រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង ២០និង១០នាទី មានករណីឆក់កាបូបស្ពាយ នៅលើផ្លូវព្រះមុនីវង្ស កែង៤៣៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនសង្ស័យមានគ្នា ០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក ស្ទេប ពណ៌ ផ្កាឈូក បិទស្តុតពណ៌ខ្មៅ ជនសង្ស័យ ទី១. ឈ្មោះ អ៊ុប ចិន្តា ភេទប្រុស អាយុ១៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល គ្មានលេខ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា និងទី២. ឈ្មោះ ហម សុភ័ក្ត្រ ភេទប្រុស អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៦៤ ផ្លូវ១៨២ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា បានឆក់កាបូបស្ពាយ ពេលជនរងគ្រោះ ឈ្មោះ ជន រដ្ឋា ភេទស្រី អាយុ១៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ លក់កាហ្វេ មានទីលំនៅផ្ទះជួលគ្មានលេខ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ពេលជិះកង់ចេញពីកន្លែងលក់កាហ្វេ ម្តុំផ្លូវ៣៦០ កែងសាលាប៊ែលធី ដោយធ្វើសកម្មភាពឆក់កាបូបស្ពាយ (បានសម្រេច) ដែលទុកក្នុងកន្ត្រកកង់ខាងមុខ រួចជិះម៉ូតូគេចខ្លួន តែពេលនោះជនរងគ្រោះបានស្រែកថាចោរៗ មានប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចល្បាតនៅក្បែរនោះ បានជួយអន្តរាគមន៍ដេញចាប់បាន ។ សម្ភារៈដកហូតបានមាន កាបូបស្ពាយមួយ ប្រាក់ ៣០ដុល្លារ និង៤ម៉ឺនរៀល, ទូរស័ព្ទ ០១គ្រឿង ម៉ាក ណូគា និងអត្តសញ្ញាណប័ណ្ណ សញ្ញាតិខ្មែរ ០១សន្លឹក ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាល កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់ ៕