ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សម្រាប់ការបោះឆ្នោតនៅអាណត្តិក្រោយៗនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប អាចមានលទ្ធភាពទៅបោះឆ្នោតនៅក្នុងមូលដ្ឋាន ដែលខ្លួនកំពុងធ្វើការងារ ដោយមិនបាច់ធ្វើដំណើរនៅតាមស្រុក នៅតាមបណ្តាខេត្តនានា ដើម្បីចូលរួមបោះឆ្នោត។ សម្តេចក្រឡាហោម ស ខេងប្រសាសន៍ដូច្នេះ ដោយបញ្ជាក់ថានេះ គឺស្របតាមច្បាប់បោះឆ្នោត ដែលគេទើបបានធ្វើការកែទម្រង់ថ្មី។
ថ្លែងនៅក្នុងពិធីធ្វើបទបាឋកថា កែទម្រង់អភិវឌ្ឍន៍ប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន កែទម្រង់ការបោះឆ្នោត និងសភាពការណ៍សន្តិសុខ នៅក្រោយការបោះឆ្នោត នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា នៅសាលាភូមិន្ទរដ្ឋបាលកម្ពុជា សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ការប្រកាសជំរុញឲ្យប្រជាពលរដ្ឋ បានបោះឆ្នោតនៅនឹងមូលដ្ឋាន កន្លែងធ្វើការងារនោះ បានធ្វើឡើង សម្រាប់តែប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ គំរូថ្មី។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្តថា ការបោះឆ្នោតនៅអាណត្តិទី៦ ខាងមុខនេះ ជារួមគឺជួយសម្រួលដល់កម្មករកម្មការិនី អ្នកមានការងាររកស៊ីធ្វើអាជីវកម្មនានា លើការចំណាយពេលវេលា និងថវិកា ធ្វើដំណើរទៅបោះឆ្នោត នៅតាមបណ្តាខេត្ត ពោលគឺប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិកធ្វើការងារនៅក្នុងរោងចក្រណា គឺត្រូវទៅបោះឆ្នោតនៅក្នុងមូលដ្ឋាននោះ។
ក្នុងឱកាសធ្វើបទបាឋកថានោះដែរ សម្តេច ក្រឡាហោម ក៏បានបញ្ជាក់ថា នៅអាណត្តិការបោះឆ្នោតខាងមុខនេះ នៅតាមការិយាល័យបោះឆ្នោតនីមួយៗ គឺត្រូវបានបង្កើនចំនួនអ្នកចូលទៅបោះឆ្នោត រហូត៧៥០នាក់ ក្នុងមួយការិយាល័យ ខណៈការបោះឆ្នោតក្នុងអាណត្តិកន្លងមក គឺក្នុងមួយការិយាល័យ មានចំនួនអ្នកចូលបោះឆ្នោតមានត្រឹម ៧០០នាក់ប៉ុណ្ណោះ។
ទន្ទឹមនឹងការបោះឆ្នោត នៅអាណត្តិក្រោយនេះដែរ កន្លងមកថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានជំរុញឲ្យប្រជាពលរដ្ឋខ្មែរ ដែលគ្រប់អាយុចាប់ពី១៥ឆ្នាំឡើងទៅ និងអ្នកមានអត្តសញ្ញាណប័ណ្ណ គំរូចាស់ ត្រូវទៅធ្វើអត្តសញាណប័ណ្ណ គំរូថ្មីនេះទាំងអស់គ្នា ដើម្បីយកទៅប្រើប្រាស់បម្រើឲ្យផលប្រយោជន៍ផ្ទាល់ខ្លួនផង និងសម្រាប់ចូលរួមបោះឆ្នោតផង។
សម្តេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ដែរថា ថ្វីបើការធ្វើអត្តសញ្ញាប័ណ្ណ សញ្ជាតិខ្មែរ គំរូថ្មីនេះ ការចែកចាយមានភាពយឺតយ៉ាវក៏ពិតមែន តែអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានប្តេជ្ញាថា នឹងធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីនេះ ជូនប្រជាពលរដ្ឋឲ្យអស់នៅក្នុង២០១៧ នឹងបន្តធ្វើរហូតដល់ឆ្នាំ២០១៨៕

