Sunday, July 30, 2017

ក្រសួងអប់រំ ចេញកាលវិភាគវិញ្ញាសាប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)

ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ សីហា ២០១៧ ។ ក្រសួងអប់រំ យុវជន និងកីឡា បានចេញតារាងប្រព្រឹត្តទៅនៃវិញ្ញាសា សម្រាប់ការប្រឡងនេះ បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញថ្ងៃទី ២៩ កក្កដា។កាលវិភាគសម្រាប់ការប្រឡងបាក់ឌុប បានបែងចែកជាពីរថ្នាក់ គឺថ្នាក់វិទ្យាសាស្ត្រ  និងវិទ្យាសាស្ត្រសង្គម។
សម្រាប់ថ្នាក់វិទ្យាសាស្ត្រ មាន ៧វិញ្ញាសា រួមមាន ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា គឺប្រលងនៅថ្ងៃទី ២១ សីហា បេក្ខជនទាំងអស់ នឹងត្រូវប្រឡងលើវិញ្ញាសា ប្រវត្តិវិទ្យា និង ជីវវិទ្យា នៅពេលព្រឹក និងពេលរសៀល មានវិញ្ញាសា គីមីវិទ្យា និងភាសាបរទេស ចំណែកថ្ងៃទី ២២ សីហា នឹងប្រឡងលើវិញ្ញាសា អក្សរសាស្ត្រខ្មែរ និងរូបវិទ្យា នៅពេលព្រឹក និងពេលរសៀល មានវិញ្ញាសា គណិតវិទ្យា ដែលជាវិញ្ញាសាចុងក្រោយសម្រាប់ការប្រឡង។
ជាមួយគ្នានោះដែរ បេក្ខជនដែលប្រឡងថ្នាក់វិទ្យាសាស្ត្រសង្គម មាន ៧វិញ្ញាសា ដូចគ្នា មាន ផែនដី-បរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ នឹងត្រូវប្រលងនៅថ្ងៃទី ២១ សីហា វិញ្ញាសា ផែនដី-បរិស្ថានវិទ្យា និង ប្រវត្តិវិទ្យា  នៅពេលព្រឹក និងពេលរសៀល មានវិញ្ញាសា ភូមិវិទ្យា និងភាសាបរទេស ចំណែកថ្ងៃទី ២២ សីហា នឹងប្រឡងលើវិញ្ញាសា គណិតវិទ្យា និងសីលធម៌-ពលរដ្ឋវិជ្ជា នៅពេលព្រឹក និងពេលរសៀល មានវិញ្ញាសា អក្សរសាស្ត្រខ្មែរ។
សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២១-២២ ខែសីហា ឆ្នាំ២០១៧ ហើយការប្រឡងនេះ មានបេក្ខជនចូលរួម ១០៣ ១១២ នាក់ ទាំងថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ដោយចែកចេញជា ១៧៨ មណ្ឌល និងបន្ទប់ប្រឡងចំនួន ៤១៥៥បន្ទប់ នៅទូទាំង ២៥រាជធានី-ខេត្ត៕