Thursday, November 5, 2015

ប្រឆាំង​​ដំណើរ​ទស្សនកិច្ច របស់​ប្រធានាធិបតី Xi Jinping ទៅកាន់​ប្រទេស​វៀតណាម​

HANOI: នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ទី​៥ ខែវិច្ឆិកា ប្រធានាធិបតី​ចិន Xi Jinping ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទីក្រុង​ហាណូយ សម្រាប់​ដំណើរ​ទស្សនកិច្ច ដែល​បាន​ធ្វើឲ្យ​ក្រុម​អ្នកជាតិ​និយម​វៀតណា​ម ផ្ទុះ​កំហឹង​ខណៈពេល​ដែល​មាន​ជម្លោះ​រីក​រាលដាល ក្នុង​ដែន​សមុទ្រ​ចិន​ភាគខាងត្បូង ។
​ប្រទេស​កុ​ម្មុយ​នី​ស​ជិតខាង​គ្នា​ទាំង​ពីរ មាន​ចំណងទាក់ទង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ យូរ​មក​ហើយ ប៉ុន្តែ​ភាព​តានតឹង​កាលពីពេល​ថ្មីៗ​នេះ បាន​បង្ក​ឲ្យមាន​ការ​ផ្ទុះឡើង នូវ​ជម្លោះ​ជាច្រើន​ទសវត្សរ៍ លើ​ការទាមទារ​ប្រជុំ​កោះ​ក្នុង​ដែនទឹក​ជម្លោះ ។ មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក Xi ដែលជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង របស់​ប្រធានាធិបតី​ចិន ទៅកាន់​ប្រទេស​វៀតណាម ក្នុង​រយៈពេល​១០​ឆ្នាំនេះ ក្រុម​សកម្មជន​ប្រឆាំង​នឹង​ប្រទេស​ចិន បាន​រៀបចំ​បាតុកម្ម​ខ្នាត​តូច​មួយ ដែល​ជា​ការតវ៉ា​ដ៏​កម្រ នៅ​កណ្ដាល​រដ្ឋធានី​ប្រទេស​វៀតណាម និង​នៅ​ទីក្រុង ហូជីមិញ ភាគខាងត្បូង ។
​បដា​ដែល​កាន់​បង្ហាញ​ដោយ​ក្រុមបាតុករ​កាលពី​ថ្ងៃ​អង្គារ ដែល​ដង្ហែរ​ទៅ​កណ្ដាល​ក្រុង​ហាណូយ សរសេរថា ប្រឆាំងនឹង​ដំណើរ​ទស្សនកិច្ច​របស់ Xi Jinping ដោយ​មាន​ការ​អម​ការពារ​ដោយ​នគរបាល ប៉ុន្តែ​មិន​មាន​ការចាប់ខ្លួន​ឡើយ ។ ការ​ដង្ហែ​បាតុកម្ម​នេះ គឺជា​រឿង​ដ៏​កម្រ​មួយ​ក្នុង​ប្រទេស​ផ្ដាច់ការ​វៀតណាម ប៉ុន្តែ​របប​ដឹកនាំ​នេះ​បាន​បង្កើន​ការលើកលែង​ចំពោះ​ការតវ៉ា​កម្រិត​ទាប ប្រឆាំង​នឹង​សម្ព័ន្ធមិត្ត​ចិន​ដ៏​ធំ​របស់​ខ្លួន ។ ចំណង​ទំនាក់ទំនង​រវាង​ប្រជាជាតិ​ទាំងពីរ បាន​ធ្លាក់ចុះ​ដល់​កម្រិត​ដ៏​ទាប​បំផុត ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​នេះ កាលពី​ខែ​ឧសភា ឆ្នាំ​២០១៤ នៅពេល​ដែល​ទីក្រុង​ប៉េកាំង​ដាក់​ទីតាំង ខួង​អណ្ដូងប្រេង ក្នុង​ដែន​ទឹកសមុទ្រ​ចិន​ភាគខាងត្បូង ដែល​មាន​ជម្លោះ ៕