ស្វាយរៀង ៖ កម្លាំងចម្រុះដឹកនាំដោយលោកព្រះអាជ្ញាអមសាលាដំបូង ខេត្តស្វាយរៀង និងលោកស្នងការរងនគរបាលខេត្តស្វាយរៀង បានចុះឆែកឆេលំនៅឋានចំនួន ២កន្លែង ក្នុងក្រុងបាវិត រកឃើញបារី ៥៥៥ ក្លែងក្លាយ ១៣០៣សុង កាលពីវេលាម៉ោង៩:៤៥នាទី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
សមត្ថកិច្ចបានឲ្យដឹងថា លំនៅឋានទាំងពីរ ដែលសមត្ថកិច្ចចុះឆែកឆេរ នាពេលនេះ លំនៅឋានទី១ របស់ឈ្មោះ សំ ហាក់ ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត បានឆែកឆេរកឃើញបារីក្លែងក្លាយចំនួន ៣៥សុង ក្នុងនោះបារី ៥៥៥ ពណ៌ខៀវ មានចំនួន ៣២សុង និងបារី ៥៥៥ ពណ៌លឿង ចំនួន ៣សុង ។
លំនៅឋានទី២ របស់ឈ្មោះ មាស សាមី ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរលក់ដូរ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត បានឆែកឆេរកកឃើញបារីក្លែងក្លាយ ចំនួន ១២៦៨សុង ក្នុងនោះបារី ៥៥៥ ពណ៌ខៀវ មានចំនួន ២០៤សុង និងបារី ៥៥៥ ពណ៌លឿង មានចំនួន ១០៦៤សុង ។
បច្ចុប្បន្នវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងនគរបាល បញ្ជូនទៅរក្សាទុក នៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ត ៕

