ភ្នំពេញ ៖ ភាពខ្វះខាតផ្លូវសម្រាប់ធ្វើដំណើរ ក្នុងភូមិត្រូវបានប្រជាពលរដ្ឋលើកឡើង និងសំណូមពរឲ្យអាជ្ញាធរប្រញាប់ធ្វើការដោះស្រាយជូនពួកគាត់។
ក្នុងវេទិការសាធារណៈ ដែលរៀបចំឡើងដោយក្រុមប្រឹក្សារាជធានីភ្នំពេញ នៅក្នុងខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម សួន រិនឌី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាង ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកជំទាវ ម៉ក់ វណ្ណស៊ីថា អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីប្រជាពលរដ្ឋរាប់រយនាក់ផងដែរ។
អ្នកភូមិបានលើកឡើងថា ផ្លូវនៅក្នុងភូមិមានការពិបាកក្នុងការធ្វើដំណើរ ជាពិសេសតែងតែមានទឹកលិចខ្លាំងកន្លងមកគាត់បានធ្វើការស្នើសុំឲ្យមានការស្ថាបនា និងជួសជុលតែរហូតមកដល់ពេលនេះ មានរយៈពេល៣ឆ្នាំហើយនៅតែមិនមានការដោះស្រាយពីអាជ្ញាធរនៅឡើយ។
ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសន្យាថានឹងនាំយកសំណើររបស់ប្រជាពលរដ្ឋធ្វើការពិភាក្សាជាមួយនិងអាជ្ញាធរពាក់ព័ន្ធ ដើម្បីពិនិត្យតាមលទ្ធភាពដែល អាចធ្វើទៅបាន និងដាក់ជូនបន្តទៅសាលារាជធានីភ្នំពេញដើម្បីពិនិត្យ។
គួរបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលសាលារាជធានីភ្នំពេញ ចុះធ្វើយុទ្ធនាការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២ ដើម្បីចង់ដឹងពីកង្វល់របស់ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានជួបការលំបាក បន្ទាប់មកក្រុមប្រឹក្សា និងថ្នាក់ដឹកនាំថ្នាក់ជាតិ ដែលចុះពង្រឹងមូលដ្ឋាននឹងធ្វើការដោះស្រាយជូនដល់ប្រជាពលរដ្ឋ។ រហូតមកដល់ពេលនេះ យុទ្ធនាការវេទិកាសាធារណៈបានធ្វើរួចរាល់នូវខណ្ឌចំនួន៦ គឺខណ្ឌ៧មករា ទួលគោក ចំការមន មានជ័យ ឫស្សីកែវ និងខណ្ឌសែនសុខ ៕