ក្នុងរយៈពេលប៉ុន្មានខែនៅចុងឆ្នាំ២០១៥នេះ ប្រទេសអង់គ្លេស និងបារាំង ហាក់ដូចជាខិតចូល ទៅកៀកកិតជិតប្រទេសចិនកាន់តែខ្លាំង តាមរយៈដំណើរទស្សនកិច្ច របស់ប្រមុខដឹកនាំកំពូល របស់ប្រទេសមហាអំណាចពិភពលោកទាំង៣នេះ ដោយមិនខ្លាចចិត្តសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្ត ចាក់ទឹកមិនលេចរបស់ខ្លួននោះទេ ។
កាលពីថ្ងៃអង្គារទី២០ ខែតុលាឆ្នាំ២០១៥កន្លងទៅនេះ លោកប្រធានាធិបតីរបស់ប្រទេសចិន ស៊ី ជីនពីង បាននាំយកទឹកប្រាក់ជាង៤៦.៤ពាន់លានដុល្លារអាមេរិក ទៅអោយប្រទេសអង់គ្លេស ក្នុ ងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីនោះអស់រយៈ៤ថ្ងៃរបស់លោក ។
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះដែរ លោក ស៊ី ជីនពីង នឹងចុះហត្ថលេខាងលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងតម្លៃទឹកប្រាក់ជាង៤៦.៤ពាន់លាន ដុល្លារអាមេរិក, គម្រោងសា ងសង់រោងចក្រថាមពលនុយក្លេអ៊ែ និងការសាងសង់ផ្លូវរថភ្លើងល្បឿនលឿននៅក្នុងប្រទេសអង់គ្លេសផងដែរ ។
សូមបញ្ជាក់ជូនបន្តិចថា ចិនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចឈរក្នុងលំដាប់លេខ២នៅ លើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ហើយអង់គ្លេស ក៏ជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ លេខ៥នៅលើពិភពលោកផងដែរ ប៉ុន្តែប្រទេសទាំងពីរ នៅតែពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយ គ្នាដដែល ក្នុងទំហំទឹកប្រាក់កាន់តែច្រើនឡើង ។
តាមការប៉ាន់ប្រមាណរបស់ក្រុមសេដ្ឋវិទូអង់គ្លេស បានអោយដឹងថា ក្នុងរយៈពេល១០ឆ្នាំខាង មុខទៀត ប្រទេសចិននឹងក្លាយជាដៃគូរពាណិជ្ជកម្មលំដាប់លេខ១របស់ប្រទេសអង់គ្លេស ហើយប្រ ទេសអង់គ្លេស រឹតតែត្រូវការប្រទេសចិន ក្នុងយុទ្ធសាស្ត្រជម្រុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ដោយ មិនចាំបាច់ពឹងផ្អែកលើសហរដ្ឋអាមេរិកទេ ។
ដោយឡែកកាលពីល្ងាចថ្ងៃចន្ទទី០២ខែវិច្ឆិកាដើមសប្តាហ៏នេះ លោកប្រធានាធិបតីបារាំងហ្វ្រង់ស័រ ហូឡង់ បានផ្តើមបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅក្នុងប្រទេសចិន។ កម្មវត្ថុសំខាន់នៃទស្សនកិច្ចរបស់លោកហូឡង់គឺស្វែងរកការគាំទ្រពីប្រទេសចិនដើម្បីឲ្យសន្និសីទអន្តរជាតិ ស្តីពីបញ្ហា អាកាសធាតុរៀបចំនៅក្នុងទីក្រុងប៉ារីសនាពេលខាងមុខទទួលបានជោគជ័យ ។
