រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់ Futsal ថ្នាក់ជាតិឆ្នាំ២០១៧ នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី២៩ កក្កដា បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រេចបង្កើតឡើងវិញកាលពីពេលថ្មីៗកន្លងទៅ ក្រោយបោះបង់ចោលអស់រយៈពេល៥ឆ្នាំ ។
ការប្រកួត Futsal ឆ្នាំ២០១៧ មានក្រុមចូលរួមចំនួន ២០ក្រុម ហើយបែកចែកជា ៤ពូល ក្នុងមួយពូលមាន ៥ក្រុម ដើម្បីធ្វើការប្រកួតជម្រុះ ដោយក្រុមសន្សំពិន្ទុបានខ្ពស់ជាងគេលេខ១ និងលេខ២ នៃពូលនីមួយៗ ត្រូវឡើងវគ្គបន្ដ ខណៈក្រុមលេខ៣ នៃពូលA និងពូលB រួមទាំងក្រុមលេខ៣ នៃពូលC និងពូលD ត្រូវជ្រើសក្រុមធ្វើបានល្អជាងគេ ២ក្រុមឡើងទៅបង្គ្រប់វគ្គ ១០ក្រុមចុងក្រោយ។
ចំណែកការប្រកួតបើកឆាកនៅចុងសប្ដាហ៍គឺមាន ៤គូ រួមមានក្រុម B.A United ប៉ះក្រុម Panda FC, ក្រុមនាគអាស៊ី ប៉ះក្រុម 3G FC, ក្រុមឆន្ទៈកីឡា ប៉ះក្រុម VK United និងក្រុមស.ស.យ.ក កំចាយមា ត្រូវជួបក្រុម Fan Sport ក្នុងនោះក៏នឹងមានការផ្សាយផ្ទាល់ពីក្រុមការងារទូរទស្សន៍ MYTV ផងដែរ ។
ក្រុមជម្រើសជាតិបាល់ទាត់ Futsal កម្ពុជា ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៤ ចំនួន២ដង ប្រចាំតំបន់អាស៊ាន AFF Futsal Championship ក្នុងចន្លោះឆ្នាំ២០០៣ នឹងឆ្នាំ២០០៦ផងដែរ៕