រាជធានីភ្នំពេញៈ នៅឯវិមានព្រឹទ្ធសភាជាតិ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយដាក់បន្ទុកចោទយ៉ាងធ្ងន់ ទៅលើភាពយឺតយ៉ាវ នៃការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ត្រួតពិនិត្យថ្នាំជក់ រួមទាំងការអនុវត្តការ រឹតបន្តឹងច្បាប់នៅមិនទាន់មានប្រសិទ្ធភាព ដែលកត្តានេះបានក្លាយជា មូលហេតុបណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើន នាក់ នេះបើគិតជាមធ្យមក្នុង១ឆ្នាំ យ៉ាងហោចណាស់១ម៉ឺននាក់។
កញ្ញា ជុំ គឹមស្រៀង តំណាងមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង បានឲ្យដឹងថា យោងតាមឯកសារ សេចក្តីព្រាងច្បាប់ត្រួតពិនិត្យថ្នាំជក់ បានបង្ហាញឲ្យឃើញថា មានមនុស្សស្លាប់ ដោយសារការប្រើប្រាស់ថ្នាំជក់ជាង ១ម៉ឺននាក់ ក្នុង១ឆ្នាំ ហើយសេចក្តីព្រាងច្បាប់នេះ បានធ្វើឡើងតាំងពីឆ្នាំ២០០៣ លុះដល់ឆ្នាំ២០១៤ ទើបសម្រេចអនុម័ត ដូច្នេះវាមានរយៈពេលយូរណាស់ គឺរយៈពេល១១ឆ្នាំ។ កញ្ញាបន្តថា «ក្នុង១ឆ្នាំ មានមនុស្សស្លាប់១ម៉ឺននាក់ បើយើងគុណនឹងរយៈពេល១១ឆ្នាំ វាឡើង១សែន១ម៉ឺននាក់ ដូច្នេះមនុស្សស្លាប់ច្រើនណាស់ តើហេតុអ្វីបានជាសេចក្តីព្រាងច្បាប់នេះ ទើបតែកើតឡើងនៅ ក្នុងឆ្នាំ២០១៤ ដោយវាចំណាយពេលវេលាច្រើនណាស់ ព្រោះថានេះគឺជាបញ្ហា សុខភាពសាធារណៈដ៏ធ្ងន់ធ្ងរ ?»៕
លោក ឯក ចាន់ធូ តំណាងមកពី សាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានឲ្យដឹងថា ពិភពលោកទាំងមូល ហាក់បីដូចជាបានដឹងច្បាស់ថា បញ្ហាធំបំផុតពាក់ព័ន្ធ នឹងសុខភាពមនុស្ស គឺផលិតផលថ្នាំជក់ និងស្រាឬស្រាបៀរ ចុះមានហេតុផលអ្វីបានជាមានការគាំទ្រ ឲ្យម្ចាស់អាជីវកម្មនៅតែផលិត ចុះឥឡូវនេះហេតុអ្វីអ្នកគាំទ្រ ទាំងអស់ម្តេចមិនស្រុះស្រួលគ្នាឯកភាពគ្នាបំបិទ ការផលិតផលិតផលខាងលើនេះ ។ លោកបញ្ជាក់ថា «តើយើងអាចមានវិធានការ ធ្វើការបណ្តុះបណ្តាលអប់រំ ម្ចាស់អាជីវកម្ម ហើយដាក់ពិន័យពួកគាត់ឲ្យបញ្ឈប់ ការផលិត ផលិតផលខាងលើនេះបានទេ តើហេតុអ្វីបានជាមិនអាចបញ្ឈប់ករណីនេះបាន តើហេតុអ្វីបានមិនចាត់វិធានការក្តៅ ព្រោះថាស្លាប់១ឆ្នាំម៉ឺននាក់ មិនធម្មតាទេបើធៀបនឹងសម័យសង្គ្រាម មានត្រឹមតែ១ពាន់ នាក់១ឆ្នាំ គឺវាច្រើន?» ។
ឆ្លើយតបទៅនឹងការលើកឡើងខាងលើនេះ ឯកឧត្តម ហុក ខៀវ ប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ចំពោះភាពយឺតយ៉ាវនៃ សេចក្តីព្រាងច្បាប់កន្លងមកនេះ គឺវាពាក់ព័ន្ធនឹងការយល់ដឹងអំពី ការប្រើប្រាស់នូវផលិតផលថ្នាំជក់នេះ ជាពិសេស គឺផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់នៅមានកម្រិតនៅឡើយសម្រាប់ប្រជាជន ហើយក៏មានការជ្រៀតជ្រែតពីឧស្សាហ៍កម្មថ្នាំជក់ ដែលគាត់តែងតែធ្វើការបំភ័ន្តនូវ មតិសាធារណៈជន, ទី២-ពាក់ព័ន្ធទៅនឹងកាលៈទេសៈស្ថានភាពប្រទេសកម្ពុជា គឺនៅពេលខណៈនោះ ពុំទាន់ដល់ពេលវេលាសម្រាប់ ការរឹតបន្តឹងទៅលើការអនុវត្ត នូវអនុសញ្ញាត្រួតពិនិត្យថ្នាំជក់ទេ ដោយកម្ពុជា គ្រាន់តែចុះអនុវត្តនូវ គោលនយោបាយមួយ គឺធ្វើការអប់រំប្រជាពលរដ្ឋ ឲ្យបានយល់នូវផលប៉ះពាល់ផលិតផលថ្នាំជក់នេះ គឺរដ្ឋាភិបាលបានចេញនូវ អនុក្រិតចំនួនពីរ ដោយសារតែរដ្ឋាភិបាលយល់ឃើញថា ការអនុម័តច្បាប់ គឺត្រូវប្រើពេលវេលាយូរ ដូច្នេះដើម្បីទប់ស្កាត់នូវស្ថានការក្នុងប្រទេសកម្ពុជា គ្រាន់តែលើកយកការទប់ស្កាត់ នូវការផ្សាយពាណិជ្ជកម្មបារីតាមផ្ទាំង ប៉ាណូគ្រប់រូបភាពកាលពីមុន ឆ្នាំ២០១១កន្លងមក ខណៈដែលស្ថានភាពក្នុងពេលនោះ មានការផ្សាយពាណិជ្ជកម្មព្រោងព្រាត ដូច្នេះរដ្ឋាភិបាលបានសម្រេចចេញនូវ អនុក្រិត្យស្តីពីវិធានការហាមឃាត់ ការផ្សាយពាណិជ្ជកម្មនេះឡើង ហើយក៏បានដាក់ចេញនូវប្រកាស ស្តីពីវិធានការលម្អិតនៃការហាមឃាត់។
ឯកឧត្តម បានបញ្ជាក់ថា «បន្ទាប់ពីចេញសារាចរណ៍ និងអនុក្រឹត្យ ឬសេចក្តីប្រកាស ទាក់ទងនឹងថ្នាំជក់ជាច្រើនហូរហែររួចមក រាជរដ្ឋាភិបាលក៏បានចង្អុលបង្ហាញ ឲ្យក្រសួងសុខាភិបាល បានកំណត់នូវវិធានការអប់រំណែនាំ ឲ្យបានច្រើនជាជាងវិធានការរឹតបន្តឹង ដាក់វិន័យ ឬក៏ការផាកវិន័យទៅលើ ប្រជាពលរដ្ឋយើង» ។ រដ្ឋាភិបាលក៏បានសម្រេចអនុម័ត នូវសេចក្តីព្រាងច្បាប់នេះ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ ដោយខ្លឹមសារនៅក្នុងសេចក្តីព្រាងច្បាប់នេះ យើងមានការបញ្ជាក់ និងមានការរឹតបន្តឹងបន្ថែម ទៅលើអនុក្រឹត្យ ដែលយើងចេញមុន ដោយមានដាក់សាររូបភាពនៅលើកញ្ចប់បារី ឲ្យបានយ៉ាងតិច៥០% នៃកញ្ចប់បារី ដូច្នេះចំពោះការយឺតយ៉ាវមិនមែនរដ្ឋាភិបាល មិនយកចិត្តទុកដាក់នោះទេ ប៉ុន្តែដោយសារតែកាលទេសៈ និងស្ថានភាពប្រទេសជាតិ តម្រូវឲ្យយើងចេញអនុក្រឹត្យ ទប់ស្កាត់មុនពេលយើងចេញច្បាប់ជាមុន៕

