Sunday, November 8, 2015

អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦២ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ១៩៥៣ ដល់ ៩ វិច្ឆិកា​២០១៥

​ជីវ​ប្រវត្តិៈ ព្រះបាទ​នរោត្តម សីហនុ ៖​មុន​នឹង​និយាយ​ពី​ប្រទេស​កម្ពុជា ទទួលបាន​ឯករាជ្យ​ពី​ប្រទេស​បារាំង យើង​គួរ​និយាយ​ពី​បញ្ហា មួយចំនួន ដែលជា​មូលហេតុ​នាំ​ឲ្យ​បារាំង សម្រេចចិត្ត​ឈាន​ជើង មក​ត្រួតត្រា​លើ​កម្ពុជា ជាមុនសិន​។​
​ចក្រភព​ខ្មែរ​៖ អាណាចក្រ​ខ្មែរ​ឬ​សម័យ​អង្គរ​ខ្មែរ​មានឈ្មោះ​ថា​ជា​មហាអំណាច មួយ​នៅ​អាស៊ីអាគ្នេយ៍ បាន​លូត លាស់ ចេញពី​អតីត​នគរ​ចេនឡា​។ អាណាចក្រ ឬ​នគរ​កម្ពុជា នៅ​សម័យ​នោះ អរិយធម៌​ខ្មែរ​បាន ឡើងដល់​កំរិត កំពូល​ចាប់ពី​សតវត្ស​ទី​៩ ដល់ ទី​១៣​។
ភាពរុងរឿង​នេះ គេ​អាច​សម្គាល់​ដោយ​ផ្ទៃដី​ធំ​ទូលាយ លាតសន្ធឹង​សឹង តែ​អស់​ផ្ទៃ​ដី​ឥណ្ឌូចិន​ទាំងមូល​, មាន​ប្រាសាទ​សិលា​ចំនួន​ច្រើន​រាប់​ពាន់ ប្រកប​ដោយ​ក្បាច់រចនា គួរ​ឲ្យ​កោត ស្ញប់ស្ញែង​, មាន​ផ្ទាំង​សិលាចារឹក​ច្រើន​សន្ធឹកសន្ធាប់ មាន​ទាំង​ភាសាសំស្ក្រឹត និង​ខ្មែរ​បុរាណ ឬ​ជួន កាល​មាន ភាសា​ទាំងពី​រលាយ​ចំរុះ​គ្នា​, មាន​រូប​បដិមា​គ្រប់​ប្រភេទ​, មាន​បុរាណវត្ថុ​ផ្សេងៗ​ទៀត និង​ជា​ពិសេស​មាន ហេដ្ឋារចនាសម្ព័ន្ធ​ដែល​សេសសល់​រហូតមកដល់​សព្វថ្ងៃនេះ ដូចជា បារាយ ទំនប់ទឹក បណ្ដាញ​ជល​គតិ ផ្លូវថ្នល់ ស្ពាន​។​ល​។ ប៉ុន្តែ​ចាប់ពី​ពាក់កណ្ដាល​ទី​១​នៃ​ស​.​វ​.​ទី​១៣​ទៅ ការចុះ​ដុនដាប​ក៏​ចាប់​មាន​បន្តិច​ម្ដងៗ រហូត ដល់​ត្រូវ​បោះបង់​រាជធានី​អង្គរ​ចោល​នៅ​សតវត្ស​ទី​១៥ ដោយ​ព្រះបាទ​ចៅ​ពញាយ៉ាត​។ ចំណែក​ទឹកដី ត្រូវបាន​ប្រទេស​យួន និង​សៀម ឈ្លានពាន លួច ប្លន់ យក​ជា​បន្តបន្ទាប់​មក​នៅសល់​ត្រឹម​សព្វថ្ងៃនេះ​។​
​ស្ថានភាព​នយោបាយ​ខ្មែរ​៖ រហូតមក​ដល់​ស​.​វ​.​ទី​១៩ គឺ​ក្នុង​រជ្ជកាល​ព្រះបាទ អង្គឌួង (១៨៤០-១៨៥៩) ប្រទេស ខ្មែរ​ស្ថិតនៅក្រោម​អំណាច​សៀម និង​យួន​នៅឡើយ​។ ពួក​នេះ​នៅ​ប្រចាំការ​អម​ព្រះអង្គ ដើម្បី​សម្រេច​កិច្ចការ របស់​ខ្មែរ ធ្វើឲ្យ​ព្រះអង្គតូច​ព្រះទ័​យយ៉ាងខ្លាំង​ចំពោះ​ការ​បាត់បង់​ទឹកដី​យ៉ាងច្រើន ដែល​ពួក​យួន