នៅយប់ថ្ងៃអង្គារទី៣ ខែវិច្ឆិកាដដែល លោកហូឡង់ បានចាកចេញពីប្រទេសចិនទៅកាន់កូរ៉េ ខាងត្បូង។ ក្រៅពីសំណុំរឿងអាកាសធាតុ ទស្សនកិច្ចរបស់ប្រមុខរដ្ឋបារាំងនៅចិន ក៏មានគោលដៅសេដ្ឋកិច្ចដែរ ព្រោះលោកហូឡង់ បាននាំទៅជាមួយនូវប្រធានក្រុមហ៊ុន និងប្រធានរោងចក្រសហ គ្រាសបារាំងប្រមាណជា៤០នាក់ ព្រមទាំងរដ្ឋមន្ត្រីបារាំងជាច្រើនរូប។ចិននិងបារាំងបានស្រុះស្រួលគ្នាថានឹងប្រឹងប្រែងធ្វើគ្រប់យ៉ាង រកឱ្យឃើញ នាឱកាសសន្និសីទស្តីអំពីអាកាសធាតុខែក្រោយនេះ នូវកិច្ចព្រមព្រៀងប្រកបដោយមហិច្ឆតាមួយនិងតាមផ្លូវច្បាប់ដែលមានលក្ខណៈបង្ខិតបង្ខំឱ្យប្រទេស ជាសមាជិកទាំងអស់ត្រូវតែគោរពតាម។ មិនតែប៉ុណ្ណោះកិច្ចព្រមព្រៀងនោះ នឹងត្រូវភ្ជាប់ពាក្យសន្យាសើរើដើម្បីផ្ទៀងផ្ទាត់លទ្ធផលជារៀងរាល់៥ឆ្នាំម្តង ។
កិច្ចព្រមព្រៀង បារាំង-ចិន ត្រូវបានប្រកាសឡើងរួមគ្នាដោយប្រធានាធិបតីបារាំងនិងចិន ពីវិមានប្រជាជនចិន ក្រុងប៉េកាំង។ ប្រធានាធិបតីចិន ប្រទេសដែលបញ្ចេញឧស្ម័នពុលខ្លាំងជាងគេនៅ លើពិភពលោក បានអះអាងថា សេចក្តីថ្លែងការណ៍រួមបារាំងចិននេះ មាន១២ចំណុច និងបញ្ជាក់អំពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការដឹកនាំសន្និសីទស្តីអំពីអាកាសធាតុ ក្រុងប៉ារីស នៅចុងខែ ឱ្យបានសម្រេចជោគជ័យ។ សម្រាប់លោកហ្វ្រង់ស័រហូឡង់វិញ កិច្ចព្រមព្រៀងបារាំង-ចិន ជាជំហានដ៏សំខាន់មួយ នាំឆ្ពោះទៅរកកិច្ចព្រមព្រៀងទូទៅ-COP ២១ ។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ទីក្រុងប៉ារីសបានមើលឃើញអំពីភាពចាំបាច់នៃការតាមដានសកម្មភាព ។ យន្តការផ្ទៀងផ្ទាត់លទ្ធផល នឹងត្រូវដាក់ឱ្យដំណើរការនៅរៀងរាល់៥ឆ្នាំម្តង សម្រាប់វាស់វែងថា ប្រទេសជាសមាជិកគោរពកិច្ចសន្យាកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់បាន ប៉ុណ្ណា។ នៅពេល មិនដល់មួយខែទេ សន្និសីទអន្តរជាតិស្តីអំពីអាកាសធាតុនឹងត្រូវចាប់ផ្តើម ! ប៉ុន្តែកិច្ចព្រមព្រៀងទូទៅ ហាក់ដូចជានៅឆ្ងាយ ប៉ុន្តែប្រធានាធិបតីបារាំងនិងចិន បានប្រកាសក្តែងៗ ក្នុងសំឡេងតែមួយ ថានឹងធ្វើឱ្យកិច្ចព្រមព្រៀងដ៏លំបាកសម្រេចមួយនេះ ក្លាយជាកិច្ចព្រមព្រៀងដែលមានលក្ខណៈដាក់កំហិត ជាច្បាប់ត្រូវគោរព គ្រប់គ្នាៗ និងជាកញ្ចក់ឆ្លុះបញ្ចាំងអំពីគោលការណ៍ទទួលខុសត្រូវរួម របស់ប្រទេសជាសមាជិកទាំង១៩៥ប្រទេស ទៅតាមសមត្ថភាពនិងលទ្ធភាព ដើម្បីកំរិតការឡើងកម្តៅនៃភពផែនដីត្រឹមក្រោម២អង្សារ។
