Tuesday, November 10, 2015

រថយន្ត NAVARA បុក​រះ​ម៉ូតូ​២​គ្រឿង របួស​ ​៥​នាក់

ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ខណៈ​ដែល​មាន​រថយន្ត​ម៉ាក​NAVARA មួយគ្រឿង បើក​ចេញពី​ម្តុំ​ផ្ទះល្វែង ហើយ​ក៏​បុក​រះ​ម៉ូតូ​២​គ្រឿង បណ្តាលឲ្យ​រងរបួស​ធ្ងន់​ស្រាល​តែម្តង ក្នុង​នោះ​បុរស​២​នាក់ បាន​បាក់ជើង​ខាងស្តាំ​ដូចគ្នា​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩:១០​នាទី​យប់ ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​អ្នកឃើញ​ហេតុការណ៍​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​មាន​យុវជន​២​នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ុយ​ហ្សុយ​គី ស្មា​ស់រី​វ៉ូ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1BN0991 បើកបរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​លុះ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង ម៉ាក​NAVARA ពាក់​ស្លាក​លេខ ភ្នំពេញ 2X-0203 បើកបរ​ដោយ​បុរស​ជនជាតិ​កូរ៉េ ក្នុង​សភាព​ស្រវឹង​ផង​នោះ បាន​បើក​ចេញពី​ម្តុំ​ផ្ទះល្វែង​ពី​ជើង​ទៅ​ត្បូង​ក៏​បុក​រះ និង​កិន​ម៉ូតូ​ស្មាស់​នោះ​បណ្តាល​ឲ្យ​យុវជន​ទាំង​២​នាក់ រងរបួស​បាក់ជើង​ខាងស្តាំ​ដូចគ្នា ហើយ​ក៏​ជ្រុល​ទៅបុក និង​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក STR ពណ៌​ស មិន​ចាំ​ស្លាក​លេខ ១​គ្រឿង​ទៀត ដែល​ជិះ​គ្នា​៣​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់​បន្ថែមទៀត បណ្តាលឲ្យ​រងរបួស​ធ្ងន់​ស្រាល​ទាំង​៥​នាក់​តែ​ម្តង​។
​ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សាម៊ុ​យ​ដឹកយក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវបាន​នគរបាល​ចរាច​រណ៍​ខណ្ឌ​សែន​សុខ ប្រគល់ឲ្យ​ទៅ​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ ៕