និង​សៀម ប្រវ័ញ្ច​យក​ទៅ​ដោយ​ខុសច្បាប់​។ ព្រះអង្គ​បាន​ខិតខំ​រក​គ្រប់​មធ្យោបាយ​ដើម្បី​រំដោះ​ទឹកដី និង​គេច ឲ្យ​ផុត​ពី​ភាព​ចំណុះ​គេ​នេះ​។ នៅ​ឆ្នាំ​១៨៥៤ បព្វជិត​បារាំង​ម្នាក់​ឈ្មោះ មី​ស (Miche) ដែល​ស្និទ្ធ​នឹង​ព្រះ​អង្គ​ឌួង បាន​ថ្វាយ​យោបល់​ដល់ ព្រះអង្គ ឲ្យធ្វើ​ទំនាក់ទំនង​ជាមួយ​ព្រះ​ចៅ​អធិរាជ​បារាំង ណាប៉ូលេអុង​ទី​៣ ដើម្បី​ឲ្យ​បារាំង​ជួយ​ការពារ​ប្រទេស កម្ពុជា​។ ក្រោយពី​ទទួល​លិខិត និង​ដង្វាយ ឆ្នាំ​១៨៥៥ ព្រះ​ចៅ ណាប៉ូលេអុង​ទី​៣ បាន​បញ្ជូន គណៈប្រតិភូ របស់ខ្លួន គឺ​លោក ដឺ​ម៉ុង​ទី​ញី ឲ្យមក​កម្ពុជា​យ៉ាង​រួសរាន់ ដើម្បី​ពិនិត្យ​ស្ទាបស្ទង់​ស្ថានភាព​។ គ្រាន់តែ​លោក ដឺ​ម៉ុង​ទី​ញី មក​ដល់​កំពត​ភ្លាម សៀម​បានដឹង​កិច្ចការ​នេះ ហើយ​បាន​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​។ សៀម​បាន​គំរាមកំហែង​ព្រះបាទ​អង្គឌួង​ថា បើ​ព្រះអង្គ​ចុះសន្ធិសញ្ញា​សម្ព័ន្ធភាព​នឹង​បារាំង​ដែល​មាន ដឺ​ម៉ុង​ទី​ញី ជា​តំណាង​នោះ សៀម​នឹង​លើកទ័ព​ចូល​មក​កម្ទេច​ខ្មែរ​មិន​ខាន ហើយ​ពុំ​ព្រម​ប្រគល់ ត្រា ព្រះខ័ន​រាជ្យ និង​មកុដរាជ្យ​មក​ព្រះអង្គ​ឡើយ​។ ដូចនេះ សៀម ពុំ​បាន​ធ្វើឲ្យ​ព្រះបាទ​អង្គឌួង​សម្រេចព្រះ​បំណង​ឡើយ​។ នៅ​ឆ្នាំ​១៨៥៩ ព្រះបាទ​អង្គឌួង បាន​ចូល​ទិវង្គត​។ រាជបុត្រ​ច្បង​របស់​ព្រះអង្គ គឺ​ព្រះអង្គ​ច្រឡឹង​ឡើង គ្រង​រាជ សម្បត្តិ​ស្នង ដោយមាន​នាម​សម្រាប់​រាជ្យ​ថា ព្រះបាទ​នរោត្ដម​។​
​ស្ថានភាព​នយោបាយ​បារាំង​៖ នៅ​គ្រប់​ទីកន្លែង បារាំង​បាន​ប៉ះទង្គិច​នឹង​មហិច្ឆតា របស់​អង់គ្លេស​រហូតដល់ ឆ្នាំ​១៨៣០​។ បារាំង​មាន​បំណង បង្កើត​អាណានិគម​ដ៏​ធំ​ទូលាយ​មួយ​នៅ អាហ្វ្រិក និង​នៅ​អាស៊ី ជា​ថ្នូរ​នឹង អាណានិគម​របស់​ខ្លួន​ដែល បាន បាត់បង់​នៅ​អាមេរិក (​រដ្ឋ​ល្វី​ស៊ី​យ៉ាន ត្រូវ​លក់​ទៅឲ្យ​អាមេរិក​) ឯ​រដ្ឋ​កាណាដា ត្រូវ​អង់គ្លេស ដណ្តើមយក​។ នៅ​អាស៊ី បារាំង​បាន​តម្រង់​ទិសដៅ​មក​រក​ប្រទេស​ចិន​ភាគខាងត្បូង និង​បណ្ដា​ប្រទេស​នៅ​ឥណ្ឌូចិន​មាន កម្ពុជា វៀតណាម ឡាវ សៀម​។ នៅក្នុង​ប្រទេស​ទាំងនេះ មាន​បេស​ក​បព្វជិត​កា​តូ​លិច​ចូល មក​ផ្សព្វផ្សាយ​សាសនា ជា​យូរ​មក​ហើយ និង​យ៉ាង​ស្ងាត់កំបាំង​តាមរយៈ​ប្រជាជន​ដែល​កាន់សាសនា​យេស៊ូ​។ បារាំង សម្លឹង​ឃើញ​ផល​ប្រយោជន៍​យ៉ាងច្រើន បន្ទាប់ពី​បាន​ចូល​មក​នៅ​ជា​អ្នកជិតខាង​ខ្មែរ លើ​ទឹកដី​កូសាំងស៊ីន (​កម្ពុជា​ក្រោម​)​។ ទីមួយ​បារាំង​យល់ថា ទន្លេមេគង្គ ជា​ផ្លូវ​ទឹក​មួយ​យ៉ាង​សំខាន់​អាចឲ្យ​គេ​ជ្រៀត ចូលទៅក្នុង ប្រទេស​ចិន​ភាគខាងត្បូង​។ ទី​ពីរ គេ​ត្រូវ​កម្ចាត់​គ្រោះថ្នាក់​ទាំងឡាយ ដែល​គំរាមកំហែង​លើ​អាណានិគម​ថ្មី របស់គេ​ឲ្យអស់ ពិសេស​បណ្ដា​ប្រទេស​មកពី​ប្រទេស​សៀម ដែល​មាន​អធិរាជ​អង់គ្លេស​នៅ​ពី​ខាងក្រោយ​។​
​ភូមិសាស្ត្រ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​៖ ទីតាំង​ប្រទេស​កម្ពុជា សព្វថ្ងៃ ស្ថិតនៅ​ក្នុង​ភាគ​និរតី នៃ​ឧបទ្វីប​ឥណ្ឌូចិន ដែល​មាន​ផៃ្ទដី​សរុប​លើស ១៨១.០៣៥ គីឡូម៉ែត្រ​ការ៉េ ហើយ​មាន​ព្រំប្រទល់​ភាគ​ខាងលិច និង​ទិស​ពាយព្យ ជាប់​ប្រទេស​ថៃ ទិសឥ្ឍសាន​ជាប់​នឹង​ប្រទេ​សឡាវ ខាងកើត​ជាប់​នឹង​ប្រទេស​វៀតណាម និង​ទិសនិរតី​ជាប់​នឹង​ឈូង​សមុទ្រ​ថៃ​។​
​កម្ពុជា​ក្រោម​អាណា​ព្យាបាល​បារាំង​៖ ប្រការ​ដែល​បារាំង​ឈាន​ជើង​មក​ប្រទេស​កម្ពុជា​លើក​នេះ គឺ​មិនមែន​កម្ពុជា ហៅ​មក​ដូច​រជ្ជកាល​ព្រះបាទ​អង្គឌួង នោះឡើយ​។ បារាំង​មក​ដោយ​សំឡឹង​ឃើញ​ប្រយោជន៍​របស់គេ ដែល​ខ្លួន បាន​បាត់បង់ ដែនដី​អាណានិគម​មួយ ចំនួន​នោះ គួបផ្សំ​នឹកឃើញ​ដល់​កម្ពុជា ធ្លាប់​អញ្ជើញ គេ​មក​ធ្វើ​អាណាព្យាបាល​ផងដែរ​។ ខ្លឹមសារ​ចំណុច​សំខាន់​នៃ​សន្ធិសញ្ញា​កម្ពុជា និង​បារាំង​, ថ្ងៃទី ១១ សីហា ១៨៦៣
​ផ្ដល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​។ ព្រះ​ចៅ​អធិរាជ​បារាំង​បាន​សន្យាថា នឹង​រៀបចំ​ប្រទេស កម្ពុជា​ឲ្យ​ស្ថិត​ក្នុង​សន្តិភាព និង​របៀបរៀបរយ ការពារ​ចំពោះ​ការវាយលុក​ទាំងឡាយ​ម​ក​ពី​ខាងក្រៅ និង ជួយ​ខ្មែរ​ក្នុងកា​រហូត​ពន្ធគយ ផ្ដល់​ភាពងាយស្រួល ក្នុងការ​ធ្វើ​គមនាគមន៍​តាមផ្លូវ​សមុទ្រ​។​