ប៉ារីសនិងប៉េកាំង បានគូសបញ្ជាក់ផងដែរអំពីភាពចាំបាច់នៃការអភិវឌ្ឍន៍ទីផ្សារឧស្ម័ន កាបូ និច កំណត់តម្លៃ កំណត់កូតា ដើម្បីឱ្យមានតម្លាភាពនិងការទុកចិត្តលើគ្នាទៅវិញទៅមក។ ចិនបានផ្តើមអភិវឌ្ឍន៍ទីផ្សារកាបូនជាតិ ដែលបើតាមសេចក្តីថ្លែងការណ៍ គឺដំណាក់កាលដ៏សំខាន់ ប្រកប
ដោយនិមិត្តរូប និងជាសន្យាប្រកបដោយសេចក្តីក្លាហានរបស់ចិន ។
ដោយឡែក ចិននិងអង់គ្លេស ហាក់ដូចជាមិនពិភាក្សាគ្នាបន្តិចបន្តួចទេ ក្នុងអំឡុងពេលនៃដំ ណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ទៅកាន់ប្រទេសអង់គ្លេស គឺភាគីទាំងពីរ ពិភាក្សាគ្នាផ្តោតសំខាន់ទៅលើទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ។
ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រធានាធិបតីចិនចុងក្រោយ ដែលទៅធ្វើទស្សនកិច្ចនៅ អង់គ្លេស គឺលោកហ៊ូ ជិនតាវ ដែលបានទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅឆ្នាំ ២០០៥។ ទំនាក់ទំនងចិន និងអង់គ្លេស ធ្លាប់ស្គាល់ល្អក់កករ ដោយសារតែអង់គ្លេសឧស្សាហ៍ឈរជាមួយសម្ព័ន្ធមិត្តអាមេរិក ដើម្បីរិះគន់មហិច្ឆតាពង្រីកដែនឥទ្ធិពលរបស់ចិន និងការវាយប្រហារអ៊ីនធ័រនែត។ អង់គ្លេសជាប្រទេសនៅអឺរ៉ុបទី១ ដែលបានប្រកាសចូលរួមនៅក្នុងគម្រោងបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលផ្តួចផ្តើមគំនិតដោយប្រទេសចិន។ អង់គ្លេសបានចូលរួមជាមួយចិន បើទោះបីជាអាមេរិក ដែលសម្ព័ន្ធមិត្តមិនចូលចិត្ត គម្រោងធនាគាររបស់ចិន។ ដើម្បីកុំឲ្យចិនអាក់អន់ចិត្ត រដ្ឋាភិបាលអង់ គ្លេស នៅមិនសូវនិយាយស្តីអ្វីច្រើន នៅពេលបាតុករហុងកុង ធ្វើបាតុកម្មប្រឆាំងនឹងការនយោបាយគាបសង្កត់របស់ទីក្រុងប៉េកាំង ។
ក្រុមអ្នកតាមដានគោលដៅយុទ្ធសាស្ត្រផ្នែកសេដ្ឋកិច្ចរបស់ចិន បានឲ្យដឹងថា ប្រទេសចិន កំពុងយកប្រទេសអង់គ្លេសធ្វើជាមាត់ច្រក ក្នុងការវាយលុកដណ្តើមយកទីផ្សារនៅសហភាពអឺរ៉ុប ពី សហរដ្ឋអាមេរិក តាមរយៈការពង្រឹងទំនាក់ទំនងជាមួយប្រទេសអង់គ្លេស និងប្រទេសបារាំង ដោយ បោះទឹកលុយធ្វើជាធ្នាក់ ។
ប្រទេសអង់គ្លេសនិងបារាំង នឹងស្រវ៉ាយកលុយពីប្រទេសចិន ដោយព្យាយាមបំភ្លេចសហរដ្ឋ អាមេរិកម្តងបន្តិចៗ តាមកាលវេលាដែលអាចធ្វើបាន ហើយបើសិនជាសហរដ្ឋអាមេរិកខឹងសម្បារ ក៏ មិនប៉ះពាល់អ្វីដល់ប្រទេសទាំងពីរដែរ ដោយសារតែមានប្រទេសចិនជាទីពឹងទៅថ្ងៃអនាគតហើយ ហើយសហរដ្ឋអាមេរិក ក៏មិនអាចប៉ះពាល់ប្រទេសទាំងពីរបានដែរ ៕