Wednesday, November 4, 2015

ម៉ាឡេស៊ី​អំពាវនាវ​ឲ្យ​អាស៊ាន រួបរួមគ្នា ស្តីពីរឿងដែន​សមុទ្រ​ចិន​ភាគខាងត្បូង​


KUALA LUMPUR៖ ការព្រួយបារម្ភ​ចំពោះ​ការកើនឡើង​ភាព​តានតឹង​ក្នុង​ដែនសមុទ្រ​ចិន​ភាគខាងត្បូង​គឺជា​របៀប​វីរៈ​ទី​មួយ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន (ADDM) ដែល​កំពុង​ប្រារព្ធ​ធ្វើឡើង​ក្នុង​ប្រទេស​ម៉ាឡេស៊ី​នាពេលនេះ ។
​កាលពី​ថ្ងៃ​អង្គារ​ទី​៣ ខែវិច្ឆិកា រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ម៉ាឡេស៊ី លោក Hishammuddin Hussein បាន​អំពាវនាវ​ឲ្យ​សម​ភាគី​របស់​លោក​ទាំង​អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ រួបរួម​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ដោះស្រាយ​ជាមួយ​មហាអំណាច​ចិន និង​អាមេរិក ។ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​នៃ​ប្រទេស​អាស៊ាន​ទាំង​១០​បាន​ជួបប្រជុំ​សម្ងាត់​ប្រចាំឆ្នាំ មុន​កិច្ចប្រជុំ​នៅ​ថ្ងៃ​ពុធ​នេះ​ជាមួយ​ដៃគូ​សន្ទនា​របស់ខ្លួន​ទាំងពីរ ចិន និង​អាមេរិក ។ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ម៉ាឡេស៊ី​បាន​សង្កត់ធ្ងន់​ពី​តួនាទី​ដ៏​សំខាន់​របស់​អាស៊ាន លើ​បញ្ហា​សន្តិសុខ និង​សន្ដិភាព​ក្នុង​តំបន់ ។
​លោក Hishammuddin បាន​និយាយថា ក្ដីកង្វល់​ខ្លាំង​បំផុត​របស់​យើង គឺ​សន្តិសុខ ស្ថេរភាព និង​សន្តិភាព​ក្នុង​តំបន់ ហើយ​អ្វី​ដែល​សំខាន់​នោះ​ថា​តើ​យើង​ត្រូវធ្វើ​យ៉ាងដូចម្ដេច​ដើម្បី​រួម​កម្លាំង​គ្នា​ជា​ក្រុម ។ ជា​លក្ខណៈ​បុគ្គល ពួកយើង​ប្រហែលជា​មិន​មាន​ផលប៉ះពាល់​ច្រើន​ឡើយ ប៉ុន្តែ​ខ្លួន​ខ្ញុំ​ផ្ទាល់ ក្នុងនាម​ជា​ប្រធាន ADMM ជឿជាក់ថា ការរួបរួម​កម្លាំង​ប្រទេស​ទាំង​១០ អាច​នឹង​ធ្វើឲ្យមាន​ការផ្លាស់ប្ដូរ ។
​អ្នកជំនាញការ​ម្នាក់​បាន​និយាយ​ទាក់ទង​នឹង​សន្តិសុខ​ក្នុង​តំបន់​ថា ដោយ​ការ​ជំនះ​របស់​អាមេរិក​ក្នុង​ការបញ្ជូន​នាវាចម្បាំង​ដើម្បី​ល្បាត​ក្នុង​ដែនសមុទ្រ​ចិន​ភាគខាងត្បូង ដើម្បី​ការពារ​សេរីភាព​នៃ​នាវាចរណ៍ ជា​សកម្មភាព​មួយ​ដែល​បាន​បង្ក​កំហឹង​ដល់​ប្រទេស​ចិន ដោយ​ចាត់ទុកថា ជា​ការប្រឈមមុខ​ផ្នែក​យោធា​ដោយផ្ទាល់ ដែល​ជា​ការបង្កើន​នូវ​ការលំបាក​សម្រាប់​អាស៊ាន ដើម្បី​រក្សា​ជំហរ​អព្យាក្រឹត្យ ៕