Friday, February 13, 2015

ពលករ​ខ្មែរ​ជាង ជាច្រើន​នាក់ បានក្លាយ ជា​កម្លាំង​ស្នូល សម្រាប់​សេដ្ឋកិច្ច​ថៃ

រាជធានី​ភ្នំពេញ​៖ ប្រជា​ពលករ​ខ្មែរ ដែល​កំពុង​បម្រើ​ការងារ​នៅ ក្នុង​ប្រទេស​ថៃ ជាច្រើន​នាក់ បាន​ក្លាយជា កម្លាំង​ពលកម្ម ដ៏​សំខាន់​បម្រើ​តាម​រោងចក្រ សហគ្រាស ភោជនីយដ្ឋាន កសិកម្ម ជាពិសេស​ពួកគេ បាន​ក្លាយជា កម្លាំង​ដ៏​ពិសេស​មួយ​ជំរុញ​កំណើន សេដ្ឋកិច្ច​របស់​ថៃ​។ ក្រុម​ថៅកែ​ជនជាតិ​ថៃ​បាន​លើកឡើង​ថា ប្រសិនបើ​គ្មាន កម្លាំង​ពលកម្ម​ខ្មែរ​ទេ ពួកគេ​នឹង​ជួប​បញ្ហា​ខ្វះ​កម្លាំង​ពលកម្ម និង នាំ​ឲ្យ​រាំងស្ទះ​អាជីវកម្ម​ផងដែរ​។​
​លោក SOMMAS SUPAPHOL សមាជិក​ក្រុមប្រឹក្សា​កសិករ​ជាតិ​ថៃ និង ជា​ថៅកែ​ចំការ​ដំឡូង និង រោងចក្រ ហ្គាស​នៅក្នុង​ខេត្ត​ឈុន​បូរី បាន​ប្រាប់ឲ្យដឹង​ថា ប្រទេស​ថៃ​មាន​ពលករ​មី​យ៉ាន់​ម៉ា​ច្រើនជាងគេ​មាន ចំនួន​ប្រមាណ ៤​លាន​នាក់ ពលករ​ខ្មែរ​ជាង ១​លាន​នាក់ ពលករ​ឡាវ ៣០​ម៉ឺន​នាក់ និង វៀតណាម​ជាង ២០​ម៉ឺន​នាក់​។​

​លោក SOMMAS បាន​បន្ត​ឲ្យដឹងថា ពលករ​មី​យ៉ាន់​ម៉ា បម្រើ​ការងារ​នៅតាម​ផ្សារ និង រោងចក្រ​, ពលករ​ខ្មែរ បម្រើ​ការងារ​សាងសង់ រោងចក្រ កសិកម្ម នេសាទ និង ភោជនីយដ្ឋាន​, ពលករ​ឡាវ បម្រើ​ការងារ​នៅតាម​ភោ​ជ នី​យដ្ឋា​ន និង​ខារ៉ាអូខេ រីឯ​ពលករ​វៀតណាម បម្រើ​ការងារ​នៅតាម​ផ្សារ​។ លោក SOMMAS បាន​គួសបញ្ជាក់​ថា វិស័យ​កសិកម្ម ភាគច្រើន​មាន​តែ​ជនជាតិ​ខ្មែរ​តែ​ប៉ុណ្ណោះ​។​
​លោក SOMMAS បានឲ្យដឹងថា ពលករ​ខ្មែរ​នៅ​ក្រុង​បាងកក មាន​ប្រហែល​៣០​ម៉ឺន​នាក់​, ខេត្ត​រ៉ាក់យ៉ង​ប្រហែល ២៥​ម៉ឺន​នាក់​, ខេត្ត​ឈុន​បូរី ២២​ម៉ឺន​នាក់​, ខេត្ត​ចាន់​បូរី​ប្រមាណ ៣​ម៉ឺន​នាក់​, ខេត្ត​ត្រាត​ប្រមាណ ២​ម៉ឺន​នាក់​, ខេត្ត សមុទ្រ​ប្រា​កាន ប្រហែល ២០​ម៉ឺន​នាក់​, ខេត្ត​បទុម​ថា​នី ប្រហែល ២០​ម៉ឺន​នាក់​, ខេត្ត​អាយុ​ទ្យា ១០​ម៉ឺន​នាក់​, ខេត្ត សុង​ក្លា ២​ម៉ឺន​នាក់ និង​ខេត្ត​បាត់​ថា​នី​ប្រមាណ ២​ម៉ឺន​នាក់​។​
