ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង ០០និង៥០នាទី កណ្តាលអធ្រាត្រ មានអគ្គិភ័យមួយកន្លែង កើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅ ក្រុមទី១៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មូលហេតុបណ្តាលមកពី មានរថយន្តបើកប្រដេញគ្នា បណ្តាលឲ្យបុកចូលផ្ទះប្រជាពលរដ្ឋ បង្កឲ្យមានអគ្គិភ័យកើតឡើង។
ក្នុងគ្រោះថ្នាក់អគ្គិភ័យខាងលើនេះ មានការខូចខាតឆេះផ្ទះថ្ម ចំនួន ២ល្វែង និងរថយន្តចំនួន ២គ្រឿង អស់ទាំងស្រុង ដែលរថយន្តទី១ ពាក់ស្លាក់លេខ ភ្នំពេញ ២W-២៦២៧ និងរថយន្តទី២ ពាក់ស្លាក់លេខ ភ្នំពេញ ២D-៨០៧២ ។
ក្រោយទទួលបានព័ត៌មានទាន់ហេតុការណ៍ភ្លាម រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញទៅពន្លត់ចំនួន ១៥គ្រឿង ប្រើប្រាស់ទឹកអស់ ១៨រថយន្ត ស្មើនឹង ៩២ម៉ែត្រគូប និងប្រើប្រាស់ទឹកពពុះ PE1 ចំនួន ១០០លីត្រ ហើយនឹងមានជំនួយពីរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកចំនួន ១រថយន្ត ស្មើនឹង ៦ម៉ែត្រគូប និងរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរហ្គេនស្បឺតចំនួន ១គ្រឿង ប្រើប្រាស់ទឹកចំនួន ១រថយន្ត ស្មើនឹង ៤ម៉ែត្រគូប ដោយបានពន្លត់ចប់សព្វ គ្រប់នៅម៉ោង ២និង១០នាទីរំលងអធ្រាត្រ នាថ្ងៃខែឆ្នាំដដែល ដោយមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ៕