TAIPEI៖ ការិយាល័យរបស់លោកប្រធានាធិបតីតៃវ៉ាន់ Ma Ying-jeou បានឲ្យដឹងថា លោកប្រធានាធិបតីនឹងជួបជាមួយសមភាគីចិន ប្រធានាធិបតី Xi Jinping ក្នុងប្រទេសសិង្ហបុរីនាថ្ងៃសៅរ៍នេះ ដែលជាជំនួបលើកដំបូងរវាងមេដឹកនាំនៃគូប្រកួតប្រជែងទាំងពីរ តាំងពីបញ្ចប់សង្គ្រាមស៊ីវិលកាលពីឆ្នាំ១៩៤៩ ។
កាលពីថ្ងៃអង្គារ អ្នកនាំពាក្យរបស់ប្រធានាធិបតី Ma ឈ្មោះ Charles Chen បាននិយាយថា ប្រធានាធិបតីទាំងពីរនឹងផ្លាស់ប្ដូរទស្សនៈគ្នាពីបញ្ហាច្រកសមុទ្រ ដោយផ្ដោតលើដែនទឹកដែលលាតសន្ធឹងខណ្ឌចែកប្រទេសចិន និងកោះតៃវ៉ាន់ ។ លោកបាននិយាយទៀតថា គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីធានាសុវត្តិភាពតាមច្រកសមុទ្រ ប៉ុន្តែមិនមានកិច្ចព្រមព្រៀងណាមួយនឹងត្រូវបានចុះហត្ថលេខាឡើយ ។ កាលពីព្រឹកថ្ងៃពុធ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានផ្សាយដោយដកស្រង់សម្ដីមន្ត្រីទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ ក្នុងទីក្រុងប៉េកាំងថា ប្រធានាធិបតី Xi នឹងជួបជាមួយមេដឹកនាំតៃវ៉ាន់ លោក Ma ក្នុងប្រទេសសិង្ហបុរីចុងសប្ដាហ៍នេះ ។
កិច្ចប្រជុំគួរឲ្យភ្ញាក់ផ្អើលនេះធ្វើឡើងក្រោយពីមានទំនាក់ទំនងកាន់តែល្អជាមួយទីក្រុងប៉េកាំង តាំងពីលោក Ma នៃគណបក្ស China-friendly Kuomintang ឡើងកាន់អំណាចកាលពីឆ្នាំ២០០៨ ។ ទីក្រុងប៉េកាំងនៅតែចាត់ទុកថាកោះនេះគឺជាដែនអធិបតេយ្យភាពមួយផ្នែករបស់ខ្លួន ទោះបីជាទឹកដីទាំងពីរស្ថិតនៅក្រោមការគ្រប់គ្រងដាច់ដោយឡែកពីគ្នាក៏ដោយ ដោយសារមេដឹកនាំជាតិនិយម លោក Chiang Kai-shek និងកងកម្លាំង KMT របស់លោក បានភៀសខ្លួនទៅលើកោះតៃវ៉ាន់ ក្រោយពីទទួលបរាជ័យដោយបក្សកុម្មុយនីសចិនរបស់ ម៉ៅ សេទុង ក្នុងសង្គ្រាមស៊ីវិល ។
លោក Chen បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា គោលបំណងនៃដំណើរទសក្សនកិច្ចរបស់ប្រធានាធិបតី Ma គឺដើម្បីធានាបាននូវសន្តិភាពច្រកសមុទ្រ និងរក្សាស្ថេរភាពជ្រោយសមុទ្រតៃវ៉ាន់ ។ មិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានចុះហត្ថលេខា ហើយក៏គ្មានសេចក្ដីថ្លែងការណ៍រួមណាមួយត្រូវបានផ្សព្វផ្សាយដែរ ។ លោក Ma នឹងធ្វើសន្និសីទកាសែតអន្តរជាតិមួយនៅថ្ងៃព្រហស្បត្តិ៍ ៕