រាជធានីភ្នំពេញ ៖ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដោយសារកំណើនប្រជាជនមានការកើនឡើងយ៉ាងឆាប់រហ័សនោះ បាននាំឲ្យកាកសំណល់រឹងរាវក៏មានការកើនឡើងដែរ ដូច្នេះដើម្បីឆ្លើយតបចំពោះបញ្ហានេះ កញ្ចប់ថវិកា ៥លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់គ្រប់គ្រងបញ្ហាកាកសំណល់ ជាជំហានដំបូងឆ្នាំ២០១៥។
ថ្លែងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ការផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់កញ្ចប់ថវិកាសេវាអនាម័យបរិស្ថាន សម្រាប់គ្រប់គ្រងសំណល់រឹង-រាវ របស់រាជរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ក្នុងបរិបទនិរន្តភាពទីក្រុងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅភោជនីយដ្ឋាន ទន្លេបាសាក់២ ឯកឧត្តមឧប ស ខេង មានប្រសាសន៍ថា «ជាក់ស្តែងកញ្ចប់ថវិកាចំនួន ៥លានដុលា្លរ សម្រាប់ទ្រទ្រង់សេវាគ្រប់គ្រងសំណល់រឹង និងរាវ នឹងត្រូវដាក់ឲ្យអនុវត្តជំហានដំបូងនៃយុទ្ធនាការសេវាអនាម័យបរិស្ថានឆ្នាំ២០១៥នេះ លើគោលដៅទីប្រជុំជនចំនួន២៦ ហើយរាជរដ្ឋាភិបាលនឹងបន្តពង្រីកកញ្ចប់ថវិកានេះទៅតាមលទ្ធភាពជាក់ស្តែង»។
ពាក់ព័ន្ធនឹងបញ្ហាកាកសំណល់នេះ ឯកឧត្តម ស ខេង មានជំនឿយ៉ាងមុតមាំថា តាមរយៈកញ្ចប់ថវិកាអនាម័យបរិស្ថាននេះ រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ នឹងមានលទ្ធភាពគ្រប់គ្រងសំរាម ស្របតាមគំនិតច្នៃប្រឌិតរៀងៗខ្លួន ឆ្លើយតបតម្រូវការនូវស្ថានភាពជាក់ស្តែងនៃការរីកចម្រើនលូតលាស់ទីប្រជុំជនក្រុង នីមួយ។
ជាមួយគ្នានោះដែរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងផងដែរថា ទាក់ទិនការគ្រប់គ្រងសំរាមនេះ ក្រសួងក៏បានដាក់ចេញនូវវិធានការមួយចំនួនផងដែរ ដូចជាលើកកម្ពស់អង្គភាពក្រោមឱវាទ បង្កើតការត្រួតពិនិត្យការបំពុលបរិស្ថាន ប្រយោជន៍ដើម្បីធានាបាននូវការរស់នៅស្អាតរបស់ប្រជាជនផងដែរ។
ឯកឧត្តមបន្តថា ក្រសួងបរិស្ថានក៏បានដាក់ចេញនូវយន្តការគ្រប់គ្រងសំណល់តាមទីប្រជុំជនរួមមាន ការបង្កើតឲ្យមានសេវាសាធារណៈ និងឯកជន ពាក់ព័ន្ធនឹងការប្រមូល និងសំអាតសំរាម នៅក្នុងរាជធានី និងទីប្រជុំជនក្រុង ស្រុកមួយចំនួនផងដែរ៕