ក្រចេះ ៖ ក្នុងប្រតិបត្តិការដែលបានធ្វើឡើងយ៉ាងក្តៅគគុក របស់កងកម្លាំងនគរបាលដឹកនាំដោយលោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការខេត្ត នគរបាលបង្ក្រាបបានរថយន្តសេរីទំនើប ចំនួន ៦គ្រឿង និងឃាត់ខ្លួនមនុស្ស ២នាក់ ជាមុខសញ្ញាពាក់ព័ន្ឋនឹងអំពើចោរកម្មលួចឡាន ។ តាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី អ៊ុំ ភី ស្នងការរងកណ្តាលព្រហ្មទណ្ឌខេត្តក្រចេះ ឲ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
ប្រតិបត្តការដ៏ក្តៅគគុក ធ្វើឡើងកក្រើកខេត្តក្រចេះ របស់កងកម្លាំងនគរខេត្តក្រចេះ សហការជាមួយនគរបាលខេត្តកណ្តាល លើប្រតិបត្តបង្ក្រាបករណីចោរលួចឡានផ្អើល ពេញក្រុងក្រចេះកាលពីថ្ងៃទី១១ ខែវិច្ឆិកា នគរបាលប្រមូលបានរថយន្តសេរីទំនើប៦គ្រឿង និងឃាត់ខ្លួនមនុស្សបាន ២នាក់ ជាបន្តបន្ទាប់ ។
ស្នងការរងកណ្តាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី អ៊ុំ ភី បានបញ្ជាក់ឲ្យដឹងថា រថយន្តចំនួន ៦គ្រឿង ដែលបានបង្ក្រាប គឺសុទ្ឋសឹងជារថយន្តដែលជនទាំងពីរនាក់នេះ និងបក្សពួកបានធ្វើសកម្មភាពលួចពីខេត្តកណ្តាល និងរាជធានីភ្នំពេញ យកមកលក់បន្តនៅខេត្តក្រចេះ ។
លោកឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ទៀតថា បន្ទាប់ពីទទួលសេចក្តីរាយការណ៍ ពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល លើមុខសញ្ញាចោរកម្មពាក់ព័ន្ឋនិងការលួច រថយន្ត នគរបាលខេត្តក្រចេះ ក្រោមការដឹកនាំពីសំណាក់លោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តការកំណត់លើមុខសញ្ញាចាប់បង្ក្រាបបានជាបន្ត បន្ទាប់។ ក្នុងនោះមានរថយន្តចំនួន៦គ្រឿង គឺត្រូវបានបង្ក្រាបជាមួយនឹងមនុស្សចំនួន ២នាក់ទៀតផង។ រីឯបក្ខពួករបស់ជននេះ មួយចំនួនដែលកំពុងតែគេចខ្លួនត្រូវបានលោក ស្នងការរងបានបញ្ជាក់ថា នគរបាលកំពុងតែតាមស្រាវជ្រាវដើម្បីធ្វើការចាប់បង្ក្រាបជាបន្តទៀត ។
នគរបាលក្រុងក្រចេះ បានបង្ហាញអត្តសញ្ញណលើជនសង្ស័យទាំងពីរនាក់នេះមាន ១.ឈ្មោះអ៊ុន អ៊ីយ៉ូរ៉ា អាយុ៣០ឆ្នាំ មានទីលំនៅក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ និងទី២. ឈ្មោះ អោល វណ្ឌី អាយុ២៩ឆ្នាំ មានទីលំនៅក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ។ តាមការឆ្លើយរបស់ជនសង្ស័យទាំងពីរនាក់ ថាកន្លងមកពួកគេនិងបក្ខពួកមួយចំនួន បានធ្វើសកម្មភាពលួចរថយន្តចំនួនរាប់សិបគ្រឿង ពីរាជធានីភ្នំពេញ និងខេត្តកណ្តាលយក មកលក់បន្តនៅតាមបណ្តារខេត្តផ្សេងៗ។
បន្ទាប់ពីមានការចាប់បង្ក្រាប ជនសង្ស័យទាំងពីរនាក់ និងបក្ខពួកម្នាក់ទៀតដែល ត្រូវបានចាប់បង្ក្រាបបាននៅរាជធានីភ្នំពេញ រួមទាំងរថយន្តដែលបង្ក្រាបបានមានចំនួន ៦គ្រឿង ត្រូវបានធ្វើពិធីធប្រគល់រវាងឲ្យទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលដើម្បីយក ទៅចាត់ចែងតាមនិតិវិធីបន្ត ។
ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តសេនីយ៍ លន់ សុផាត បានអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយអំពើរលួចរថយន្ត សូមទៅពិនិត្យលើភិនភាគរថយន្ត របស់ខ្លួនដែលបាត់នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ៕

