ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ចេញសារព្រមានធ្ងន់ៗ ចំពោះមន្ត្រីនៅតាមមូលដ្ឋានដូចជា មេភូមិ មេឃុំ ចៅហ្វាយស្រុក ចៅហ្វាយខេត្ត ត្រូវបានចេះជួយមើល និងដោះស្រាយបញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋឲ្យបានល្អ បើពុំដូច្នេះនឹងគ្មានឱកាសបម្រើប្រជាពលរដ្ឋតទៅទៀតឡើយ នេះបើយោងតាមសារព្រមានរបស់ប្រមុខរាជរដ្ឋាភិបាល បង្ហាញនៅលើ Facebook ផ្លូវការរបស់សម្តេច។
ក្រៅពីការព្រមានដកតំណែងមន្ត្រីអសកម្មនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឲ្យប្រជាពលរដ្ឋដែលមានរឿងអយុត្តិធម៌ ត្រូវមន្ត្រីខិលខូចមួយចំនួន ធ្វើបាបមកលើប្រជាពលរដ្ឋស្លូតត្រង់ សូមឲ្យផ្ញើនូវព័ត៌មានផ្សេងៗទាំងរូបថត សម្លេង របាយការណ៍ មកកាន់ប្រអប់សំបុត្រ (Messenger) នៅក្នុង Facebook របស់សម្តេច នោះសម្តេចសន្យានឹងបន្តដោះស្រាយជូនប្រជាពលរដ្ឋ ដែលទទួលរងនូវភាពអយុត្តិធម៌។
សម្តេចបានអះអាងយ៉ាងច្បាស់ថា «មិនឲ្យប្រជាពលរដ្ឋខ្មែរ អស់សង្ឃឹមឡើយ ទាំងនៅក្នុងអាណត្តិដឹកនាំរាជរដ្ឋាភិបាលពេលនេះ ក៏ដូចជានៅឆ្នាំ ២០១៨ខាងមុខ»។
ប្រមុខរាជរដ្ឋាភិបាល បានបង្ហាញសារលើ Facebook យ៉ាងដូច្នេះថា៖ «ចាប់តាំងពីគេហទំព័រ Facebook Page សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបើកជាផ្លូវការ គឺប្រជាពលរដ្ឋ និងយុវជនបានធ្វើការទំនាក់ទំនង ទាំងនៅក្នុងទំព័រអត្ថបទប្រចាំថ្ងៃ (Daily posting page) ប្រអប់សំបុត្រ (Inbox) និងសាររឆ្លើយឆ្លងភ្លាមៗ (Messenger)។ នៅពេលនេះ គឺប្រជាពលរដ្ឋកាន់តែមានអារម្មណ៍ជិតស្និទ និងកក់ក្តៅជាមួយសម្តេចនាយករដ្ឋមន្ត្រី ដែលពួកគេអាចផ្ញើរនូវព័ត៌មានផ្សេងៗ រូបថត សម្លេង របាយការណ៍ ដែលមិនធ្លាប់បានដឹងឮពីមុន។ សម្តេច នឹងបន្តដោះស្រាយជូនប្រជាពលរដ្ឋ ចំពោះរឿងអយុត្តិធម៌ ដែលមន្ត្រីខិលខូចមួយចំនួន បានធ្វើមកលើប្រជាពលរដ្ឋស្លូតត្រង់»។
ទន្ទឹមនឹងនេះផងដែរ សូមមន្ត្រីដឹកនាំ តំណាងប្រជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច ជាពិសេសមន្ត្រីនៅតាមមូលដ្ឋានដូចជា មេភូមិ មេឃុំ ចៅហ្វាយស្រុក ចៅហ្វាយខេត្ត យកចិត្តទុកដាក់ជួយមើលនិងដោះស្រាយបញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋយើងឲ្យបានល្អ។ កុំភ្លេចឲ្យសោះ គឺត្រូវងូតទឹក ដុសក្អែល ឆ្លុះកញ្ជក់ ព្យាបាល មើលខ្លួនឯងឲ្យបានច្បាស់ បើពុំដូច្នោះទេឱកាសបម្រើប្រជាពលរដ្ឋ នឹងគ្មានតទៅទៀតឡើយ ៕