Thursday, November 5, 2015

រយៈពេល​ដប់​ខែ ឆ្នាំ​២០១៥ ភ្ញៀវទេសចរ​បរទេស មក​ទស្សនា​រមណីយដ្ឋាន​អង្គរ មានការកើន​ឡើង

ភ្នំពេញ ៖ អាជ្ញាធរ​ជាតិ អប្សា​រា  បានឲ្យដឹងថា រយៈពេល​១០​ខែ ឆ្នាំ​២០១៥​នេះ ចំនួន​ភ្ញៀវទេសចរ​ដែល​ចូល​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​១.៦៧៧.៣៥២​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ កើនឡើង​ប្រមាណ ២,០៥​ភាគរយ​។ រីឯ​ប្រាក់ចំណូល​ដែល​បានមកពី​ការលក់​សំបុត្រ​ជូន​ភ្ញៀវទេសចរ​បរទេស ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០១៥ មាន​ចំនួន​៤៧.៦៨១.០៨០​ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ ០,៦២​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៤​។​
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សា​រា កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា​នេះ គឺ​បានឲ្យដឹង​ថា​សម្រាប់​ខែ​តុលា ចំនួន​ភ្ញៀវទេសចរ​ដែល​ចូល​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​១៥៣.៣០៨​នាក់ ធៀប​នឹង​ខែតុលា ឆ្នាំ​២០១៤ មាន​កំណើន​៤,០៩​ភាគរយ ។ ប្រាក់​ចំណូល​ដែល​បានមក​ពី​ការលក់​សំបុត្រ​ជូន​ជនបរទេស ចូល​ទស្សនា​អង្គរ ក្នុង​ខែ​តុលា ឆ្នាំ​២០១៥ មាន​ចំនួន ៤.៣៨១.០៤០​ដុល្លារ​អាម៉េរិក កើនឡើង​ប្រមាណ​៤,៥២​ភាគរយ ធៀប​នឹង​ខែតុលា ឆ្នាំ​២០១៤ ។​
​ម្យ៉ាង​ទៀត​អាជ្ញាធរ​ជាតិ​អប្សរា បានកំណត់​ម៉ោង​ចូល​ទស្សនា​ប្រាសាទ​នានា នៅ​រមណីយដ្ឋាន ប្រវត្តិសាស្ត្រ​អង្គរ ដល់​គ្រប់​ក្រសួង មន្ទីរ ស្ថាប័ន​ជាតិ​-​អន្តរជាតិ សមាគម​ទី​ភ្នាក់ងារទេសចរណ៍ សមាគម​មគ្គុទ្ទេសក៍ ទេសចរណ៍ មគ្គុទ្ទេសក៍​ទេសចរណ៍​សមាគម សណ្ឋាគារ ក្រុមហ៊ុន​ទេសចរណ៍ សមាគម​ដឹកជញ្ជូន​ភ្ញៀវទេសចរ អ្នក​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ និង​សាធារណ ជន​ទាំង​អស់ ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦​តទៅ​នឹង​មាន​ការកំណត់​ពេលវេលា ដើម្បី​សម្រួល ដល់​ការ​ទស្សនា ក៏ដូចជា​ធានា​សណ្តាប់ធ្នាប់ សុវត្ថិភាព​ប្រាសាទ​និង​ភ្ញៀវទេសចរ​។​
​អាជ្ញាធរ​ជាតិ​អប្សរា បាន​កំណត់​ពី​ពេលវេលា សម្រាប់​ការ​ចូល​ទស្សនា​ប្រាសាទ​នានា​ដូច​ខាង ក្រោម​៖ ភ្ញៀវ​អាច​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត និង​ស្រះស្រង់ ចាប់ពី​ម៉ោង ៥:០០​នាទី​ព្រឹក ដល់​ម៉ោង ៥:៣០​នាទី​ល្ងាច ,​ប្រាសាទភ្នំ​បាខែង និង​ប្រាសាទប្រែរូប ចាប់ពី​ម៉ោង ៥:០០​នាទី​ព្រឹក ដល់​ម៉ោង ៧:០០​នាទី​ល្ងាច និង​ប្រាសាទ​ផ្សេងទៀត ចាប់​បើក​ទស្សនា​ពី​ម៉ោង ៧:៣០​នាទី​ព្រឹក ដល់​ម៉ោង ៥:៣០​នាទី​ល្ងាច​៕​