​ជា​ថ្នូរ​វិញ ប្រទេស​កម្ពុជា​ព្រមធ្វើ​សម្បទាន​ដល់​ប្រទេស​បារាំង​នូវ​ដី​ម្ដុំ​ជ្រោយចង្វា និង​បើក​សិទ្ធិ​ឲ្យ​បារាំង កាប់ ឈើ​ក្នុងព្រៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​យក​ទៅ​ស្ថាបនា​កប៉ាល់​។ ទោះបី​ខាង​ភាគី ខ្មែរ​ចាញ់​ប្រៀប​ខាង​ភាគី​បារាំង​ខ្លះ​ក៏ដោយ ក៏​មតិ​ខ្មែរ​ខ្លះ​យល់ថា ខ្មែរ​អាច​ទទួល​យក​សន្ធិសញ្ញា ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​១៨៦៣​បាន ព្រោះ​បារាំង​ពុំ​បាន​ដកហូត​អំណាច​ពី​ព្រះរាជា​ខ្មែរ​នៅឡើយ​។ ស​ន្ធិ សញ្ញា​ថ្ងៃទី​១១ សីហា ១៨៦៣ ស្តីពី​អាណាព្យាបាល​បារាំង​លើ​ប្រទេស​កម្ពុជា​នេះ ត្រូវបាន​សៀម ដែល​ជា​គូប្រជែង​នឹង​បារាំង​ប្រឆាំង​យ៉ាង​ខ្លាំង​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ បារាំង​បាន​យល់ព្រម​ប្រគល់ ខេត្ត បាត់ដំបង និង​សៀមរាប ទៅឲ្យ​សៀម ដែល​ក្រោយមក​ទាមទារ​បាន​មក​វិញ​។ នៅ​ដើមឆ្នាំ​១៨៦៤ បារាំង​បាន​គាប សង្កត់​រាជរដ្ឋាភិបាល​បាងកក​តាមផ្លូវ​ទូត និង​ផ្លូវ​យោធា ដើម្បីឲ្យ​រាជរដ្ឋាភិបាល​បាងកក​បញ្ជូន​ត្រា ព្រះខ័ន​រាជ្យ និង​មកុដរាជ្យ សម្រាប់​ពិធី​រាជាភិសេក​ព្រះបាទ​នរោត្ដម ជា​ព្រះមហាក្សត្រ​ពេញ​លក្ខណៈ​នៅ​រាជធានី​ឧដុង្គ នា​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​១៨៦៤​។ មកដល់​ឆ្នាំ​១៨៦៧ បារាំង និង​សៀម​បាន​ស្រុះស្រួល​យល់ព្រម​ចំពោះ​បញ្ហា​ខ្មែរ ដែល​ពីមុនមក​មាន​ទំនាស់​ដោយសារ​សៀម មាន​អង់គ្លេស​នៅ​ពីក្រោយ ឯ​បារាំង​ចង់​ផ្ទេរ​ការកាន់កាប់ ខ្មែរ​ពី សៀម​។ ម្យ៉ាងទៀត បរិយាកាស​ធូរស្រាល​ខ្លះៗ បាន​កើតមានឡើង​រវាង​បារាំង និង​អង់គ្លេស ព្រោះ ប្រទេស​ទាំង ពីរ​បានក្លាយ​ទៅ​សម្ព័ន្ធមិត្ត​ក្នុង​ការប្រឆាំង​នឹង​ចិន គឺ​ចលនា​ថៃ​ភិញ (​ឈ្មោះ​សមាគម​សម្ងាត់​នៅ​ប្រទេស​ចិន​) ងើបឡើង​ប្រឆាំងនឹង​អ្នកកាន់អំណាច​ជាតិ​ផង និង​ពួក​បរទេស​ផង​។ សន្ធិសញ្ញា ថ្ងៃទី​១៥ កក្កដា ១៨៦៧ មានន័យ​ថា បារាំង​ព្រម​ប្រគល់​ខេត្តបាត់ដំបង និង​សៀមរាប​ទៅឲ្យ​សៀម​។ ឯ​សៀម​ព្រម​ទទួលស្គាល់​សិទ្ធិ​របស់​បារាំង​ក្នុង​ការដាក់​របប​អាណាព្យាបាល​មក​លើ​កម្ពុជា​។ ម្យ៉ាងទៀត​បារាំង សន្យាថា មិន​បញ្ចូល​ប្រទេស​ខ្មែរ ជា​អាណានិគម​ដូច​កម្ពុជា​ក្រោម​ឡើយ​។ ក្នុង​ការត្រួត ត្រា​ដំបូង បារាំង​ធ្វើ​វិធី​ត្រជាក់​។ បន្ទាប់មក​នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​១៨៨៤ បារាំង​បាន​ឡោម​ព័ទ្ធ​រាជ វាំង ហើយ​គំរាមកំហែង ព្រះបាទ នរោត្តម បង្ខំ​ឲ្យ​ព្រះអង្គ ចុះ​ព្រះហស្តលេខា លើ​អនុសញ្ញា​មួយ ដែល​បាន​ដកហូត​អំណាច​ទាំងឡាយ​របស់ ព្រះអង្គ​។ ដំណាក់កាល​ចុងក្រោយ បារាំង​បាន​ធ្វើឲ្យ កម្ពុជា ក្លាយ​ជា​ដែនដី​សម្រាប់​ផ្គត់ផ្គង់​ផល​កសិកម្ម​ឲ្យ បារាំង ដោយ​បញ្ចូល កម្ពុជា​ទៅក្នុង​សហព័ន្ធ​ឥណ្ឌូចិន​បារាំង​។
​ទុក្ខវេទនា​ប្រជាជន​កម្ពុជា ក្នុង​សម័យ​អាណានិគម​បារាំង​៖ បារាំង​បាន​ជំរិត​ទារ​ពន្ធដារ យ៉ាងធ្ងន់ធ្ងរ មាន​តាំងពី​ពន្ធ​មនុស្ស ពន្ធ​ដី ពន្ធ​លំនៅដ្ឋាន ពន្ធ​សត្វពាហនៈ ពន្ធ​យានជំនិះ ពន្ធ​របរ​អាជីវកម្ម​។​ល​។ ដើម្បី​បង់ពន្ធ​ជា​ប្រាក់​កាស​ឲ្យ​បារាំង កសិករ​បាន​ខិតខំ​ពង្រីក ដំណាំ​ឧស្សាហកម្ម​មាន​កៅស៊ូ​ជាដើម ព្រមទាំង​ពង្រីក​ដំណាំ​ដទៃទៀត​មាន​ស្រូវ ពោត សណ្ដែក​។​ល​។ ប៉ុន្តែ​ទិន្នផល​ដំណាំ​មិន​សូវ​ល្អ​ទេ​។ ផល​ស្រូវ​ក្នុង​មួយ​ហិច​តា​បាន​ត្រឹមតែ​ពី ១​តោន ដល់ ២​តោន​ប៉ុណ្ណោះ​។ ដូចនេះ​ហើយ​កសិករ​ក្រី​ក្រ ក៏​ក្លាយទៅជា​អ្នក​ជាប់បំណុល​ពួក​ឈ្មួញ​កណ្ដាល និង​ឈ្មួញ​បរទេស​។ ចំណែក​កា​ប្រាក់​វិញ​មាន​កម្រិត​ខ្ពស់​ណាស់​គឺ ពី ១០០% ដល់ ១៥០% ជួនកាល ២០០%​ក្នុង​មួយ​ឆ្នាំ​។​
​ការតស៊ូ​របស់​ប្រជាជន​កម្ពុជា​៖ ដោយសារ​ការ​កេង ប្រវ័ញ្ច និង​ការគាបសង្កត់​ពី​ពួក​បារាំង​ខ្លាំងពេក ប្រជារាស្ត្រ​ខ្មែរ បាន​ងើប បះបោរ​ប្រឆាំងនឹង​បារាំង​ជា​បន្តបន្ទាប់ ដូចជា​ចលនា​តស៊ូ​របស់​ក្រឡាហោម​គង់ (១៨៨៥-១៨៨៦), ចលនា​តស៊ូ​របស់​ពិស្ណុលោក​ឈូក (១៨៨៥-១៨៨៦) ។ ទោះបី​ចលនា​តស៊ូ​ទាំងនេះ ត្រូវ​បាន​បង្ក្រាប​យ៉ាង ឃោរឃៅ ពី​សំណាក់ កងទ័ព​បារាំង​ក៏ដោយ តែ​បាន​រីក​ផុសផុល​មិន​ឈប់ឈរ រហូត​ដល់​រជ្ជកាល ព្រះបាទ ស៊ីសុវត្ថិ មុនី​វង្ស (១៩២៧-១៩៤១) និង​បន្ត​មក​ដល់​រជ្ជកាល​ព្រះបាទ នរោត្តម សីហនុ ក្នុង​រាជ្យ​ទី​១ (១៩៤១-១៩៥៥)​។​