​ថៅកែ​ចំការ​ដំឡូង​ជនជាតិ​ថៃ​ម្នាក់​ទៀត រស់នៅ​ឃុំ​សំណាក់​ថន ស្រុក​បាន​ឆាង ខេត្ត​រ៉ាក់យ៉ង លោក​អនុ​ផាត​ឧត្តម ស៊ុម​ឆាយ បានបញ្ជាក់​ថា ពលករ​ខ្មែរ ធ្វើ​ការងារ​ល្អ និង​មាន​ភាព​អត់ធ្មត់ បាន​បម្រើ​ប្រយោជន៍​សម្រាប់​រូបលោក និង​ថៅកែ​ថៃ​ដទៃទៀត​។​
​លោក ស៊ុម ឆាយ ក៏​បាន​ទទួស្គាល់ថា ប្រសិនបើ​គ្មាន​ពលករ​ខ្មែរ​ទេ នឹង​មិន​មាន​ពលកម្ម​សម្រាប់​ដាំដំឡូង​នោះ ក៏  ដូចជា​ចំការ​ផ្សេងៗ​ទៀត​បាន​ឡើយ ព្រោះ​ជនជាតិ​ថៃ​មិន​មាន​អ្នក​ធ្វើ​វិស័យ​នេះ​ឡើយ ពួកគេ​ច្រើន​ធ្វើ​នៅ​តាម​រោងចក្រ ឬ​ប្រទេស​ដទៃ ដែល​មាន​តម្លៃ​ពលកម្ម​ខ្ពស់​។ លោក ស៊ុម ឆាយ ក៏​បាន​ជួប​បញ្ហា​ខ្វះ​កម្លាំង​ពលកម្ម​ផងដែរ  នៅពេល​ដែល​រដ្ឋាភិបាល​ថៃ របស់លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​មក​កម្ពុជា​កាលពី ពាក់កណ្តាល​ឆ្នាំ​២០១៤​កន្លងទៅ​។​
​លោក ស៊ុម ឆាយ ក៏​បានឲ្យ​ដឹង​ផងដែរ​ថា ចំការ​ដំឡូង​របស់លោក តាំងពី​ពេល​ដាំ រហូត​ដល់​ដក​ប្រមូល​ចូលក្នុង រោងចក្រ គឺ​ពលករ​ខ្មែរ​ជា​អ្នក​ធ្វើ​ទាំងអស់ រូបលោក ក៏​ដូច​ជា​ថៅកែ​ចំការ​ដំឡូង​ដទៃទៀត មិន​ដែល​ចុះ​ទៅ​មើល នៅ​ចំការ​ដំឡូង​នោះឡើយ​។​
​លោក SOMMAS ក៏​បាន​បញ្ជាក់​ដែរ​ថា ពលករ​ខ្មែរ សុទ្ធតែ​មាន​ជំនាញ​ខាង​ដាំដំឡូង ហើយ​ថៅកែ​ចិន​មួយចំនួន  បាន​ចរចា​ចង់​ជួល​ពលករ​ខ្មែរ​ទៅ​ធ្វើ​ចំការ​ជូន​ពួកគេ​ផង​ដែរ​។ មិនថាតែ​ចំការ​ដំឡូង​នោះទេ សូម្បី​នៅតាម​ការដ្ឋាន សំណង់​ផ្សេងទៀត ក្រៅតែពី​មេការ​មួយ ទៅ​ពីរ​នាក់ ក្រៅពី​នោះ​ពលករ គឺ​សុទ្ធសឹង​ជា​ពលរដ្ឋ​ខ្មែរ​។​
​បើ​តាម​ការសាកសួរ​ព័ត៌មាន​ជា​មួយ​ពលករ​ខ្មែរ ដែល​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ បាន​រកឃើញថា ពលករ​ខ្មែរ​ធ្វើ​ចំ  ណាក​ស្រុក​ទៅ​ប្រទេស​ថៃ មានដូចជា​៖ ខេត្ត​កំពត តាកែវ ព្រៃវែង ស្វាយរៀង ត្បួងឃ្មុំ កំពង់ចាម កំពង់ធំ សៀម រាប បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង