើកុមារនេះ ហាក់ដូចជាភាគច្រើនឬក៏អាចថាទាំងស្រុង គឺជាជនជាតិបរទេសដែលមកកម្ពុជានេះ»។
ឯកឧត្តមបន្តថា ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចលើកុមារដែលជាបញ្ហាសាកលលោកនេះ សម្រាប់នៅកម្ពុជា ខាងក្រសួងមិនដែលបានទទួលរបាយការណ៍ណាមួយដែលមានជនជាតិខ្មែរ កេងប្រវ័ញ្ចផ្លូវភេទលើកុមារឡើយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា «ខ្ញុំនិយាយយ៉ាងនេះមិនបានសេចក្តីថា ជាការបន្ទោសបង្អាប់ទៅលើជនបរទេសដែលមកកម្ពុជានោះទេ ប៉ុន្តែខ្ញុំមិនទាន់ដែលបានទទួលរបាយការណ៍ណាមួយទាក់ទងនឹងជនជាតិខ្មែររំលោភកេងប្រវ័ញ្ចផ្លូវភេទលើកុមារនេះ បើរំលោភសេពសន្ថវៈលើស្ត្រីអាហ្នឹងមាន ហើយប្រហែលជាមានច្រើនថែមទៀតផង»។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលាស្តីអំពីការលុបបំបាត់អំពើកេងប្រវ័ញ្ចលើកុមារ និងអនុវត្តទោសបន្ថែមនេះ ដែលរៀបចំសហការដោយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអង្គការសកម្មភាពដើម្បីកុមារហៅកាត់ថា APLE មានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗរបស់អ្នកជំនាញជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ពង្រឹងអនុសាសន៍ និងការឯកភាពរួមមួយលើការអនុវត្តទោសបន្ថែមស្តីអំពីការហាមស្នាក់នៅនៅក្នុងព្រះរាជាណាចក្រកម្ពុជានូវជនបរទេសដែលមានពិរុទ្ធពីបទល្មើសផ្លូវភេទលើកុមារ និងវិធានការផ្សេងៗទៀត៕