រាជធានីភ្នំពេញ៖ ក្នុងកិច្ចពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន ពាក់ព័ន្ធគម្រោងមួយចំនួន សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា នឹងចុះហត្ថលេខាលើឯកសារសំខាន់ចំនួន២ ដែលមានទឹកប្រាក់ប្រមាណជាង ២៤០លានដុល្លារ។
ទី១.ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោងធ្វើឲ្យប្រសើរឡើងវិញ នៃការការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៤ ដែលមានទឹកប្រាក់សរុប ៣,៩៤៨លានយ៉េន (ប្រមាណជា៣៥លានដុល្លារសហរដ្ឋអាមេរិក) និងទី២.ឥណទានសម្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានទឹកប្រាក់សរុប ៣២,៥០២លានយ៉េន (ប្រមាណជាង ២០៩លានដុល្លារសហរដ្ឋអាមេរិក)។
បើតាមហ្វេសប៊ុកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រៅពីគម្រោងទាំងពីរ ដែលភាគីកម្ពុជា-ជប៉ុន ចុះកិច្ចហត្ថលេខាជាមួយគ្នានេះ សម្ដេច ហ៊ុន សែន គ្រោងលើកយកសំណើសាងសង់ផ្លូវរថភ្លើងលើអាកាស ពីរាជធានីភ្នំពេញឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានទឹកប្រាក់ប្រមាណ ៨០០លានដុល្លារ នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនផងដែរ។
កាលពីឆ្នាំ២០១៦កន្លងមក ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន មានប្រមាណ ១,៣៥៥លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទំនិញចំនួន ៨២៧លានដុល្លារ ឯការនាំចូលពីជប៉ុនគឺ ៥២៨លានដុល្លារ ៕