ភ្នំពេញ ៖ លោក ពេជ សោភ័ន រដ្ឋមន្ត្រីស្តីទី និងជារដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឲ្យសិស្ស-និស្សិត ងាកទៅរកការសិក្សាជំនាញ ដែលស្របតាមទីផ្សារការងារនាពេលបច្ចុប្បន្ន ដើម្បីងាយទទួលបានការងារធ្វើ ជាជាងការសិក្សានូវជំនាញ ដែលមានការប្រកួតប្រជែងច្រើន។
លោក ពេជ សោភ័ន បានលើកឡើងក្នុងពិព័រណ៌ការងារលើកទី៥ នៅកោះពេជ្រ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកាថា បច្ចុប្បន្នទីផ្សារការងារមានភាពចង្អៀត ហើយជំនួនអ្នកគ្មានការងារធ្វើនៅមានច្រើន ព្រោះថាបញ្ហានេះបណ្តាលមកពី អ្នកមួយចំនួនបានសិក្សាជំនាញមិនតាមតម្រូវការងារ។ ដូច្នេះសិស្ស និស្សិត គួរតែងាកសិក្សាជំនាញណាដែលជាតម្រូវការការងារ ឬធ្វើការសិក្សាបណ្តុះបណ្តាលជំនាញណាបន្ថែមទៀត ដើម្បីងាយស្រួលស្វែងរកការងារធ្វើ។
លោកថា បច្ចុប្បន្ននិស្សិតសិក្សាជំនាញធុរកិច្ច មានរហូតដល់៥០% នៃនិស្សិតទាំងអស់ ដែលបញ្ហានេះ បានចោទលើកអត្រាអត់ការងារ ធ្វើ ព្រោះថាតម្រូវការងារផ្នែកធនាគារមិនសូវច្រើននោះទេ។ អ្នកសិក្សាមិនគួរសិក្សាទៅតាមតែអំពើចិត្ត ឬ តាមមិត្តនោះទេ គឺត្រូវគិតនិងស្វែងយល់ ពីតម្រូវការងារទីផ្សារការងារ ឲ្យបានល្អ មុនសម្រេចសិក្សា។
លោក ពេជ សោភ័ន បានគូសបញ្ជាក់ថា «ចំពោះការស្វែងរកការងារអំពីសំណាក់ សិស្សិ-និស្សិត និងអ្នកមួយចំនួនទៀតតាមរយៈទីភ្នាក់ងារនិងមុខរប បានរាប់ម៉ឺននាក់មកហើយ គិតពេលដាក់ឲ្យដំណើរការមក ហើយអ្នកបានជ្រើសក៏បានច្រើនដែរ។ ពិសេសយើងមិនគ្រាន់តែឲ្យគេដឹងនោះទេ គឺយើងក៏មានវេលាជួនដល់អ្នកស្វែងរកការងារ ដូចជារបៀបសសេរប្រវត្តិរូប ការសម្ភាសន៍ និងប្រាប់អំពីការសិក្សាជំនាញណា ដែលត្រូវនឹងតម្រូវការងារជាដើម»។
ជាមួយគ្នានេះ លោក ពេជ សោភ័ន ក៏បានអំពាវនាវដល់យុវជនទាំងអស់ កុំមើលរំលង់នូវការងារសិក្សាផ្នែកបច្ចេកទេសវិជ្ជាជីវៈ ដែលលោកអះអាងថា កិច្ចការជំនាញមួយចំនួនក៏ទទួលបានកម្រៃខ្ពស់ មិនចាញ់ការងារនៅក្នុងការិយាល័យនោះទេ ។
សូមបញ្ជាក់ថា យុវជន សិស្ស-និស្សិតជាច្រើន បានសម្រុកចូលរួមពិព័រណ៍ការងារយ៉ាងច្រើនកុះករ។ ពិព័រណ៍ការងារមានរយៈពេលពីថ្ងៃទី៦-៧ ខែវិច្ឆិកា នៅកោះពេជ្រ ដោយមានការចូលរួមតាំងពិព័រណ៍ពីសំណាក់ក្រុមហ៊ុន គ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួន ៧៥ និងនាំមកនូវឱកាសការងារគ្រប់ប្រភេទចំនួន ៧,០០០កន្លែង៕