កណ្តាល ភ្នំពេញ (​តិចតួច​បំផុត​) កំពង់ស្ពឺ និង កោះកុង​។ ពលករ​ខ្មែរ​ដែល​ទៅ​ស្វែងរក​ការងារ​តាម​រយៈ​មេខ្យល់​ត្រូវបាន​មេខ្យល់​បញ្ចុះ បញ្ចូល​ឲ្យទៅ​ធ្វើការ ជាមួយ​ការ​អះ អាង​ថា ទទួលបាន​ប្រាក់​ឈ្នួល​មួយ​ថ្ងៃ ២៥០ ទៅ ៣០០​បាត (៣២,៧៣​បាត ស្មើ ៤.០០០​រៀល​) ហើយ​មិន​ត្រូវ បាន​ចាប់ចង ដោយ​តម្រួត​ថៃ​នោះ​ទេ​។​
​មេខ្យល់​ទាំងនេះ មាន​បណ្តាញ​ជា​ប្រព័ន្ធ​ទាំង​ខាង​ខ្មែរ និង ថៃ ដោយ​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ ចំណាយ​ប្រាក់​ចន្លោះ ២.៥០០​បាត ទៅ ៣.០០០​បាត​។ ការចំណាយ​ទាំងនោះ សម្រាប់​ការធ្វើ​ដំណើរ​ពី​ភ្នំពេញ រហូត​ទៅ​ដល់​គោល  ដៅ​កន្លែង​ធ្វើ​ការងារ និង​បង់ថ្លៃ​ឆ្លងដែន​ឲ្យ​នគរបាល​ខ្មែរ នគរបាល​ថៃ ជា​ការ​ស្រេច​។ នៅពេល​ពលករ​ចង់​វិលត្រឡប់  មក​មក​ស្រុក​កំណើត​វិញ ត្រូវ​ចំណាយ ១.៥០០​បាត ឬ ២.០០០​បាត ដោយ​ការធ្វើ​ដំណើរ​ពី​ទល់ដែន ដល់​ផ្ទះ​ជា បន្ទុក​របស់​ពួកគាត់​។​
​តាម​ការរៀបរាប់​របស់​ពលករ​ខ្មែរ បានឲ្យដឹងថា ជា​មធ្យម​ពលករ​ខ្មែរ ធ្វើការ​ក្នុង​ប្រទេស​ថៃ ទទួលបាន​ប្រាក់​កម្រៃ  ជា​មធ្យម ២៧០​បាត ទៅ​៣០០​បាត​ក្នុង​មួយថ្ងៃ​។ ក្រោយ​ពី​ចំណាយ​សម្រាប់​ការស្នាក់អាស្រ័យ និង​ហូ​មចុ​ក​ក្នុង  ម្នាក់ៗ នៅសល់​ចន្លោះ​ពី ៤.០០០​បាត ទៅ​៥.០០០​បាត​ក្នុង​មួយខែ​។ ពួកគាត់​បាន​ផ្ញើ​ប្រាក់​មក ជួយ​ចិញ្ចឹម​គ្រួ សារ​នៅ​ស្រុក​កំណើត​ពី​ចន្លោះ ២.៥០០​បាត ទៅ​៣.០០០​បាត ប្រសិនបើ​មាន​កូន​រៀន អាច​ដល់ ៥.០០០​បាត​។ ការ​ផ្ញើ​ប្រាក់​នៅ​ប្រទេស​ថៃ ស្រួល ដោយ​នៅ​កៀក​កន្លែង​រស់នៅ​របស់​ពួក​គេ​តែម្តង​។​
​ក្នុងចំណោម​ពលករ​ខ្មែរ​ទាំងនោះ មួយចំនួន​មក​ទាំង​គ្រួសារ ប្តី ប្រពន្ធ និង​កូន តែ​មាន​ចំនួន​មិន​ច្រើន​ទេ​។ ប្រ សិន​បើ​មាន​កូនតូចៗ ភាគច្រើន​មិន​យក​កូន​ទៅ​ជាមួយ​ទេ ដោយ​ទុក​ឲ្យនៅ​រៀនសូត្រ​នៅ​ស្រុកកំណើត ហើយ​ផ្ញើ លុយ​មក​ចិញ្ចឹម​រៀនសូត្រ ចន្លោះ ៥.០០០​បាត ទៅ​៦.០០០​បាត​៕