Thursday, February 12, 2015

មន្ត្រីនគរបាលយុត្តិធ៌មទាំងអស់ ត្រូវមានជំនាញច្បាស់លាស់

រាជធានីភ្នំពេញ ៖ ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធ៌ម និងប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឯកឧត្តមនាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរង បានណែនាំដល់មន្ត្រីនគរបាលយុត្តិធ៌មទាំងអស់ត្រូវមានជំនាញច្បាស់លាស់ និងឆ្លងកាត់វគ្គបណ្ដុះបណ្ដាលដើម្បីពង្រឹងដល់សមត្ថភាព ។
នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធ៌ម និងប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។
បន្ទាប់ពីការអានអនុក្រិត្យតែងតាំងមុខតំណែង និងការប្តេជ្ញាចិត្តរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធ៌ម និងឯកឧត្តមឧត្តមសេនីយ៍ទោ សុខ ខេមរិន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រួចមក ។ ឯកឧត្តមនាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរងនគរបាលជាតិ បានសម្តែងការអបអរសាទរ និងបានមានប្រសាសន៍ណែនាំដល់ ប្រធាននាយកដ្ឋានដែលទើបតែងតាំងថ្មី ធ្វើយ៉ាងណាត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ ពង្រឹងកិច្ចការព្រហ្មទណ្ឌ និងត្រូវខិតខំអនុវត្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់ ថែមទៀត និងជាពិសេសមន្ត្រីនគរបាលយុត្តិធ៌មទាំងអស់ត្រូវមានជំនាញច្បាស់លាស់ និងឆ្លងកាត់វគ្គបណ្ដុះបណ្ដាល ៕