Wednesday, November 4, 2015

នគរបាល​កំពង់ចាម បង្ក្រាប​គ្រឿងញៀន ៣​ករណី ឃាត់ខ្លួន ៦​នាក់ និង​ថ្នាំញៀន ១៤​កញ្ចប់​

​កំពង់ចាម ៖ នៅក្នុង​រយៈពេល ២​ថ្ងៃ សមត្ថកិច្ច​បង្រា្ក​ប បាន ៣​ករណី កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម បាន​សហកា​រណ៍​ជាមួយ​កម្លាំង​អធិការ​នគរបាល​ក្រុង​កំពង់ចាម ស្រុក​កំពង់សៀម និង​ស្រុក​ជើងព្រៃ បាន​រកឃើញ​ថ្នាំ​ញៀន​ចំនួន ១៤​កញ្ចប់ ក្នុងនោះ​ធំ ១​កញ្ចប់ និង​ឃាត់ខ្លួន​ជនសង្ស័យ ៦​នាក់ បញ្ចូនទៅ​សាលាដំបូង​ខេត្ត​កំពង់ចាម ចាត់ការ​តាម​ផ្លូវច្បាប់ ។​
​លោក​វរ​សេនី​ទោ សោម រស់ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥ សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​រក្សាទុក​និង​ដឹកជញ្ជូន​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន ៣​ករណី​គឺ លើក​ទី​១ ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅវេលា​ម៉ោង​១៤:០០​នាទី សមត្ថកិច្ច​បាន​រកឃើញ​ថ្នាំញៀន​ចំនួន ១១​កញ្ចប់ ដែល​មាន​ទម្ងន់​០,៥៣​ក្រាម និង​ម៉ូតូ​ចំនួន ២​គ្រឿង ម៉ាក​C125 ពណ៌​ខ្មៅ សេរី​២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ BF0179 និង​ម៉ាក​សេរ៉ូស ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ទូរស័ព្ទដៃ​ចំនួន ៣​គ្រឿង និង​ឧបករណ៍​សេព​គ្រឿងញៀន​ចំនួន មួយ​សម្រាប់ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ ទី​១. ឈ្មោះ ពែ​ក សំណាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​តា​សែន ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ។ ទី​២.​ឈ្មោះ សុខ ឃី ហៅ ពៅ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជាតិខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ខ្សែកាប រស់នៅ​ភូមិ ឃុំ ជាមួយគ្នា ។​
​លើក​ទី​២ នៅ​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅវេលា​ម៉ោង​១៥:៣០​នាទី សមត្ថកិច្ច​ដដែល​បាន​បង្ក្រាប​ករណីរ​ជួញដូរ​ថ្នាំញៀន​០១​លើក​ទៀត​នៅ​ចំណុច​ផ្លូវលំ​ម្តុំ​ត្រពាំងតា​ហំ ស្ថិតនៅក្នុង​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម បាន​រកឃើញ​ថ្នាំ​ញៀន ប្រភេទ​ក្រាម​ពណ៌​ស​ចំនួន ១​កញ្ចប់​មាន​ទម្ងន់​០,០៨​ក្រាម​ព្រមទាំង​ដកហូត​ម៉ូតូ ១​គ្រឿង​ជា​មធ្យោបាយ​ដឹកជញ្ជូន​ថ្នាំញៀន ។ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ ទី​១.​ឈ្មោះ ឈុន ភារម្យ ភេទ​ប្រុស ជាតិខ្មែរ អាយុ​២៥​ឆ្នាំ  មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ។ ទី​២.​ឈ្មោះ ហ៊ាង ឈុន​ហ៊ាប ភេទ​ប្រុស ជាតិខ្មែរ អាយុ​២៦ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ។ ទី​៣.​ឈ្មោះ យ៉ាន ណា​រ៉ុង ភេទ​ប្រុស ជាតិខ្មែរ អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ចុង​ថ្នល់​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម ។​
​លើក​ទី​៣ នៅ​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង​១៣:០០​នាទី នៅ​ចំណុច​ភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម​បាន​រឹបអូស​ថ្នាំញៀន​ក្រាម​ពណ៌​ស​ចំនួន ២​កញ្ចប់​(​ធំ​១​និង​តូច​១) ទម្ងន់​០,៦៥​ក្រាម ទូរស័ព្ទដៃ​អ៊ិន​ចុច​ពិល​ចំនួន ២​គ្រឿង និង​ម៉ូតូ​ម៉ាក​ហុងដា ​CBR​ ចំនួន ១​គ្រឿង និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់ មានឈ្មោះ ធី ស៊ា​ង​លី ភេទ​ប្រុស ជាតិខ្មែរ អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​អង្គួញ​ដី ឃុំ​ក្រឡា ស្រុក​កំពង់ចាម ខេត្ត​កំពង់ចាម ។​
​ករណី​ទាំងនេះ កម្លាំង​នគរបាល​ជំនាញ​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ចាម ចាត់ការ​តាម​ផ្លូវច្បាប់ ៕