​កម្ពុជា​នៅ​ចុង​សម័យ​អាណានិគមនិយម​៖ ព្រះបាទ នរោត្តម សីហនុ បាន​សោយរាជ្យ​ក្នុង អំឡុងពេល​នៃ សង្គ្រាមលោកលើកទី​២​។ ពេលនោះ​ដោយ ជប៉ុន​មាន​ជោគជ័យ​នៅ​ចុង​បូព៌ា និង​អាស៊ី​អាគ្នេយ៍ កម្ពុជា​ក៏បាន ធ្លាក់​ក្រោម​ការត្រួតត្រា​ពីរ​ជាន់​គឺ បារាំង និង​ជប៉ុន​។ ក្រោយមក​មាន​ចលនា​តស៊ូ​បាន​កើតឡើង​ជា​បន្តបន្ទាប់​។ ក្រុម​ដែល​លំអៀង​ទៅខាង ជប៉ុន មាន​លោក សឺ​ង ង៉ុក​ថាញ់ ជា​មេដឹកនាំ​។ នៅ​ដើមឆ្នាំ​១៩៥២ លោក សឺ​ង ង៉ុក​ថាញ់ បាន​បង្កើត​ចលនា​ខ្មែរ​សេរី​។ ក្រុម​មួយ​ទៀត​លំអៀង​ទៅ​កាន់កុ​ម្មុយ​នី​ស បាន​ក្លាយ​ជា​រណសិរ្ស អ្នក​ស្នេហា មាតុភូមិ​ខ្មែរ ហៅ​កាត់​ថា​ខ្មែរឥស្សរៈ មាន​លោក ទូ សាមុត ជា​ប្រធាន​។​
​ព្រះរាជ​បូជនីយកិច្ច​ដើម្បី​ឯករាជ្យ​ជាតិ​៖ នៅ​ឆ្នាំ​១៩៤៥ ជប៉ុន បាន​ធ្វើ​រដ្ឋប្រហារ​បណ្តេញ​បារាំង ចេញពី​កម្ពុជា​។ ពេលនោះ​ជប៉ុន បាន​លើក​លោក សឺ​ង ង៉ុក​ថាញ់ ធ្វើ​ការប្រយុទ្ធប្រឆាំង​ក​ង​ទ័ពបារាំង ដោយ​សហការ​ជាមួយ​ចលនា​តស៊ូ​នៃ​ជនជាតិ លា​វ (​ឡាវ​) និង​វៀតណាម​។ ព្រះបាទ នរោត្តម សីហនុ តែង​រិះរក​គ្រប់​លទ្ធភាព ដើម្បី​រំដោះ​ប្រទេសជាតិ ពី​អាណានិគម​បារាំង​ជានិច្ច​។ ចំណែក​បារាំង​បាន​បន្ថែម​ទ័ព​មក​កម្ពុជា​យ៉ាងច្រើន ដើម្បី​ទប់ទល់​ការបះបោរ​។ អសន្តិសុខ​កើតមាន​ទូទាំង​ផ្ទៃ​ប្រទេស ធ្វើឲ្យ​ប្រជារាស្ត្រ​រងទុក្ខវេទនា​ដោយសា​រ សង្គ្រាម​។ ដោយ​យល់ថា ការ ទាមទារ​ឯករាជ្យ​ដោយ​អាវុធ​បណ្តាល​ឲ្យ​ប្រជារាស្ត្រ​រង​ទុក្ខ​ខ្លាំងពេក ព្រះមហាក្សត្រ​ចាប់ផ្តើម​ធ្វើការ តស៊ូ​តាម ផ្លូវ​ទូត ដើម្បី​ទាមទារ​ឯករាជ្យ​នៃ​ប្រទេស​កម្ពុជា​។ ប្រទេស​កម្ពុជា បាន​ស្ថិតនៅក្រោម​អាណានិគមនិយម​បារាំង អស់​ជិត​មួយ​សតវត្ស គឺ​៩០​ឆ្នាំ​ដោយ​គិត​ចាប់ពី ឆ្នាំ​១៨៦៣ រហូតដល់​ពេល​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៥៣​។ ឆ្នាំ​១៩៤៩ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ បានទាមទារ​ឲ្យ​ប្រទេស​បារាំង​បញ្ឈប់​នូវ​សន្ធិសញ្ញា អាណាព្យាបាល ដែល​បាន​ចុះ ហត្ថលេខា​នៅ​ឆ្នាំ​១៨៦៣ និង ១៨៨៤​។ នៅ​ឆ្នាំ​១៩៤៩ ដដែល​ព្រះអង្គ បាន​ឡាយ​ព្រះ​ហត្ថលេខា​លើ សន្ធិសញ្ញា​ឯករាជ្យ ដែល​ប្រទេស​បារាំង​ព្រម​ទទួលស្គាល់​តាម​ផ្លូវច្បាប់ នូវ​ឯករាជ្យ​របស់ ព្រះរាជា​ណា ចក្រ​កម្ពុជា​។ ពី​ឆ្នាំ​១៩៥២ ដល់​ឆ្នាំ​១៩៥៣ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះអង្គ​យាង​បំពេញ​ព្រះរាជ បូជនីយ​កិច្ច ទាមទា​រកេត​ន​ភ​ណ្ភ ឯករាជ្យ ១០០% ជូន​ជាតិ​មាតុភូមិ ។ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​ស្នា ព្រះហស្ដ​ដ៏​ឧត្តុង្គឧត្តម​របស់​ព្រះអង្គ ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួលឯករាជ្យ ទាំងស្រុង​ពី​សាធារណរដ្ឋ​បារាំង​។ ប្រជារាស្ត្រ​កម្ពុជា​ទូទាំង​ប្រទេស បាន​ថ្វាយ​ព្រះកិត្តិនាម ព្រះអង្គ​ជា «​ព្រះមហា​វីរបុរស​ជាតិ ព្រះបិតា​ឯករាជ្យ​ជាតិ​»​។​
​លោក​បណ្ឌិត​សភា​ចារ្យ រស់ ចន្ទ្រា​បុត្រ ជា​សាស្ត្រាចារ្យ​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង ជា​អ្នកប្រវត្តិសាស្ត្រ​ផង​នោះ បាន​ពន្យល់ថា​៖ មូលហេតុ​ដែល​នាំ​ឲ្យ​ប្រជាជន​កម្ពុជា មន្ត្រីរាជការ និង​ថ្នាក់ ដឹកនាំ​ខ្មែរ​នា​សម័យ​នោះ ប្រឆាំង​ងើប​ឲ្យ​ផុត​ពី​ការត្រួតត្រា​របស់​បារាំង គឺ​មកពី​បារាំង បាន​ប្រែក្លាយ​ពី​រូប ភាព​អាណាព្យាបាល​ជា​ឪពុក​ម្តាយ មក​រូបភាព​ជា​អាណានិគមនិយម​ជិះជាន់​ខ្មែរ​ទៅ​វិញ «​និយាយ​ឲ្យ មែនទែន​ទៅ​ជា​ផ្លូវការ ជា​អាណាព្យាបាល ប៉ុន្តែ​រហូត​មក​ដល់​ចុង​សតវត្ស​ទី​១៩ និង​ដើម​សតវត្ស​ទី​២០ របៀប​គ្រប់គ្រង​របស់​បារាំង ប្រែក្លាយ​ទៅ​ជា​លក្ខណៈ​ជា​អាណានិគម​។ ដល់ពេល​នឹង​ហើយ បានជា​ព្រះករុណា (​សម្តេច ព្រះ​នរោត្តម សីហនុ​) ចាប់ពី​ឆ្នាំ​១៩៥១ ព្រះអង្គ បាន​ចាប់ផ្តើម​រៀបចំ​ប្រមូលផ្តុំ​កម្លាំង ដើម្បី​ទាមទារ ឯករាជ្យ​ពី​បារាំង រហូត​ទទួលបាន​ឯករាជ្យ​ពេញលេញ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ១៩៥៣»​។​
​លោក​បណ្ឌិត​សភា​ចារ្យ រស់ ចន្ទ្រា​បុត្រ បាន​បញ្ជាក់​ដែរ​ថា​៖ ប្រទេស​កម្ពុជា តាំងពី​ក្រោយ​សម័យ អង្គរ​មក ស្ថិត​នៅក្រោម​ការត្រួតត្រា​របស់​ប្រទេស​យួន និង​សៀម ជា​ញឹក​ជាប់ ហើយ​ប្រទេស​កម្ពុជា ក៏ មិន​ដែល​បាន​រៀប ចំ​កម្លាំង​ដើម្បី​រើបំរះ​ពី​ការត្រួតត្រា​ពី​ប្រទេស​ទាំងពីរ​នេះដែរ ពីព្រោះ​ខ្មែរ​មិន​មាន​ឱកាស ល្អ​សម្រាប់​ទាមទា​រឯក រាជ្យ​។ ដូច្នេះហើយ ទើប​ប្រទេស​កម្ពុជា ពុំ​មាន​ថ្ងៃ​ប្រារព្ធ ជា​ទិវា​បុណ្យ​ឯករាជ្យ ជាតិ​ពី​ប្រទេស យួន និង​សៀម​នេះឡើយ​។ ដើម្បី​មាន​ទីកន្លែង​ត្រឹមត្រូវ​សម្រាប់​ប្រារព្ធ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ១៩៥៣ ដែល​កម្ពុជា ទទួលបាន ឯករាជ្យ​ពី​បារាំង​នោះ វិមានឯករាជ្យ ត្រូវបាន​កសាង​ឡើង​នៅ​ឆ្នាំ​១៩៥៨ សម្រាប់​ជា​ស្តូប​គោរព​វិញ្ញាណក្ខ័ន្ធ អ្នកស្លាប់​ដើម្បី​បុព្វហេតុ​ជាតិ និង​ដើម្បី​ប្រារព្ធ​នូវ​សេរីភាព និង​ឯករាជ្យ​រួច​ពី​ការគ្រប់គ្រង​របស់​បរ​ទេស​។ អ្វី​ដែល​សោកស្តាយ​បំផុត​សម្រាប់​ជាតិខ្មែរ​ទាំងមូល ប៉ុន្តែ​មិន​អាច​គេចផុត​ពី​ច្បាប់ធម្មជាតិ​នោះ គឺ​ព្រះមហាវីរក្សត្រ ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការតស៊ូ​ទាមទារ ឯករាជ្យ​បាន​ពី​ប្រទេស បារាំង​នេះ បាន​យាង​ចូល​ទិវង្គត​ហើយ កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះវស្សា នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​ព្រះ​បរម​សព របស់​ព្រះអង្គ​ត្រូវបាន​ដង្ហែ​មកដល់​ទឹកដី​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១២​។ មាន​ប្រជារាស្ត្រ​ខ្មែរ​រាប់សែន​នាក់ បាន​រង់ចាំ​ទទួល​ព្រះ​បរមសព ព្រះមហាវីរក្សត្រ ហើយ​បាន​សម្តែង នូវ​សេចក្តីសោកស្តាយ​អាឡោះអាល័យ​គ្មាន​ទីបំផុត​។ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន ជា​បុត្រា​របស់​អតីតៈព្រះមហាក្សត្រ ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ គឺ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ដែល​មាន​ព្រះជន្ម​ស្មើ​នឹង​ឆ្នាំ​ឯករាជ្យ​នេះដែរ​។ គិត​ត្រឹម ឆ្នាំ​២០១៥​នេះ ព្រះអង្គ​មាន​ព្រះជន្ម ៦២​ព្រះវស្សា​។​
​ប្រទេស​កម្ពុជា តែងតែ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នេះ ដែល​មាន​ពិធី​ប្រទាន​ភ្លើង​ទៀនជ័យ រំឭក​គុណ​អ្នកស្នេហាជាតិ ដែល​បាន​ពលី​ជីវិត​ដើម្បី​ឯករាជ្យ​ពី​ពួក​អាណានិគម​បារាំង ហើយ​ពិធី​បុណ្យ​ត្រូវបាន​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា និង​បញ្ចប់​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា ជា​កំណត់​។ ថ្ងៃ​៩ វិច្ឆិកា​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឲ្យ សិស្សានុសិស្ស និស្សិត កម្មករ និយោជិត និង​មន្ត្រីរាជការ បាន​ឈប់សម្រាក​ផងដែរ ដើម្បី​ចូលរួម​អបអរសាទរ​៕