Saturday, November 7, 2015

ប្តី​កាប់​ប្រពន្ធ មាន​ផ្ទៃពោះ​៨​ខែ ១៥​ថ្ងៃ ស្លាប់​ក្នុង​ថ្លុកឈាម

កំពង់ចាម ៖ មាន​ករណី​ជម្លោះ​ក្នុង​គ្រួសារ បណ្តាលឲ្យ​ប្តី​អគតិ​ដាច់ចិត្ត​លើកដៃយ​កពូ​ថៅ កាប់​ប្រហារ​ប្រពន្ធ ដែល​កំពុង​ផ្ទៃពោះ ៨​ខែ ១៥​ថ្ងៃ ដែល​រង់ចាំ​តែ​ថ្ងៃ​ប្រសូត្រ ស្លាប់​យ៉ាង​រន្ធត់ និង​វេទនា​បំផុត ក្នុង​ថ្លុកឈាម ចំណែក​ប្តី​ចិត្ត​ព្រៃផ្សៃ​នេះ ក្រោយពី​កាប់​ប្រហារ​ប្រពន្ធ​រួច ក៏​ទៅសំងំ​ចង​ក​សម្លាប់​ខ្លួន​បាន​សម្រេច​ផងដែរ​។​
​សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា ហេតុការណ៍​នេះ បាន​កើតឡើង នៅ​រសៀល​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្រោមផ្ទះ​ម្តាយ​របស់​ជនរងគ្រោះ នៅ​ភូមិ​ព្រែក​ពោធិ៍ លើ​ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​។​
​លោក ខេង ស្រេង អធិការ​ស្រុក​ស្រី​សន្ធរ បានឲ្យដឹងថា បុរស​ជា​ប្តី​ខាងលើ​មានឈ្មោះ ធឿន គឹមថេង អាយុ ៣១​ឆ្នាំ ចំណែក​ប្រពន្ធ​រងគ្រោះ ឈ្មោះ ស្រី ណុ​ច អាយុ ៣៨​ឆ្នាំ មាន​ផ្ទៃពោះ​៨​ខែ ១៥​ថ្ងៃ ហើយ​ត្រូវ​ប្តី​ទាញ​ពូថៅ​កាប់​ចំ​បំពង់ក បណ្តាលឲ្យ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែងកើតហេតុ​។ ក្រោយ​ធ្វើ​សកម្មភាព​កាប់សម្លាប់​ប្រពន្ធ​រួច បុរស​ជា​ប្តី​បាន​យក​ខ្សែ​អង្រឹង​ទៅ​ចងក បណ្តាលឲ្យ​ស្លាប់​ដូចគ្នា ។​
​លោក​អធិការ​បាន​បញ្ជាក់ថា មូលហេតុ​នាំឲ្យ​កើត​នូវ​អំពើហិង្សា​នេះ ដោយសារ​ជម្លោះ​ក្នុង​គ្រួសារ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់ថា ផ្តើមឡើង​ដោយសារ​មូលហេតុ​អ្វី​ឲ្យ​ពិត​ប្រក​ដ​នោះទេ ៕