Thursday, September 7, 2017

ព្យុះកំបុតត្បូង Irma បំផ្លិចបំផ្លាញ​តំបន់​ Caribbean យ៉ាងហោចណាស់មនុស្ស ​៩​នាក់ ត្រូវបានស្លាប់​

​Puerto Rico ៖ នៅ​ថ្ងៃទី៦ សីហា​ ព្យុះកំបុតត្បូង Irma បាន​បង្ក​ជាការ​បំផ្លិចបំផ្លាញ​ដ៏​សាហាវ​ នៅ​តំបន់ Caribbean និង​បាន​ឆក់យក​ជីវិត​មនុស្ស​យ៉ាងហោចណាស់​៩នាក់​។​
​ព្យុះ​អា​ត្ល​ង់​ទិ​ក​ដែលមាន​ឥទ្ធិពល​ខ្លាំង​បំផុត​ ក្នុង​កំណត់ត្រា​មួយ​នេះ ​ដែលជា​ព្យុះ​ប្រភេទ​ប្រាំ​ គឺ​បាន​វាយប្រហារ​ឆ្នេរសមុទ្រ​ភាគ​ខាងជើង ​នៃ​ប្រទេសPuerto Rico ​កាលពី​យប់​ថ្ងៃ​ពុធ​។​
​ក្រុមមន្ត្រី​បាន​និយាយថា កោះ St Martin ដែលជា​ផ្នែក​មួយ​នៃ​ប្រទេស​បារាំង ​និង​ជា​រមណីយដ្ឋាន​ដ៏​ល្អ​ប្រណីត ​ដែល​ត្រូវបាន​គេ​ស្គាល់​ដោយសារតែ​ជីវិត​ពេល​រាត្រី ​ដ៏​រស់​រវើក​របស់ខ្លួន ​គឺ​បាន​ទទួលរង​ការវាយប្រហារ​យ៉ាង​ពេញទំហឹង​។ មនុស្ស​យ៉ាងហោចណាស់​ប្រាំមួយ​នាក់​ បាន​ស្លាប់​ហើយ​លំនៅដ្ឋាន​ ៩៥​ភាគរយ​ត្រូវបាន​បំផ្លាញ​។​
​មន្ត្រីជាន់ខ្ពស់​ក្នុង​តំបន់​លោក Daniel Gibbs បាន​និយាយ​ក្នុង​បទ​សម្ភាស​តាម​វិទ្យុ​មួយ​ថា “​វា​ជា​គ្រោះមហន្តរាយ​ដ៏​ធំ​សម្បើម​។ កៅសិប​ប្រាំ​ភាគរយ​នៃ​កោះ​នេះ​ត្រូវបាន​បំផ្លាញ​”​។​
​ប្រធានការិយាល័យ​រដ្ឋ​បា​លកោះ Guadeloupe លោក Eric Maire បាន​ហៅ​ស្ថានភាព​នៅ​កោះ St Martin ថា “​គួរ​ឲ្យ​រំជើបរំជួល​” ហើយ​និយាយថា កោះ​ដែល​បែងចែក​រវាង​ប្រទេស​ហូ​ឡង់​ និង​បារាំង​មួយ​នេះ​ គឺ​គ្មាន​ទឹកស្អាត​ផឹក ​ឬ​អគ្គិសនី ​ហើយ​បាន​ព្រមាន​ថា ចំនួន​អ្នកស្លាប់​នឹង​កើនឡើង​។​
​នៅ​ភាគ​អាគ្នេយ៍ តំបន់ Barbuda ដែលជា​ផ្នែក​មួយ​នៃ​ប្រទេស​កោះ​ភ្លោះ Antigua និង Barbuda គឺ​បាន​ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ​យ៉ាងខ្លាំង​ដោយ​៩៥​ភាគរយ​នៃ​អចលនទ្រព្យ​បាន​រង​ការខូចខាត ​និង​៣០​ភាគរយ​ត្រូវបាន​កម្ទេច​ នេះ​បើ​យោងតាម​នាយករដ្ឋមន្ត្រី Gaston Browne ។​
​លោក Browne បាន​និយាយថា “Barbuda ឥឡូវនេះ​ក្លាយជា​កម្ទេច​ថ្ម​”​។ មនុស្ស​ម្នាក់​ត្រូវបាន​គេ​ដឹងថា​ បាន​ស្លាប់​នៅលើ​កោះ​ដែលមាន​ប្រជាពលរដ្ឋ​ចំនួន​១,៦០០​នាក់​មួយ​នេះ​។​
​ជាង​ពាក់កណ្តាល​នៃ​ប្រជាជន​Puerto Rico ​ដែលមាន​ចំនួន​សរុប​បី​លាន​នាក់​ គឺ​គ្មាន​អគ្គិសនី​ប្រើប្រាស់​ ហើយ​អភិបាល Ricardo Rossello បានដាក់​ពង្រាយ​ឆ្មាំ​ជាតិ​ និង​បើក​ជម្រក​ដែល​គ្រប់គ្រាន់​ ដើម្បី​ផ្គត់ផ្គង់​ដល់​មនុស្ស​រហូតដល់​ទៅ​៦២,០០០​នាក់​។​
​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បានប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​នៅ​Puerto Rico ​ក៏ដូចជា​កោះ Virgin របស់​អាមេរិក ​និង​រដ្ឋ Florida ផងដែរ​។​
​នៅក្នុង​ប្រទេស​គុយបា ស្ថានភាព​នៃ​ការប្រុងប្រយ័ត្ន​ ត្រូវបាន​ប្រកាស​នៅក្នុង​ខេត្ត​ភាគ​ខាងកើត ​និង​ភាគ​កណ្តាល​ ដែល​ពលរដ្ឋ​ត្រូវបាន​ណែនាំ​ឲ្យ​ទៅ​រស់នៅ​ជាមួយ​សាច់ញាតិ​ ឬ​ទៅ​ជម្រក​របស់​រដ្ឋាភិបាល​។​
​ឆ្នេរ​ភាគ​ខាងជើង​របស់​ប្រទេស​ហៃ​ទី ​បាន​ប្រុងប្រយ័ត្ន​ដោយសារ​ខ្យល់ព្យុះ​នេះ​ បើទោះបីជា​ប្រជាជន​នៅក្នុង​ទីក្រុង Cap-Haitien ភាគច្រើន​ហាក់ដូចជា​មិនដឹង​ពី​ព្យុះ​ ដែល​កំពុង​កើតមាន​ក៏ដោយ​៕