ប្រទេសនីហ្សេរីយ៉ា៖ យ៉ាងហោចណាស់ មានមនុស្ស ២០នាក់ បានស្លាប់ នៅក្នុងការវាយប្រហារចំនួនពីរ កន្លែង ដាច់ដោយឡែកពីគ្នា ស្ថិតនៅក្នុងភូមិ នៃរដ្ឋប័រណូ ភាគឦសានប្រទេស នីហ្សេរីយ៉ា កាលពីព្រឹកថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ ស្របពេល ដែលក្រុមបូកូ ហារ៉ាម ត្រូវគេបានសំដៅមុខ ព្រួញចោទប្រកាន់ថា អ្នកបង្កការវាយប្រហារនោះ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា មន្ត្រីបម្រើការងារក្នុងតំបន់ ដែល ត្រូវបានបង្កើតឡើង ដោយប្រជាជនទាំងអស់នៅរដ្ឋភាគខាងជើងប្រទេសអាហ្វ្រិកមួយនេះ គឺលោក ប៊ីឡាល មូស្តាហ្វា និយាយថា លោកបានឃើញដោយផ្ទាល់នូវការវាយប្រហារ ទៅលើភូមិ អាល់គីដៀវ ដែលមានចម្ងាយ ៣០ គីឡូម៉ែត្រពីទីក្រុងម៉េឌូហ្គួរី របស់រដ្ឋ ប័រណូ កាលពីព្រឹកមិញនេះ។
បើតាមសម្តីរបស់មន្ត្រីខាងលើឲ្យដឹងថា ក្រុមអ្នកវាយប្រហារដែលគេសង្ស័យថា ជាពួក សកម្មប្រយុទ្ធបូកូហារ៉ាម បានជិះម៉ូតូជាច្រើនគ្រឿង រួចបើកការបាញ់ប្រហារទៅលើ ក្រុម ប្រជាជនស្លូតត្រង់ទាំងកម្រោលជាទីបំផុត។ ការវាយប្រហារធ្វើឡើងនៅតាមទីប្រជុំជន និង មានការចូលទៅបាញ់ រះក្នុងលំនៅដ្ឋាន របស់ប្រជាជនមួយ ចំនួនថែមទៀតផង៕

